ការចែកចាយវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Moderna នៅសហរដ្ឋអាមេរិក បានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយមណ្ឌលចំនួនជាង ៣.៧០០ កន្លែង ត្រូវបានគេគ្រោងទុកថានឹងទទួលបានវ៉ាក់សាំងនេះ ហើយនឹងចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងនៅថ្ងៃចន្ទស្អែក។
ស្របពេលដែលសហរដ្ឋអាមេរិកកំពុងប្រឈមនឹងអត្រាឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩ ខ្ពស់មិនធ្លាប់មានពីមុនមក ក្រុមហ៊ុន Moderna បានដឹកជញ្ជូនវ៉ាក់សាំងកូវីដ១៩ ពីរោងចក្រផលិតកម្មរបស់ខ្លួនទៅកាន់ឃ្លាំងនានាដែលប្រតិបត្តិការដោយក្រុមហ៊ុនចែកចាយ McKesson Corp។
កាលពីថ្ងៃសៅរ៍ វ៉ាក់សាំងនេះត្រូវបានគេវេចខ្ចប់ដាក់ក្នុងប្រអប់ និងបញ្ជូនចូលរថយន្តដឹកទំនិញ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ Gustave Perna នៃយោធាសហរដ្ឋអាមេរិក នៅក្នុងសន្និសីទកាសែតមួយ។
លោក Perna បាននិយាយថា រថយន្តដឹកវ៉ាក់សាំងទាំងនោះនឹងចាប់ផ្ដើមចេញដំណើរនៅថ្ងៃអាទិត្យនេះ ហើយការចែកចាយនឹងបានទៅដល់មន្ទីរពេទ្យនានាលឿនបំផុតនៅថ្ងៃចន្ទស្អែក។
ការដឹកជញ្ជូនវ៉ាក់សាំងទាំងនេះនឹងមានការការពារពីមន្ត្រីសន្តិសុខ ហើយនឹងផ្ទុកនៅក្នុងទូទឹកកកដែលមានចាក់សោត្រឹមត្រូវ។ ក្រុមពលរដ្ឋដែលប្រឈមនឹងហានិភ័យខ្ពស់ ដូចជាមនុស្សវ័យចំណាស់នៅមណ្ឌលចាស់ជរា និងបុគ្គលិកសុខាភិបាល នឹងទទួលបានការចាក់វ៉ាក់សាំងនេះមុនគេ។
កាលពីថ្ងៃសុក្រ ទីភ្នាក់ងារម្ហូបអាហារនិងឱសថរបស់សហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យមានការប្រើក្នុងគ្រាបន្ទាន់នូវវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Moderna នេះ។ នេះគឺជាវ៉ាក់សាំងលើកទី ២ ហើយ ដែលទីភ្នាក់ងារនេះបានអនុញ្ញាតឲ្យប្រើ។
វ៉ាក់សាំងកូវីដ១៩ លើកទីមួយ ដែលទីភ្នាក់ងារនេះបានអនុញ្ញាត គឺវ៉ាក់សាំងដែលផលិតរួមគ្នាដោយក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech ដែលត្រូវបានអនុញ្ញាតឲ្យប្រើកាលពីថ្ងៃទី ១១ ខែធ្នូកន្លងទៅនេះ៕