ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការងារ​ល្អ​បំផុត​នៅ​សហរដ្ឋអាមេរិក​ ដែល​មិន​ត្រូវ​ការ​សញ្ញាប័ត្រ​មហាវិទ្យាល័យ


រូបឯកសារ៖​ ផ្ទាំងបដាបង្ហាញពីការផ្សព្វផ្សាយស្វែងរកអ្នកធ្វើការងារ។​
រូបឯកសារ៖​ ផ្ទាំងបដាបង្ហាញពីការផ្សព្វផ្សាយស្វែងរកអ្នកធ្វើការងារ។​

គេហទំព័រ Kiplinger បាន​និយាយ​ថា ការងារ​ល្អ​បំផុត​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ ដែល​មិន​មាន​សញ្ញាប័ត្រ​ពី​មហាវិទ្យាល័យ គឺ​តំណាង​ផ្នែក​លក់ អ្នក​ជំនាញ​ផ្នែក​ជំនួយ​កុំព្យូទ័រ និង​អ្នក​រៀបចំ​តម្លើង​បណ្តាញ​ភ្លើង។

ការងារ​ដែល​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​បំផុតនៅ​អាមេរិក ជាធម្មតា គឺ​ត្រូវការ​សញ្ញាប័ត្រ​មហាវិទ្យាល័យ ក៏ប៉ុន្តែ ក៏​នៅ​តែ​មាន​ឱកាស​ប្រាកដប្រជា​ផង​ដែរ នៅ​ក្នុង​វិស័យ​ដែល​មាន​ការ​រីកចម្រើន​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ដែល​ក្នុង​នោះ​រួម​មាន​វិស័យ​បច្ចេកវិទ្យា​ផង​ដែរ ​សម្រាប់​អ្នក​ដែល​រៀន​ចប់​ត្រឹម​វិទ្យាល័យ។

អ្នក​ស្រី Stacy⁠ Rapacon ការី​និពន្ធ​ឲ្យ​គេហទំព័រ​រ៉ាប់រង​ផ្នែក​ហិរញ្ញវត្ថុ​ឯកជន​មួយ​ឈ្មោះ​ថា Kiplinger.com បាន​និយាយថា៖

«ការ​អប់រំ​គឺ​ មាន​សារៈសំខាន់​យ៉ាងខ្លាំង​ ប៉ុន្តែ​ក៏​មាន​ផ្លូវកាត់​ផង​ដែរ។ អ្នក​អាច​ទទួល​បាន​ការងារ​ផ្នែក​បច្ចេកវិទ្យា​ជា​ច្រើន​ ដោយ​មិន​ចាំ​បាច់​មាន​បរិញ្ញាប័ត្រ។ អ្នក​អាច​ទទួល​បាន​លិខិតស្នាមទទួល​ស្គាល់​នៅ​ក្នុង​ផ្នែក​មួយ​ចំនួន ហើយ​អាច​ធ្វើ​ការងារ​ក្នុង​ផ្នែក​នោះពេល​រៀន​ចប់​ពី​វិទ្យាល័យ​តែ​ម្តង។ និយោជក​ជា​ច្រើន ពិត​ជា​ត្រូវ​ការ​អ្នក​ដែល​មាន​ជំនាញ​ប្រាកដ​ប្រជាផ្នែក​បច្ចេកវិទ្យា។​ ពួកគេ​មិន​សូវ​យកចិត្ត​ទុកដាក់​ថា តើ​អ្នក​មាន​សញ្ញាប័ត្រ​ ឬ​មិនមាន​នោះ​ទេ»។

មជ្ឈមណ្ឌល​ផ្នែក​អប់រំ និង​កម្លាំង​ពលកម្ម​នៅ​មហាវិទ្យាល័យ Georgetown University ឲ្យ​និយមន័យ​ «ការងារ​ល្អ» ថា​ជា​ការងារ​ដែល​ផ្តល់​ប្រាក់​បៀវត្សរ៍​យ៉ាងហោច​ណាស់​ ៣​៥.០០០​ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​អ្នក​ធ្វើ​ការ​ ដែល​មាន​អាយុ​ចន្លោះ​ពី ២៥​ ដល់​៤៤ឆ្នាំ​ និង​យ៉ាងហោចណាស់​ ៤៥​.០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ សម្រាប់​អ្នក​ធ្វើ​ការ ដែល​មាន​អាយុ​ចន្លោះ​ពី ៤៥​ ដល់​៦៤​ឆ្នាំ។

សរុប​មក​ ឱកាស​សម្រាប់​កម្លាំង​ពលកម្ម​ដែល​រៀន​ចប់​ត្រឹម​វិទ្យាល័យ​ ហើយ​មាន​ការងារ​ល្អៗ កំពុង​ថយ​ចុះ ពី​ចំនួន​ប្រមាណ​ ១៥​លាន​នាក់ នៅ​ក្នុង​ឆ្នាំ​ ១៩៩១ មក​ត្រឹម​ ១៣​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​ ២០១៦។ ប៉ុន្តែ​ វិថី​ការងារ​ដែល​ត្រូវ​ការ​ការ​រៀន​ចប់​ត្រឹម​វិទ្យាល័យនា​ពេល​បច្ចុប្បន្ន​បាន​ផ្តល់​ ២០​ភាគរយ​នៃ​ការងារ​ល្អៗ នេះ​បើ​យោង​ទៅ​តាម​ មជ្ឈមណ្ឌល​ផ្នែក​អប់រំ និង​កម្លាំង​ពលកម្ម​នៅ​មហាវិទ្យាល័យ​ Georgetown University ដែល​បាន​លើក​ឡើង​បន្ថែម​ថា ឱកាស​ការងារ​ទាំងនោះ គឺ​ភាគច្រើន​សម្រាប់​បុរស។

គេហទំព័រ Kiplinger បាន​និយាយ​ថា ការងារ​ល្អ​បំផុត​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ ដែល​មិន​មាន​សញ្ញាប័ត្រ​ពី​មហាវិទ្យាល័យ គឺ​តំណាង​ផ្នែក​លក់ អ្នក​ជំនាញ​ផ្នែក​ជំនួយ​កុំព្យូទ័រ និង​អ្នក​រៀបចំ​តម្លើង​បណ្តាញ​ភ្លើង។

ស្រប​ពេល​ដែល​ចំនួន​ពលរដ្ឋ​ជរា​កាន់​តែ​មាន​ច្រើន វិស័យ​សុខាភិបាល​ក៏​ផ្តល់​ឱកាស​សម្រាប់​អ្នក​ដែល​មិន​បាន​ចូល​រៀន​ឧត្តម​សិក្សា​ផង​ដែរ។ ការងារ​ល្អ​បំផុត​ចំនួន​១៥​ សម្រាប់​អ្នក​រៀន​ចប់​ត្រឹម​វិទ្យាល័យ​រួមមាន អ្នក​បច្ចេកទេស លេខា​ផ្នែកសុខាភិបាល ជំនួយការ​ផ្នែក​សុខាភិបាល និង​ជំនួយ​ការទន្តពេទ្យ។ នេះ​បើ​យោង​ទៅ​តាម​គេហទំព័រ Kiplinger។

អ្នកស្រី​ Rapaconថ្លែង​ទៀត​ថា៖

«គ្រប់​គ្នា​មាន​ផ្លូវ​ដើរ​ខុសៗ​គ្នា។ ការ​ទៅ​រៀន​នៅ​មហា​វិទ្យាល័យ​មិន​មែន​សម្រាប់​មនុស្ស​គ្រប់​គ្នា​នោះ​ទេ មិន​ថា​ ដោយសារ​ហេតុផល​ហិរញ្ញវត្ថុ​ ដែល​រារាំង​អ្នក​មិន​ឲ្យ​ទៅ​រៀន​នៅ​មហា​វិទ្យាល័យ ឬ អ្នក​មិន​សូវ​ពូកែ​ខាង​សិក្សា​នោះ​ទេ⁠ គឺ​ថា វា​គ្រាន់​តែ​មិនមែន​ជា​ផ្លូវ​ត្រូវ​សម្រាប់​មនុស្ស​ទាំងអស់​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ឱកាស​ជា​ច្រើន​សម្រាប់​អ្នក នៅ​ក្នុង​ការ​បង្កើត​អាជីព​មួយ​សម្រាប់​ខ្លួន​ឯង»។

ការងារ​ល្អៗ​ដទៃ​ទៀត​សម្រាប់​អ្នក​មាន​សញ្ញាប័ត្រ​វិទ្យាល័យ​ រួម​មាន​ប្រតិបត្តិករ​សេវាកម្ម​ផ្នែក​ប្រេង​ ឧស្ម័ន​ និង​រ៉ែ ផ្នែក​ដឹក​ជញ្ជូន​ អ្នក​គ្រប់គ្រង​ផ្នែក​ផ្ទុក​ទំនិញ​និង​សម្ភារៈ​និង​ចែកចាយ គ្រូ​បង្រៀន​ផ្នែក​អភិវឌ្ឍ​ខ្លួន​ឯង មេការ​ផ្នែក​មេកានិច អ្នក​បច្ចេកទេស​ផ្នែក​ប្រព័ន្ធ​កម្តៅ និង​ម៉ាស៊ីន​ត្រជាក់ អ្នក​តម្លើង​ជណ្តើរ​យន្ត អ្នក​បម្រើការ​លើ​យន្តហោះ និង​ជាង​ជួសជុល​បន្ទប់​ទឹក៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG