អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្រ្វែលនៅថ្ងៃពុធនេះ បានបង្ហាញរបាយការណ៍ស្តីពីដំណើរការចុះឈ្មោះបោះឆ្នោតជាបឋម ដែលបានឲ្យដឹងពីបញ្ហាប្រឈមនានាទាក់ទិនកិច្ចការបច្ចេកទេស ការផ្សព្វផ្សាយព័ត៌មានបង្កការភាន់ច្រឡំ និងសិទ្ធិបោះឆ្នោតរបស់ព្រះសង្ឃ និងពិរុទ្ធជន។ ក្រុមអង្គការសង្គមស៊ីវិលផ្សេងទៀត ដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានវិធានការបន្ថែម លើការផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយជាងមុន ព្រមទាំងជំរុញឲ្យក្រុមពិរុទ្ធជនដែលជាប់ពន្ធនាគារ និងពុំទាន់ទទួលនូវកាត់ទោសនៅឡើយ ទទួលបានសិទ្ធិបោះឆ្នោត។
ក្រុមអង្គការសង្គមស៊ីវិលទាំងនេះបានទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គិតគូរឡើងវិញពីវិធានការពិសេសមួយចំនួន ដើម្បីសម្រួលឲ្យពិរុទ្ធជនអាចមានសិទ្ធិចុះឈ្មោះបោះឆ្នោត និងសម្របសម្រួលបន្ថែមឲ្យពលករខ្មែរធ្វើការនៅក្នុងប្រទេសក្បែរខាងទទួលបានការចុះឈ្មោះបោះឆ្នោតប្រសើរជាងមុន។
ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីរបាយការណ៍លើដំណើរការចុះឈ្មោះបោះឆ្នោត កាលពីព្រឹកថ្ងៃពុធនេះ នៅទីស្នាក់ការអង្គការខុមហ្រ្វែល។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែលដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បានឲ្យដឹងថា ច្បាប់ស្តីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា មានចំណុចស្រពិចស្រពិលមួយចំនួន ដែលបានរារាំងពុំឲ្យមានគោលការណ៍នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌ អាចប្រព្រឹត្តទៅបាន។ ជាក់ស្តែងលោកថា គ.ជ.ប គួរមានយន្តការពិសេស ជាក់លាក់ណាមួយដើម្បីសម្រួលដល់ក្រុមពិរុទ្ធជនអាចចុះឈ្មោះបោះឆ្នោត និងមានសិទ្ធិបោះឆ្នោតបានមិនមែនគ្រាន់តែការពន្យល់អំពីច្បាប់នោះទេ។
លោក គល់ បញ្ញា ថ្លែងថា៖
«គាត់ជាពិរុទ្ធជន គាត់មានសិទ្ធិចុះឈ្មោះបោះឆ្នោត ទោះស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារក៏ដោយ តែ គ.ជ.ប អត់មានវិធានការពិសេសមកដល់សព្វថ្ងៃនេះ ដើម្បីនាំការចុះឈ្មោះបោះឆ្នោតដល់ពួកគេទេឬនាំពួកគេមកចុះឈ្មោះបោះឆ្នោតទេ។ មានការពន្យល់ថា ពិរុទ្ធជននៅមានសិទ្ធិមានការចុះឈ្មោះបោះឆ្នោត តែចុះមានសិទ្ធិអីបើគេនៅក្នុងពន្ធនាគារហ្នឹង? វាទាល់តែមានការវិធានការពិសេសជួយគេ បានគេអាចចុះឈ្មោះបោះឆ្នោតបាន»។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា វិធានការដែលគួរអនុវត្តនោះគឺ ការបង្កើតឲ្យមានការិយាល័យចល័តមួយដើម្បីផ្តល់សិទ្ធិគ្រប់គ្រាន់ដល់ក្រុមពិរុទ្ធជន។
«ខ្ញុំគាំទ្រដែលស្នើថា ពិរុទ្ធជនអាចមានសិទ្ធិចុះឈ្មោះបោះឆ្នោតបាន ព្រោះពិរុទ្ធជន ផ្លូវច្បាប់គេជាមនុស្សដែលមិនទាន់មានទោសទេ។ នៅប្រទេសគេ គេធ្វើបាន គេមានការិយាល័យចល័ត ទៅចុះឈ្មោះនៅពន្ធនាគារបាន ហើយការិយាល័យចល័តបោះឆ្នោតនៅទីហ្នឹង សម្រាប់ពិរុទ្ធជន មានសិទ្ធិបោះឆ្នោត។ នេះជាយន្តការមួយល្អដែរ ទាក់ទងនឹងបញ្ហាទាំងអស់ហ្នឹង។»
ឆ្លើយតបនឹងបញ្ហានេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ប្រាប់ VOA តាមទូរស័ព្ទ ថា គ.ជ.ប មិនអាចអនុវត្តតាមអនុសាសន៍នេះទេ លុះណាតែមានវិសោធនកម្មច្បាប់ស្តីការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្រ្តនៅកម្ពុជាជាមុនសិន។
អ្នកនាំពាក្យគ.ជ.ប.រូបនេះថ្លែងថា៖
«ការបកស្រាយយើងចេះតែបកស្រាយទៅ ប៉ុន្តែឃ្លាមួយម៉ាត់ថា ច្បាប់មិនអនុញ្ញាតឲ្យអ្នកដែលស្ថិតនៅក្នុងស្ថានភាពជាប់ពន្ធនាគារនឹងបានចុះឈ្មោះទេ ទោះបីជាមិនទាន់កាត់ក៏ដោយ។ បើសិនជាតួអង្គនៅក្នុងពន្ធនាគារ ហើយបើគាត់អត់បានចុះឈ្មោះ ក៏គាត់មិនអាចបោះឆ្នោតបានដែរ។ អញ្ចឹងច្បាប់មិនឲ្យរៀបចំចុះឈ្មោះ ឬក៏ការិយាល័យបោះឆ្នោតនៅពន្ធនាគារទេ។ គ.ជ.ប អត់អាចធ្វើបានទេ អាចធ្វើបានតែក្នុងករណីដែលត្រូវធ្វើវិសោធនកម្មច្បាប់សិន»។
នៅក្នុងសន្និសីទដដែល លោក គល់ បញ្ញា បន្ថែមទៀតថា ការងារបច្ចេកទេសអាចជជែកដោះស្រាយបានតែអ្វីដែលសំខាន់នោះគឺឆន្ទៈនយោបាយ។ លោកថា បញ្ហាដទៃទៀតដែលចោទឡើងកន្លងមក និងបានរារាំងដល់ដំណើរការចុះឈ្មោះបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះ មានដូចជា ការឃោសនាដែលធ្វើឲ្យមានការភាន់ច្រឡំពាក់ព័ន្ធនឹងសិទ្ធិចុះឈ្មោះបោះឆ្នោត និងសិទ្ធិនយោបាយរបស់ក្រុមព្រះសង្ឃ និងភាពយឺតយ៉ាវនៃការចុះឈ្មោះបោះឆ្នោតក្នុងចំណោមពលករចំណាកស្រុកនៅប្រទេសថៃនិងប្រទេសដទៃទៀត។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនា ឆ្នាំ២០១៧ ខាង មុខ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨។ កន្លងមក គ.ជ.ប ធ្លាប់បញ្ជាក់ថា នឹងមានប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចំនួនជិត១០លាននាក់ ដែលរំពឹងថា នឹងមកចុះឈ្មោះបោះឆ្នោតឡើងវិញតាមប្រព័ន្ធបច្ចេកវិជ្ជាថ្មី ដែលចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា និងបញ្ចប់ទៅនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ។
ក្នុងអំឡុងពេលនៃការចុះបញ្ជីឈ្មោះបោះឆ្នោតនៅខែតុលានេះ ចំនួនអ្នកចុះឈ្មោះបោះឆ្នោតប្រចាំថ្ងៃបានថយចុះពីជាង១០ ម៉ឺននាក់ មកត្រឹម៦ម៉ឺននាក់។ តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គ.ជ.ប បានចុះឈ្មោះអ្នកបោះឆ្នោតថ្មីបានជាង៦លាននាក់ទូទាំងប្រទេសកម្ពុជា៕