ក្រុមឧទ្ទាមតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថានបានស្នើដល់ពលរដ្ឋអាហ្វហ្គានីស្ថានដែលធ្លាប់បម្រើការងារក្នុងពេលកន្លងមកឲ្យកងកម្លាំងយោធារបស់អង្គការអូតង់ និងសហរដ្ឋអាមេរិកដែលនឹងត្រូវចាកចេញពីប្រទេសអាហ្វហ្គានីស្ថានក្នុងពេលឆាប់ៗនេះ មិនត្រូវចាកចេញពីប្រទេសរបស់ខ្លួន ដោយសារតែការភ័យខ្លាចពីការសងសឹករបស់ក្រុមតាលីបង់នោះទេ។
ការសន្យារបស់ក្រុមឧទ្ទាមតាលីបង់កាលពីថ្ងៃចន្ទម្សិលមិញ ត្រូវបានធ្វើឡើងស្របពេលដែលអ្នកបម្រើការងារជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលភាគច្រើនជាអ្នកបកប្រែ ឲ្យកងកម្លាំងសហរដ្ឋអាមេរិក និងកងសម្ព័ន្ធមិត្តអាមេរិកនោះ បានបារម្ភចំពោះការសងសឹករបស់ក្រុមតាលីបង់ហើយកំពុងនាំគ្នាសម្រុកទៅសុំទិដ្ឋាការឬវីហ្សាទៅកាន់សហរដ្ឋអាមេរិក។
ក្រុមឧទ្ទាមតាលីបង់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្ញើទៅកាន់ក្រុមអ្នកកាសែតនិងបានបង្ហោះលើគេហទំព័រផ្លូវការរបស់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញថា «ក្រុមតាលីបង់នឹងមិនធ្វើបាបឬរំខានដល់ពួកគេនោះឡើយ ប៉ុន្តែស្នើសុំឲ្យពួកគេត្រឡប់ទៅរកជីវភាពធម្មតាឡើងវិញ ហើយប្រសិនបើពួកគេមានជំនាញនៅក្នុងវិស័យណាមួយជាពិសេសនោះ ពួកគេអាចចូលរួមបម្រើប្រទេសជាតិបាន។ ពួកគេនឹងមិនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដោយសារយើងនោះទេ»។
សហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនត្រូវគេរំពឹងថា នឹងដកកងទ័ពរបស់ខ្លួនដែលនៅសេសសល់ទាំងអស់ចេញពីប្រទេសអាហ្វហ្គានីស្ថាននៅត្រឹមថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចនូវកិច្ចព្រមព្រៀងមួយ ជាមួយក្រុមតាលីបង់កាលពីខែកុម្ភៈ ឆ្នាំ២០២០ដើម្បីបញ្ចប់នូវអ្វីដែលជាសង្គ្រាមដ៏យូរបំផុតមួយនៅក្នុងប្រវតិ្តសាស្ត្រអាមេរិក។
ពលរដ្ឋអាហ្វហ្គានីស្ថានដែលត្រូវបានគេប៉ាន់ស្មានថាមានចំនួនប្រមាណ១៨.០០០នាក់ កំពុងរង់ចាំដំណឹងនៃការដាក់ពាក្យសុំយកទិដ្ឋាការអន្តោប្រវេសន៍ពិសេសដើម្បីចេញទៅរស់នៅសហរដ្ឋអាមេរិក ស្របពេលដែលមានការបារម្ភថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden មិនអាចដំណើរការពាក្យសុំរបស់គេបានទាន់ពេលវេលានោះទេ។ លោកBidenបានទទួលរងនូវសម្ពាធដើម្បីធ្វើការងារនេះឲ្យបានលឿនដើម្បីជួយពលរដ្ឋអាហ្វហ្គានីស្ថាន ដែលបានប្រថុយជីវិតរបស់ពួកគេ ក្នុងការបម្រើកងយោធាអាមេរិកក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងពេលកន្លងមកនោះ៕