ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​ប្រកាស​វិធានការ​បណ្តោះអាសន្ន​សម្រាប់​បញ្ជូន​ជំនួយ​ចូល​តំបន់​ហ្កាហ្សា​


រូបភាពថតពីព្រំដែនភាគខាងត្បូងរបស់អ៊ីស្រាអែលជាមួយតំបន់ហ្គាហ្សា បង្ហាញពីយន្តហោះយោធាទម្លាក់ឆ័ត្រយោងជំនួយមនុស្សធម៌លើទឹកដីប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ចំពេលមានជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់។
រូបភាពថតពីព្រំដែនភាគខាងត្បូងរបស់អ៊ីស្រាអែលជាមួយតំបន់ហ្គាហ្សា បង្ហាញពីយន្តហោះយោធាទម្លាក់ឆ័ត្រយោងជំនួយមនុស្សធម៌លើទឹកដីប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ចំពេលមានជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់។

អ៊ីស្រាអែលបាន​ប្រកាសនៅ​ថ្ងៃ​សុក្រ​នេះ នូវវិធានការ​បណ្តោះអាសន្ន ដើម្បី​សម្រួល​ដល់​ការផ្តល់​ជំនួយ​មនុស្សធម៌​ទៅ​ក្នុង​តំបន់​ហ្កាហ្សា​តាមរយៈ​ព្រំដែនភាគខាង​ជើង​អ៊ីស្រាអែល។​ ​

វិធានការ​បណ្តោះអាសន្ន​នេះ​រួម​មាន​ការ​បើក​ឡើង​វិញនូវ​ច្រក​ឆ្លងកាត់ Erez ​និង​ការប្រើប្រាស់​កំពង់ផែ​ Ashdod​ របស់​អ៊ីស្រាអែល​ផង​ដែរ។ ច្រក​ឆ្លងកាត់​ Erez ជាច្រក​ផ្លូវ​តែ​មួយ​គត់​ ដែល​មនុស្ស​អាច​ធ្វើ​ដំណើរ​ចូល​ចេញ​តំបន់​ហ្កាហ្សា។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​ការ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​កាន់​តំបន់​ហ្កាហ្សា នឹង​ត្រូវ​ដំណើរការតាម​រយៈកំពង់ផែ Ashdod របស់​អ៊ីស្រាអែល។ ​ការ​ដឹកជញ្ជូនជំនួយ​របស់​ហ្ស៊កដានីក៏នឹង​ត្រូវ​ធ្វើ​ឡើង​តាម​ច្រក​កំពង់​ផែ​នេះ​ផង​ដែរ។

ការិយាល័យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​ថា​ ​«ការ​បង្កើនជំនួយ​នេះនឹងរារាំង​វិបត្តិមនុស្សធម៌​ និង​ជា​ការចាំបាច់​ក្នុង​ការធានា​ការ​បន្តប្រយុទ្ធរបស់​អ៊ីស្រាអែល​ដើម្បី​សម្រេចគោលដៅ​នៃសង្គ្រាមនេះ»។

ការប្រកាស​បើកច្រកចេញចូល​បណ្តោះអាសន្នរបស់​អ៊ីស្រាអែល​នេះ​ កើត​ឡើង​បន្ទាប់​ពីមាន​ការពិភាក្សា​គ្នា​ដ៏​តឹងតែង​មួយ​តាមទូរសព្ទ​រវាងនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​Netanyahu និង​ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden។ ​

លោកBiden បាន​ប្រាប់នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Netanyahu ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ការ​បន្ត​ការ​គាំទ្រ​របស់​អាមេរិក​លើ​សង្គ្រាម​របស់​អ៊ីស្រាអែល​ប្រឆាំង​នឹង​ក្រុមហាម៉ាស់​ នឹង​ពឹងផ្អែក​ទៅលើ​ថា​តើ​អ៊ីស្រាអែល​នឹង​ដាក់​ចេញ​នូវ​វិធានការថ្មីៗ​អ្វីខ្លះ​ ដើម្បី​ការពារ​ពលរដ្ឋ​ស៊ីវិល​ប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្កាហ្សា និង​បុគ្គលិកមនុស្សធម៌​ដែល​ផ្តល់​ជំនួយ​ស្បៀងអាហារ​ដល់​ពួក​គេនោះ។

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​កងកម្លាំង​អ៊ីស្រាអែលវាយប្រហារតាម​អាកាស ដោយ​សម្លាប់​បុគ្គលិកផ្តល់ជំនួយ​អន្តរជាតិ​ចំនួន៧​នាក់​មក​ សេតវិមាន​និយាយ​ថា​ លោក Biden បាន​សង្កត់ធ្ងន់ជាមួយ​មេដឹកនាំ​អ៊ីស្រាអែលក្នុង​ការពិភាក្សា​តាម​ទូរសព្ទ​ថា​ «ការ​វាយប្រហារលើបុគ្គលិក​ផ្តល់​ជំនួយ និង​ស្ថានភាព​មនុស្សធម៌​ជា​ទូទៅមិន​អាច​ទទួល​យក​បាន​ឡើយ»។ ​

សេតវិមាន​និយាយ​ថា​ លោក Biden បាន​ទាមទារ​ឱ្យ​មានវិធានការថ្មីដើម្បី​ការពារ​ជនស៊ីវិល​ និងបង្កើត​ឱ្យ​មានបទឈប់បាញ់​ជា​បន្ទាន់​មួយ​ នៅ​ក្នុង​ជម្លោះ​ដែល​មាន​រយៈពេល​ជិត​៦​ខែ​មក​នេះ។​

ក្នុង​ទីក្រុង​ព្រុចសែល​ ប្រទេស​បែលហ្ស៊ិក​ឯណោះ​វិញ​ ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​ លោក Antony Blinken បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ «បើ​យើង​មិន​ឃើញ​មាន​ការ​ផ្លាស់ប្តូរ​ ដែល​យើង​ចង់​ឃើញ​ទេនោះ វានឹង​មាន​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​គោល​នយោបាយ​របស់​យើង»។ ​

គេ​នៅ​មិន​ទាន់​ឃើញ​មាន​អត្ថាធិប្បាយ​ជា​សាធារណៈ​ពី​អ៊ីស្រាអែល​ លើ​ការ​ទាមទារ​របស់​អាមេរិកនៅ​ឡើយ​ទេ៕​

ព័ត៌មាន​មួយ​ចំនួន​នៃ​សេចក្តី​រាយការណ៍​នេះ​ ត្រូវ​បាន​ស្រង់​ចេញ​ពី​ទីភ្នាក់ងារសារព័ត៌មានThe Associated Press ទីភ្នាក់ងារ​សារព័ត៌មាន​Reuters និង​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Agence France-Presse។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG