សមាជិកសភាសហរដ្ឋអាមេរិករំពឹងថា ការបង្កើតច្បាប់ដើម្បីជំរុញសមត្ថភាពរបស់អាមេរិកទប់ទល់ប្រទេសចិននឹងឆ្លងផុតគណៈកម្មាធិការព្រឹទ្ធសភានៅថ្ងៃពុធបន្ទាប់ពីការចរចាជាច្រើនសប្តាហ៍រវាងអ្នកប្រជាធិបតេយ្យនិងអ្នកសាធារណរដ្ឋ។
សមាជិកគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសរបស់ព្រឹទ្ធសភាកំណត់ជជែកដេញដោលច្បាប់ដែលមានឈ្មោះថា«ច្បាប់យុទ្ធសាស្ត្រប្រកួតប្រជែងឆ្នាំ២០២១» ហើយពិចារណាការធ្វើវិសោធនកម្ម មុនបោះ ឆ្នោតសម្រេចថា តើត្រូវបញ្ជូនឲ្យព្រឹទ្ធសភាដែលមានសមាជិក១០០នាក់បោះឆ្នោតសម្រេចឬយ៉ាងណា។
ក្នុងសន្និសីទតាមទូរស័ព្ទកាលពីថ្ងៃអង្គារ ជំនួយការរបស់សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យបានប្រាប់អ្នកសារព័ត៌មានថា៖ «យើងពិតជារីករាយដែលមានការមូលមតិទ្វេភាគីកម្រិតខ្ពស់បែបនេះស្តីពីនីតិកម្មនេះនិងអំពីរបៀបវិធានការសម្រាប់ប្រទេសចិន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កាន់តែទូលំទូលាយថែមទៀត»។
សេចក្តីព្រាងច្បាប់កម្រាស់២៨០ទំព័រដែលព័ត៌មានលម្អិតអំពីច្បាប់នេះត្រូវបានរាយការណ៍ជាដំបូង ដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី៨ខែមេសានោះនិយាយអំពីការប្រកួតប្រជែងខាងសេដ្ឋកិច្ចជាមួយប្រទេសចិន ប៉ុន្តែក៏មាននិយាយអំពីមនុស្សធម៌និងប្រជាធិបតេយ្យដែរ ដូច ជាដាក់បញ្ចូលទណ្ឌកម្មលើការធ្វើបាបជនជាតិភាគតិចមូស្លីមវីហ្គើ និងគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង។
អ្នកជំនួយការបាននិយាយថា សមាជិកគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសរបស់ព្រឹទ្ធសភាបានធ្វើវិសោធនកម្មប្រហែល១៥០៕