លោកប្រធានាធិបតី Joe Biden នឹងជួបជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani និងលោក Abdullah Abdullah ប្រធានផ្នែករក្សាសន្តិភាពនៅឯសេតវិមាន នៅថ្ងៃសុក្រនេះ។
ការជួបទល់មុខគ្នារវាងលោកប្រធានាធិបតី Biden និងក្រុមមន្ត្រីអាហ្វហ្គានីស្ថានកើតមានឡើងមុនការដកកងទ័ពសហរដ្ឋអាមេរិកនិងអង្គការអូតង់ចេញពីអាហ្វហ្គានីស្ថានត្រឹមថ្ងៃទី១១ខែកញ្ញា ស្របទៅតាមបទបញ្ជារបស់លោកBidenឲ្យបញ្ចប់អ្វីដែលលោកបានពណ៌នាថា«សង្គ្រាមជារៀងរហូត»។
អ្នកស្រី Jen Psaki លេខាព័ត៌មានសេតវិមានបាននិយាយនៅដើមសប្តាហ៍នេះថាលោក Bidenរីករាយនឹងស្វាគមន៍មេដឹកនាំអាហ្វហ្គានីស្ថានហើយនឹងបញ្ជាក់ឡើងវិញពីការគាំទ្រខាងការទូតសេដ្ឋកិច្ចនិងមនុស្សធម៌របស់សហរដ្ឋអាមេរិកដល់ប្រទេសដែលហែកហួរដោយសង្គ្រាមនេះ។
លោក Ghani និងលោក Abdullah បានអញ្ជើញមកដល់រដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ហើយបានជួបជាមួយមេដឹកនាំព្រឹទ្ធសភាគឺលោក Chuck Schumer និងលោក Mitch McConnell។
អ្នកស្រី Psaki បាននិយាយទៀតថា ទស្សនកិច្ចរបស់លោកប្រធានាធិបតីGhaniនិងលោកវេជ្ជបណ្ឌិត Abdullah នឹងសង្កត់ធ្ងន់ពីភាពជាដៃគូដ៏រឹងមាំរវាងសហរដ្ឋអាមេរិកនិងអាហ្វហ្គានីស្ថាននៅពេលយោធាបន្តដកចេញ។
អ្នកជំនួយការរបស់លោក Ghani បាននិយាយថាលោកនឹងលើកពីចំណងទាក់ទងនៅថ្ងៃអនាគតរវាងប្រទេសទាំង២និងការបន្តជួយកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។
ការដកកងទ័ពបរទេសដែលចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១ខែឧសភា បាននាំឲ្យមានការប្រយុទ្ធកាន់តែខ្លាំងឡើងដែលមិនធ្លាប់មានពីមុនមករវាងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននិងក្រុមបះបោរតាលីបង់ដែលប៉ះពាល់ដល់ការចរចាសន្តិភាពយឺតយ៉ាវរវាងភាគីច្បាំងគ្នារបស់អាហ្វហ្គានីស្ថានសម្របសម្រួលដោយសហរដ្ឋអាមេរិក៕