ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង​និង​អ៊ីតាលី ជម្លៀស​ពលរដ្ឋ​ចេញ​ពី​នីហ្សេ​


ពលរដ្ឋ​បារាំង​និង​ពលរដ្ឋ​អឺរ៉ុប​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​នីហ្សេ បាន​មក​ដល់​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​ទី ២ ខែ​សីហា ឆ្នាំ​២០២៣។
ពលរដ្ឋ​បារាំង​និង​ពលរដ្ឋ​អឺរ៉ុប​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​នីហ្សេ បាន​មក​ដល់​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​ទី ២ ខែ​សីហា ឆ្នាំ​២០២៣។

មេដឹកនាំ​យោធា​ពី​ប្លុក​ប្រទេស​១៥​ក្នុង​បណ្តា​រដ្ឋ​នៅ​អាហ្វ្រិក​ខាងលិច ហៅ​កាត់​ថា ​ECOWAS គ្រោង​នឹង​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ ក្នុង​រដ្ឋធានី អាប៊ូហ្សា ប្រទេស​នីហ្សេរីយ៉ា អំពី​រដ្ឋប្រហារ​ក្នុង​ប្រទេស​នីហ្សេ​កាល​ពី​សប្តាហ៍​មុន ខណៈ​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប ខ្នះខ្នែង​ជម្លៀស​ពលរដ្ឋ​របស់​ពួកគេ​ចេញពី​ប្រទេស​នីហ្សេ។

សហគមន៍​ ECOWAS បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ​ថា​គណៈកម្មការ​ប្រមុខ​ការពារ​ជាតិ​នឹង​ពិភាក្សា​«ស្ថានការណ៍​នយោបាយ​នៅ​សាធារណរដ្ឋ​នីហ្សេ» ក្នុង​កិច្ច​ប្រជុំ​របស់​ពួកគេ​រហូត​ដល់​ថ្ងៃ​សុក្រ។

ប្រតិភូ​របស់​ ECOWAS ​គ្រោង​នឹង​ទៅ​ដល់​រដ្ឋធានី​របស់​នីហ្សេ​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​ពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​រដ្ឋប្រហារ។​

ប្រទេស​បារាំង​ គ្រោង​នឹង​បន្ត​ដំណើរការ​ជើង​យន្តហោះ​ជម្លៀស​នៅ​ថ្ងៃ​ពុធ​នេះ ក្រោយ​ពី​ជើង​យន្តហោះ​ដំបូង​បាន​ចុះចត​ក្នុង​ទី​ក្រុង​ប៉ារីស​នៅ​ព្រឹក​ថ្ងៃ​ពុធ។

ក្រសួង​ការបរទេស​បារាំង ​បាន​និយាយ​ថា​មនុស្ស​ជាង​៣៥០​នាក់ ស្ថិត​នៅ​ក្នុង​ជើង​ហោះហើរ​ដំបូង​ហើយ​ ភាគច្រើន​ជា​ពលរដ្ឋ​បារាំង។ ក្រសួង​ការបរទេស​បារាំង បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា​អ្នកដំណើរ​ទាំង​នោះ​រួម​មាន​ពលរដ្ឋ​នីហ្សេ ព័រទុយហ្គាល់ បែលហ្សិក អេត្យូពី ​លីបង់​ អាល្លឺម៉ង់ កាណាដា ​ឥណ្ឌា ​អូស្ត្រាលី​និង​សហរដ្ឋ​អាមេរិក​។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីតាលី លោក Antonio Tajani បាន​ចែកចាយ​រូបថត​យន្តហោះ​កងទ័ព​អាកាស​អ៊ីតាលី​មួយ​ដែល​លោក​និយាយ​ថា​បាន​ចុះ​ចត​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយ​មាន​ពលរដ្ឋ​អ៊ីតាលី​ដែល​បាន​ចាកចេញ​ពី​នីហ្សេ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​និយាយ​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អង្គារ​ជាមួយ​ប្រធានាធិបតី​នីហ្សេ ​លោក Mohamed ​Bazoum ​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង​ដោយ​ក្រុម​យោធា។

លោក Blinken បាន​សម្តែង​«ការ​គាំទ្រ​ឥតងាករេ»​ចំពោះ​លោក Bazoum និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​នីហ្សេ។ នេះ​បើ​យោង​តាម​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

ព័ត៌មាន​ខ្លះក្នុង​សេចក្តីរាយការណ៍​នេះ មាន​ប្រភព​ពី​ទីភ្នាក់ងារ​សារព័ត៌មាន The Associated Press, Agence France-Presse និង Reuters។

XS
SM
MD
LG