ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ចាត់​វិធានការ​មិន​បង្អង់​យូរ​សម្រាប់​ដំណើរការ​អន្តរកាល​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក


បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden ដែល​​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ជា​អ្នក​ឈ្នះ​​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ថ្លែងសុន្ទរកថានៅទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២០។
បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden ដែល​​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ជា​អ្នក​ឈ្នះ​​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ថ្លែងសុន្ទរកថានៅទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២០។

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden ដែលត្រូវ​បាន​គេ​ព្យាករណ៍​ថា​ជា​អ្នក​ឈ្នះការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ចាត់​វិធានការ​យ៉ាង​ឆាប់​រហ័ស​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដើម្បី​ចាប់ផ្តើម​រៀបចំ​ដឹកនាំ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក នៅពេល​ដែល​លោក​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ខាង​មុខ។

ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Biden និង​អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត​អ្នកស្រី Kamala Harris បាន​ចាប់ផ្តើម​បង្កើត​វិបសាយ​សម្រាប់​ដំណើរការ​អន្តរកាល​របស់​ពួកគេ​ឆ្ពោះ​ទៅ​ការ​កាន់​អំណាច ដោយ​បាន​បញ្ជាក់​ថា ពួកគេ​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ភ្លាមៗ​លើ​ការ​រាត​ត្បាត​ជំងឺ​កូវីដ១៩ ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ប្រកាន់​ជាតិសាសន៍​ជា​ប្រព័ន្ធ។

អ្នក​ទាំង​ពីរ​បាន​ប្រកាស​ថា៖ «យើង​កំពុង​ត្រៀម​ដឹកនាំ​នៅ​ថ្ងៃ​ទី​ ១ ដើម្បី​ធានា​ថា រដ្ឋបាល​របស់​យើង​អាច​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​បន្ទាន់​ដែល​យើង​ប្រឈម​ដូចជា ការ​ការពារ​និង​ការ​ថែរក្សា​សុខភាព​របស់​ប្រជាពលរដ្ឋ​របស់​យើង ការ​បន្ត​ឱកាស​របស់​យើង​ដើម្បី​ទទួល​បាន​ជោគជ័យ ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សមភាពជាតិសាសន៍ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​អាកាសធាតុ​ជាដើម»។

អ្នក​ទាំង​ពីរ​បាន​បន្ថែម​ថា៖ «យើង​រួបរួម​គ្នា​ជា​សហរដ្ឋ​អាមេរិក​តែមួយ។ យើង​នឹង​ងើបឡើង​កាន់តែ​ខ្លាំង​ជាង​ពេល​មុន»។

ទីប្រឹក្សា​របស់​អ្នក​ទាំង​ពីរ​បាន​និយាយ​ថា នៅ​ថ្ងៃ​ទី ១ ​នៃ​ការ​កាន់​តំណែង​របស់​លោក លោក Biden គ្រោង​បញ្ចូល​សហរដ្ឋ​អាមេរិក​ឡើង​វិញ​ទៅក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​អាកាសធាតុ និង​ក្នុង​អង្គការ​សុខភាព​ពិភពលោក ដែល​លោក Trump បាន​ដក​ចេញ។

លោក Biden ក៏​មាន​គម្រោង​លុបចោល​បម្រាម​លើការ​ធ្វើ​ដំណើរ​ស្ទើរតែ​ទាំងអស់​មក​ពី​ប្រទេស​មួយ​ចំនួន​ ដែល​មាន​ពលរដ្ឋ​ភាគ​ច្រើន​កាន់​សាសនា​ឥស្លាម​ផងដែរ ហើយ​នឹង​ដាក់​ឲ្យ​មាន​ឡើង​វិញ​នូវ​កម្មវិធី​ដែល​អនុញ្ញាតិ​ឲ្យ​យុវជន​ក្មេងៗ​ដែល​គេ​ហៅ​ថា «អ្នក​មាន​ក្ដី​សុបិន» ដែល​បាន​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​កាលពី​នៅ​កុមារ ឲ្យ​អាច​បន្ត​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន៕

XS
SM
MD
LG