ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden មាន​ទំនុកចិត្ត​ថា​ឈ្នះ​ការ​បោះឆ្នោត​ស្រប​ពេល​ដែល​លោក​នាំ​មុខ​ក្នុង​រដ្ឋ​ Pennsylvania ជាង២ម៉ឺន​សំឡេង​


លោក Joe Biden បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ (ស្តាំ) ថ្លែង​សុន្ទរកថា​​​នៅ​ក្រុង Wilmington រដ្ឋ Delaware កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ខណៈ​បេក្ខជន​អនុប្រធានាធិបតី​អ្នកស្រី Kamala Harris ឈរ​នៅ​ក្បែរ​នោះ។
លោក Joe Biden បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ (ស្តាំ) ថ្លែង​សុន្ទរកថា​​​នៅ​ក្រុង Wilmington រដ្ឋ Delaware កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ខណៈ​បេក្ខជន​អនុប្រធានាធិបតី​អ្នកស្រី Kamala Harris ឈរ​នៅ​ក្បែរ​នោះ។

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden បាន​នាំ​មុខ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump នៅ​ក្នុង​រដ្ឋ​ Pennsylvania​ ពី​៥.០០០​សំឡេង​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ដល់ ២៩.០០០សំឡេង​នៅ​យប់​ថ្ងៃសុក្រ​ហើយ​ចំនួន​នេះត្រូវបានគេរំពឹង​ថា​នឹង​កើន​ឡើង​ស្រប​ពេល​ដែល​សន្លឹកឆ្នោត​នៅ​សល់​កំពុង​ត្រូវ​បាន​គេ​បន្ដ​រាប់។

ជ័យជម្នះ​នៅក្នុង​រដ្ឋ​សំខាន់​នេះ​នឹង​ធ្វើ​ឲ្យ​លោក Biden ទទួល​បាន​ចំនួន​អង្គបោះឆ្នោតលើស​ពី​ចំនួនកំណត់ ២៧០ ដែល​ត្រូវការ​ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​ប្រជែង​យក​តំណែង​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​នេះ។​

លោក​Biden ក៏​កំពុង​នាំ​មុខ​ក្នុង​រដ្ឋ​Georgia ជាង ៤.០០០​សំឡេង​ផង​ដែរ និង​បន្ត​នំាមុខ​ច្រើន​នៅ​ក្នុង​រដ្ឋ​Arizona និង​រដ្ឋ​Nevada ទោះបី​ជា​លទ្ធផល​ចុង​ក្រោយ​នៅ​ក្នុងរដ្ឋ​ទាំង​នេះ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ថា​បេក្ខជន​ណា​នឹង​អាច​ឈ្នះ​នៅ​ឡើយ​ក៏​ដោយ។

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ ស្រប​ពេល​ដែល​លោក​ Biden ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​ឈ្នះ​នៅ​ក្នុង​រដ្ឋ​ Pennsylvania លោក​បាន​និយាយថា៖ «យើង​មិន​ទាន់​ទទួល​បានការ​ប្រកាសជ័យ​ជម្នះ​ចុង​ក្រោយ​នៅ​ឡើយទេ ប៉ុន្តែ​តួលេខ​ចុងក្រោយ​ប្រាប់​យើង​ពី​រឿង​មួយ​យ៉ាងច្បាស់​និង​ទុកចិត្ត​បាន​ថា យើង​នឹង​ឈ្នះ​ការ​បោះឆ្នោត​នេះ»។

ប្រសិន​បើ​លោក Biden ឈ្នះក្នុងរដ្ឋ ​Pennsylvania មែន នោះ​ចំនួន​អង្គបោះឆ្នោត​របស់​លោក​នឹង​កើន​ដល់​២៧៣​ លើស​លោក​ Trump ដែល​ឈ្នះ​បាន​សរុប​ចំនួន ២១៤ អង្គបោះឆ្នោត​ក្នុង​ពេល​នេះ។

នៅ​ក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដោយ​ប្រយោល​របស់​សហរដ្ឋអាមេរិក​នេះ ចំនួន​សន្លឹក​ឆ្នោតសរុប​ត្រូវ​បាន​ប្រើ​ដើម្បី​កំណត់​ចំនួន​អង្គបោះឆ្នោត​ក្នុង​រដ្ឋ​នីមួយៗ ដោយ​ផ្អែក​លើ​ចំនួន​ប្រជាជន​នៅ​ក្នុង​រដ្ឋ​នោះ។

ជ័យជម្នះ​របស់​លោក ​Biden នៅ​ក្នុង​រដ្ឋ​Pennsylvania នឹង​រារាំង​លោក​Trump មិន​ឲ្យ​ទទួល​បាន​ជ័យជម្នះ​ទេ។

លោក Trump កំពុង​នាំ​មុខ​នៅ​ក្នុងរដ្ឋ North Carolina និងរដ្ឋ​ Alaska ដែល​មិន​ទាន់​រាប់​សន្លឹក​ឆ្នោត​ចប់​នៅ​ឡើយ។ បើ​មិន​បានជ័យ​ជម្នះ​ក្នុងរដ្ឋ Pennsylvania ទេ លោក​ Trump មិន​អាច​យក​ឈ្នះ​លោក Biden បាន​ទេ​បើ​ជា​ទោះ​លោក​ឈ្នះ​ក្នុងរដ្ឋ​ផ្សេងៗ​ទៀត​ដែល​មិនទាន់​ប្រកាស​លទ្ធផល​ក៏ដោយ៕

XS
SM
MD
LG