ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការជ្រើសរើស​លោកស្រី​ Harris ​ជាដៃគូ​ឈរឈ្មោះ​ប្រជែង​នាំឲ្យ​អ្នកខ្លះហូរ​ទឹកភ្នែក ​និងអ្នក​ខ្លះទៀតរិះគន់


រូបឯកសារ៖ សមាជិកព្រឹទ្ធសភាអាមេរិកលោកស្រី Kamala Harris ថ្លែងអំឡុងពេលសវនាការមួយ នៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ សមាជិកព្រឹទ្ធសភាអាមេរិកលោកស្រី Kamala Harris ថ្លែងអំឡុងពេលសវនាការមួយ នៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។

លោក ​ចូ បាយដិន (Joe Biden) ​បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​កាលពីថ្ងៃអង្គារ​បាន​ប្រកាសថា​ លោកស្រី​សមាជិក​ព្រឹទ្ធសភា ​ខាម៉ាឡា ហារីស (Kamala Harris) ​មកពីរដ្ឋកាលីហ្វ័ញ៉ា​ គឺជាដៃគូ​របស់​លោក​ឈរឈ្មោះ​ប្រជែង​សម្រាប់​ការបោះឆ្នោត​នៅថ្ងៃទី០៣ ខែ​វិច្ឆិកាខាងមុខ។

គេឃើញ​មានប្រតិកម្ម​ជាច្រើន​ដែល​បាន​កើតឡើង​ក្រោយពី​ការ​ជ្រើសរើស​នេះ។ ​លោក​បារ៉ាក់ អូបាម៉ាបាន​ថ្លែង​តាមសារ ​Twitter ថា៖

«ខ្ញុំបាន​ស្គាល់​លោកស្រី ​Kamala Harris ​ជាយូរមក​ហើយ។ ​លោកស្រី​មានលក្ខណ:​សម្បត្តិ​លើសការ​ត្រៀមទុក​សម្រាប់​មុខតំណែង​នេះ។ ​លោកស្រី​បានប្រើ​ប្រាស់​អាជីព​របស់​លោកស្រី​ដើម្បីការពារ​រដ្ឋធម្មនុញ្ញ​របស់យើង ​និង តស៊ូ​ជាមួយ​មនុស្ស​ដែល​ត្រូវការ​ជំនួយ​ពី​សហគមន៍។ ​នេះ​គឺជាថ្ងៃដ៏ល្អ​សម្រាប់​ប្រទេស​យើង។ ​ពេលនេះ​ចូរយើង​យក​ជ័យជម្នះ​ការបោះ​ឆ្នោត»។

លោកសមាជិក​ព្រឹទ្ធសភា ​Bernie Sanders ​មកពីរដ្ឋ​ Vermont ​ដែលជាគូ​ប្រជែង​របស់​លោក​បាយដិនម្នាក់​សម្រាប់​ការជ្រើសតាំងបេក្ខជន​ប្រធាននាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​បានថ្លែងថា៖

«សូម​អបអរ​សាទរ​ដល់លោកស្រី​ Kamala Harris ​ដែលបាន​បង្កើត​ប្រវត្តិសាស្ត្រជាអនុប្រធានាធិបតី​អាមេរិក​ខាងមុខ។ ​លោកស្រី​យល់​នូវអ្វី​ដែលត្រូវ​តវ៉ា​សម្រាប់​អ្នកធ្វើការ ​តវ៉ា​ឲ្យមានការ​ធានា​រ៉ាប់រង​សុខភាព​ដល់មនុស្ស​ទាំងអស់​នឹងប្រឆាំង​ជាមួយ​រដ្ឋបាល​ពុករលួយ​ជាងគេបំផុតក្នុង​ប្រវត្តិសាស្ត្រ»។

លោកស្រី​តំណាង​រាស្ត្រ​មកពី​រដ្ឋតិចសាស់​ សីឡា ​ចែកសិន លី ​( Sheila Jackson Lee)​ បាន​ថ្លែងថាតាមសារ ​Twitter ថា៖ ​«ខ្ញុំហូរទឹក​ភ្នែក​ តែរីករាយ​ក្នុងចិត្ត។ ​ខ្ញុំរំភើប​ខ្លាំងណាស់​ ដោយសារ​ខ្ញុំដឹង​ថា ស្រ្តីនៅ​ទូទាំង​ប្រទេស ​ស្ត្រីមិន​មែន​ស្បែកស ​គឺស្ត្រី​ស្បែកខ្មៅ ​នៅទីបំផុត​អាចឃើញ​សមភាព​របស់​ពួកគេ​ក្នុងប្រទេស»។

សមាជិក​ព្រឹទ្ធសភា​ខាងគណបក្ស​សាធារណរដ្ឋនៃ​រដ្ឋ​ Arkansas ​លោក ​Tom Cotton ​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍មួយ​ថា៖ «ក្នុង​ការ​ជ្រើស​រើស​យក​លោកស្រី Kamala Harris នេះ ក្រុម​ការងារ​របស់​លោក​ ចូ បាយដិន ​បាន​បង្ហាញ​ឲ្យឃើញ​ថា​ រដ្ឋបាល​លោក ​បាយដិន នឹង​និយមជ្រុល ​ហើយ​នឹង​គ្មាន​សមត្ថភាព»៕

XS
SM
MD
LG