កាលពីថ្ងៃពុធម្សិលមិញ លោក Joe Biden ដែលត្រូវគេព្យាករណ៍ថាជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក បានជួបជាមួយទីប្រឹក្សានៃក្រុមរបស់លោកដែលទទួលបន្ទុកកិច្ចការផ្ទេរតំណែងប្រធានាធិបតី ស្របពេលដែលលោកបន្តរៀបចំផែនការដើម្បីគ្រប់គ្រងរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅពេលដែលលោកត្រូវរំពឹងថា នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាខាងមុខ។
លោក Biden បានតែងតាំងទីប្រឹក្សាជាច្រើនឲ្យពិនិត្យមើលកិច្ចប្រតិបត្តិការនៃទីភ្នាក់ងារនានានៅទូទាំងរដ្ឋាភិបាល។ លោកបាននិយាយកាលពីថ្ងៃអង្គារថា លោកអាចប្រកាសតែងតាំងបុគ្គលមួយចំនួនសម្រាប់មុខតំណែងសំខាន់ៗ មុនថ្ងៃបុណ្យឈប់សម្រាក «ទិវាថ្លែងអំណរគុណ (Thanksgiving)» ចូលមកដល់នៅថ្ងៃទី ២៦ ខែវិច្ឆិកាខាងមុខ។
លោកប្រធានាធិបតី Donald Trump មិនបានសុខចិត្តចុះចាញ់លោក Biden នៅក្នុងការបោះឆ្នោតនេះទេ ហើយបានដាក់ពាក្យបណ្តឹងមួយចំនួនដើម្បីជំទាស់ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំងសំខាន់ៗមួយចំនួន។
ដោយមិនមានភស្តុតាងគ្រប់គ្រាន់រហូតមកទល់នឹងពេលនេះ លោកប្រធានាធិបតី Trump បានអះអាងថា ភាពមិនប្រក្រតីនៃការបោះឆ្នោត និងភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោត បានធ្វើឲ្យលោកចាញ់ការបោះឆ្នោតនេះ។
ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ កន្លងមក ចៅក្រមបានច្រានចោលពាក្យបណ្តឹងទាំងអស់របស់លោក Trump ដោយនៅមានពាក្យបណ្តឹងបន្ថែមទៀតដែលនៅមិនទាន់ពិចារណានៅឡើយ។ អ្នកវិភាគការបោះឆ្នោតដែល VOA និងស្ថាប័នព័ត៌មានផ្សេងទៀតបានសម្ភាសន៍ បាននិយាយថា ពួកគេគិតថា ការប្រកាសជ័យជម្នះរបស់លោក Biden មិនអាចកែប្រែបាននោះទេ។
បើយោងតាមការរាប់សន្លឹកឆ្នោតក្រៅផ្លូវការ លោក Biden បានឈ្នះប្រតិភូច្រើនជាង ២៧០ ដែលជាសំឡេងភាគច្រើននៅក្នុងអង្គបោះឆ្នោត ដែលជាអ្នកកំណត់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
លោក Biden កំពុងនាំមុខនៅក្នុងការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋសំខាន់ៗចំនួន ២ ទៀត គឺរដ្ឋ Georgia និងរដ្ឋ Arizona ដែលនៅទីបំផុតអាចឲ្យលោកទទួលបានប្រតិភូចំនួន ៣០៦ នៃអង្គបោះឆ្នោតដែលមានប្រតិភូសរុបចំនួន ៥៣៨ នាក់៕