ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កំពុងស្ថិតក្នុងទីក្រុងហែលស៊ិនគី ដើម្បីជួបជាមួយក្រុមមេដឹកនាំប្រទេសក្នុងតំបន់ Nordic និងសរសើរប្រទេសហ្វាំងឡង់ ចំពោះការចូលជាសមាជិកអង្គការអូតង់។
កាលវិភាគការងាររបស់លោក Biden រួមមានការជួបដាច់ដោយឡែកជាមួយប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto មុនជំនួបធំ ដែលរួមបញ្ចូលនាយករដ្ឋមន្ត្រីស៊ុយអែត លោក UlfKristersson នាយករដ្ឋមន្ត្រីន័រវែស លោក Jonas Gahr Store នាយករដ្ឋមន្ត្រីដាណឺម៉ាកអ្នកស្រីMette Frederiksen និងនាយករដ្ឋមន្ត្រីអ៊ីស្លង់ អ្នកស្រី Katrin Jakobsdottir។
របៀបវារៈសម្រាប់កិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-Nordic ត្រូវគេរំពឹងថានឹងបញ្ចូលការពិភាក្សាអំពីការប្រែប្រួលអាកាសធាតុ សហប្រតិបត្តិការសន្តិសុខនិងបច្ចេកវិទ្យាថ្មីៗ។
ប្រទេសហ្វាំងឡង់និងស៊ុយអែត បានស្នើចូលជាសមាជិកអង្គការអូតង់ ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំមុន។
សម្ព័ន្ធអូតង់ បានទទួលយកហ្វាំងឡង់ជាសមាជិកកាលពីខែមេសា តែសមាជិកភាពរបស់ស៊ុយអែតត្រូវបានបង្អាក់ដោយប្រទេសតួកគី ដោយសារការតវ៉ារបស់តួកគីថាស៊ុយអែត អត់ឱនជ្រុលដល់ក្រុមដែលរដ្ឋាភិបាលតួកគីចាត់ទុកថាជាអង្គការភេរវកម្ម។
ក្រោយការចរចាជាច្រើនដង និងការអនុម័តកំណែទម្រង់របស់ស៊ុយអែតដែលរួមបញ្ចូលច្បាប់ថ្មីស្តីពីការប្រឆាំងភេរវកម្មផង ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយក្នុងសប្តាហ៍នេះថាលោកនឹងទម្លាក់ចោលការជំទាស់របស់លោក ហើយនឹងផ្តល់អនុសាសន៍ដល់តំណាងរាស្ត្រតួកគី ឲ្យយល់ព្រមឲ្យស៊ុយអែតចូលជាសមាជិកអង្គការអូតង់។
ប្រទេសផ្សេងទៀតដែលចូលរួមក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃព្រហស្បតិ៍នេះ គឺសុទ្ធតែជាសមាជិកអូតង់ទាំងអស់។
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះ មានប្រភពពីទីភ្នាក់ងារសារព័ត៌មាន Agence France-Presse និង Reuters។