អគ្គមេបញ្ជាការយោធាម្នាក់នៅសាធារណរដ្ឋកុងហ្គោកំពុងតែស្នើឲ្យមានយុទ្ធនាការឃោសនាជាសាធារណៈមួយអំពីការជំទាស់របស់ជនស៊ីវិល ដើម្បីច្រានចោលការប្រកាសជាផ្លូវការដែលថា លោកប្រធានាធិបតី Denis Sassou Nguesso បានឈ្នះការបោះឆ្នោតជាថ្មីម្តងទៀត ទោះបីជាក្រុមជំទាស់បានអះអាងថា ការបោះឆ្នោតនោះមានការក្លែងបន្លំជាច្រើនក៏ដោយ។
លោកអគ្គមេបញ្ជាការ Jean-Marie Mokoko បានថ្លែងប្រាប់ VOA សេវាភាសាបារាំងផ្សាយទៅអាហ្វ្រិកកាលពីថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃកុងហ្គោបានប្រកាសនៅរដ្ឋធានី Brazzaville ថា លោក Sassou Nguesso បានឈ្នះសំឡេង៦០ភាគរយនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ហើយមិនចាំបាច់ត្រូវរៀបចំការបោះឆ្នោតជុំទី២នោះទេ។
នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទ លោក Mokoko បានស្នើឲ្យប្រជាជនកុងហ្គោបដិសេធមិនទទួលស្គាល់ជ័យជម្នះរបស់លោក Sassou។
លោកបានមានប្រសាសន៍ថា «យើងមិនមែនស្នើឲ្យមានសង្គ្រាមនោះទេ។ យើងកំពុងតែស្នើឲ្យមានការជំទាស់ពីជនស៊ីវិល»។
លោក Mokoko បានបន្ថែមថា «យើងមិនមានកាំភ្លើងនោះទេ។ លោកSassou ទៅវិញទេដែលមានកាំភ្លើងសម្រាប់កម្លាចប្រជាជន ហើយយើងត្រូវតែឈប់ភ័យខ្លាចតទៅទៀត»។
លោកអគ្គមេបញ្ជាការរូបនេះក៏ជាបេក្ខជនមួយរូបនៅក្នុងការបោះឆ្នោតសម្រាប់ប្រកួតយកតំណែងជាប្រធានាធិបតីផងដែរ។ យោងតាមលទ្ធផលនៃការបោះឆ្នោតដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោកស្ថិតនៅលំដាប់ទី៣។ នៅក្នុងសារជាសំឡេងដែលបានបង្ហោះលើគេហទំព័រ YouTube លោកបាននិយាយថា លទ្ធផលនៃការបោះឆ្នោតដែលក្រុមជំទាស់ទទួលបានបង្ហាញថា វាមិនអាចទៅរួចនោះទេដែលលោក Sassou Nguesso ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជាថ្មីម្តងទៀតនៅជុំទី១នោះ៕