លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកាលពីថ្ងៃអាទិត្យ ព្រមានពីគ្រោះថ្នាក់សង្គមដែលអាចកើតមាន នៅពេលដែលប្រជាពលរដ្ឋស្តាប់ព័ត៌មានតែម្ខាង ស្របពេលដែលអ្នកជំនាញផ្នែកសារព័ត៌មានលើកឡើងថា ការមិនទទួលយកព័ត៌មានពីគ្រប់បញ្ហានឹងធ្វើឲ្យសង្គមកម្ពុជាប្រឈមនឹងភាពប្រេះឆា។
លោក ខៀវ កាញារីទ្ធ ថ្លែងបែបនេះក្នុងវេទិកាប្រចាំឆ្នាំដែលរៀបចំដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ស្តីពីការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកសារព័ត៌មានវិជ្ជាជីវៈ ពលរដ្ឋអ្នកសារព័ត៌មាន និងនិស្សិតសារព័ត៌មាន នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយដើរតួសំខាន់ មិនអាចខ្វះបានក្នុងការផ្តល់ព័ត៌មានឲ្យប្រជាពលរដ្ឋ។ លោកបន្តថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅកម្ពុជាមានច្រើន ប៉ុន្តែប្រជាពលរដ្ឋស្តាប់ និងទទួលយកតែព័ត៌មានដែលផ្សព្វផ្សាយពីបុគ្គល ឬក្រុមមនុស្សដែលពួកគេគាំទ្រ ជាហេតុធ្វើឲ្យការគិតរបស់ពួកគេគ្មានភាពរីកចម្រើន និងគួរឲ្យព្រួយបារម្ភ។
លោកបញ្ជាក់ថា៖ «អានេះហើយដែលធ្វើឲ្យការយល់ដឹងរបស់មនុស្សអត់បានរីកចម្រើនទេ វាឃាំងៗៗ វាដាច់ៗ ជាបន្ទប់ៗរៀងខ្លួនទៅវិញ។ វាមិនបានពង្រីកចំណេះដឹងជាសកល។ ដូច្នេះហើយបានជាអ្នកបច្ចេកទេស អ្នកជំនាញខាងសារព័ត៌មាននេះ យើងកំពុងពិចារណា តើវាជះឥទ្ធិពលអីខ្លះដល់សង្គមរបស់យើង ដល់ការត្រិះរិះរបស់មនុស្សរបស់យើង។ នេះជាការសំខាន់ណាស់ដែលយើងត្រូវពិចារណា ហើយត្រូវគិតគូ ហើយនេះជាការសាបព្រួសនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផង ទាក់ទិនដល់សង្គមវិទ្យាផង ទាក់ទិនដល់ផ្នត់គំនិតមនុស្សផង»។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ប្រាប់ VOA ថា ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមានគ្រប់ផ្នែក និងគ្រប់និន្នាការនយោបាយ ដែលធ្វើឲ្យប្រជាពលរដ្ឋបង្ហាញការគាំទ្រទៅតាមការយល់ឃើញរបស់ពួកគេ ដោយខ្លះគាំទ្រក្រុមតែម្ខាង ជាហេតុធ្វើឲ្យពួកគេទទួលបានព័ត៌មានតែមួយផ្នែក និងមិនព្រមទទួលយកនូវព័ត៌មានផ្សេងក្រៅតែពីអ្វីដែលពួកគេចូលចិត្ត។ លោកបន្ថែមថា ការមិនព្រមទទួលយកព័ត៌មានពីគ្រប់ប្រព័ន្ធផ្សព្វផ្សាយនឹងធ្វើឲ្យកម្ពុជាប្រឈមនឹងការបែកបាក់ក្នុងសង្គម។
លោកមានប្រសាសន៍ថា៖ «តាមយើងសង្កេតឃើញរាល់ថ្ងៃហ្នឹង តាមបណ្តាញសារព័ត៌មានក្តី តាមបណ្តាញសង្គមក្តី ឬភាពជាក់ស្តែងក្តីហ្នឹង យើងឃើញមានភាពជ្រុលនិយមខ្លាំងក្នុងស្រុកខ្មែរយើង ដូចអ្នកដែលជឿជាក់លើអ្វីមួយហ្នឹង ទៅលើគណបក្សនយោបាយហ្នឹងដូចជាចាត់ទុកគ្នាជាសត្រូវ។ ដូច្នេះអាហ្នឹងហើយជារឿងបែកបាក់សង្គម»។
លោកបន្ថែមថា៖ «កាលណាយើងអ្នកមើលព័ត៌មាន យើងត្រូវបើកចិត្តយើងឲ្យទូលាយដែរ។ ឧបមាថា យើងស្រលាញ់គណបក្សមួយ យើងចូលចិត្តស្តាប់តែព័ត៌មានលើកសរសើរគណបក្សហ្នឹង និយាយពីគណបក្សហ្នឹង ប៉ុន្តែយើងភ្លេចគណបក្សផ្សេងទៀត ភ្លេចមតិយោបល់គេផ្សេងទៀត បានន័យថា វាអត់ធ្វើឲ្យយើងហ្នឹងទូលាយ យើងងប់តែម្ខាង យើងយល់ឃើញតែម្ខាងហ្នឹងទៅរហូត។ យើងកុំងប់ងល់ទៅនឹងរឿងអីមួយៗ យើងបើកចិត្តយើងឲ្យទូលាយ យើងបើកស្តាប់ឆ្វេងស្តាំ អ្នកដែលគេនិយាយផ្សេងៗទៀត ដើម្បីយើងបានគំនិតកាន់តែទូលាយថែមទៀត»។
លោក ណុប វី នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ចាត់ទុកថា ការទទួលយកព័ត៌មានពីគ្រប់ប្រព័ន្ធផ្សព្វផ្សាយនឹងធ្វើឲ្យប្រជាពលរដ្ឋទទួលបានចំណេះដឹង និងមានការគិតគ្រប់ជ្រុងជ្រោយ ដោយមិនបារម្ភពីការបោកបញ្ឆោតរបស់បុគ្គលដែលចង់ទាញប្រយោជន៍ណាមួយពីប្រជាពលរដ្ឋ។
លោកប្រាប់ VOA បន្ថែមថា ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត ជាពិសេសការយល់ដឹងពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយ ជាហេតុធ្វើឲ្យពួកគេសម្រេចចិត្តទាំងខ្វះព័ត៌មាន។
លោកបញ្ជាក់ថា៖ «ការសម្រេចចិត្តដោយកង្វះព័ត៌មាននេះគឺថាធ្វើឲ្យមានគុណវិបត្តិ។ គុណវិបត្តិគឺថា កាលណាការសម្រេចចិត្តមិនបានត្រឹមត្រូវ ឧទាហរណ៍ការជ្រើសរើសអ្នកដឹកនាំតាមរយៈការបោះឆ្នោត គឺគាត់នឹងជ្រើសរើសអ្នកដឹកនាំដែលមិនល្អ ហើយកាលណាគាត់ជ្រើសរើសអ្នកដឹកនាំមិនល្អ មានន័យថាកម្រិតជីវភាពរបស់ពួកគាត់គឺថានឹងនៅតែលំបាក ព្រោះថាអ្នកដឹកនាំមិនល្អ មិនអាចដឹកនាំប្រទេសឲ្យល្អបានទេ»។
តាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងព័ត៌មាន ចេញកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ បង្ហាញថា ក្នុងឆ្នាំ២០១៤ កម្ពុជាមានស្ថាប័នវិទ្យុចំនួន១៧៥ ទូរទស្សន៍ចំនួន២៤ កាសែតជាតិមានចំនួន៤៥៦ អង្គភាពនៅទូទាំងប្រទេស។
គម្រោង«ឃ្លាំមើលភាពជាម្ចាស់កម្មសិទ្ធិនៃប្រព័ន្ធផ្សព្វផ្សាយ» របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន ចេញផ្សាយ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ រកឃើញថា ក្នុងចំណោមម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទាំង២៧នៅកម្ពុជា រួមមានទូរទស្សន៍ វិទ្យុ សារព័ត៌មានបោះពុម្ព និងសារព័ត៌មានលើប្រព័ន្ធអ៊ីនធឺណិតដែលអង្គការនេះស៊ើបអង្កេត មានចំនួន៩ ជាកម្មសិទ្ធិរបស់ឧកញ៉ា ឬជាអ្នកមានឥទ្ធិពល ដែលជាអ្នកជិតស្និទ្ធនឹងគណបក្សកាន់អំណាច ហើយពួកគេខ្លះស្ថិតនៅក្នុងចំណោមមនុស្សដែលមានអំណាចបំផុតនៅក្នុងប្រទេស៕