ប្រធានាធិបតីដែលត្រូវព្យាការណ៍ថាជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រកាសតែងតាំងលោក Ron Klain ដែលជាទីប្រឹក្សារបស់លោកយូរមកហើយនោះឱ្យធ្វើជានាយកខុទ្ទកាល័យសេតវិមានរបស់លោក។
លោក Klain ធ្លាប់បម្រើការជាប្រធានបុគ្គលិករបស់ បៃដិន ក្នុងរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) និងជាមន្ត្រីដែលលោក អូបាម៉ា បានតែងតាំងជាមន្ត្រីទទួលបន្ទុកឆ្លើយតបចំពោះការផ្ទុះរាតត្បាតនៃជំងឺអេបូឡា កាលពីឆ្នាំ ២០១៤ ។
លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា៖ «បទពិសោធន៍និងសមត្ថភាពដ៏ជ្រាលជ្រៅរបស់គាត់ ក្នុងការធ្វើការជាមួយអ្នកដទៃពីគ្រប់មជ្ឈដ្ឋាននយោបាយ គឺជាអ្វីដែលខ្ញុំត្រូវការ ឲ្យធ្វើជានាយកខុទ្ទកាល័យសេតវិមាន នៅពេលដែលយើងប្រឈមមុខនឹងវិបត្តិជំងឺកូវីដ១៩ ហើយនាំឲ្យប្រទេសរបស់យើងរួមគ្នាម្តងទៀត»។
លោក Klain បានហៅការតែងតាំងថ្មីនេះថាជា «កិត្តិយសប្រចាំជីវិត»។ លោក បៃដិន កំពុងបន្តជួបជាមួយទីប្រឹក្សាអន្តរកាលរបស់លោក នៅពេលដែលលោករៀបចំផែនការដឹកនាំរដ្ឋាភិបាលសម្រាប់ពេលដែលលោកត្រូវស្បថចូលកាន់តំណែង នៅថ្ងៃទី ២០ ខែមករា។
ក៏ប៉ុន្តែនៅពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មិនទាន់បានប្រកាសទទួលស្គាល់ថា លោកបានចាញ់លោក បៃដិន ក្នុងការបោះឆ្នោតកាលពីសប្តាហ៍មុននោះទេ ហើយលោកបានដាក់ពាក្យបណ្តឹងជាច្រើន ដើម្បីប្រឆាំងនឹងលទ្ធផលនៅក្នុងរដ្ឋដែលមានការប្រកួតប្រជែងខ្លាំងៗ។
ដោយមានភ័ស្តុតាងមិនច្បាស់លាស់រហូតមកដល់ពេលនេះ លោក Trump បានអះអាងថា ភាពមិនប្រក្រតីនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ធ្វើឱ្យលោកចាញ់ឆ្នោត។ លោក Trump កំពុងព្យាយាមកែប្រែជ័យជម្នះរបស់លោក បៃដិន និងទាមទារធ្វើប្រធានាធិបតីបួនឆ្នាំក្នុងអាណត្ដិទី ២៕