បន្ទាប់ពីនាំចេញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទៅប្រទេសជិត ៧០ ចិនកំពុងត្រៀមជំរុញលិខិតឆ្លងដែនវ៉ាក់សាំងរបស់ខ្លួនដើម្បីសម្រួលការធ្វើដំណើររបស់ជនបរទេសនិងពលរដ្ឋចិននៅក្រៅប្រទេសចិនដីគោកដែលបានចាក់វ៉ាក់សាំងបង្ការរបស់ចិន។
រដ្ឋាភិបាលក្រុងប៉េកាំងសង្ឃឹមថា លិខិតឆ្លងដែនវ៉ាក់សាំងនេះនឹងជាការលើកទឹកចិត្តឲ្យអ្នកជំនួញរួមទាំងពលរដ្ឋតៃវ៉ាន់ដែលធ្វើដំណើរចេញចូលប្រទេសចិនជាញឹកញាប់ត្រូវតែចាក់វ៉ាក់សាំងដែលរដ្ឋាភិបាលក្រុងប៉េកាំងអនុម័ត។ ប៉ុន្តែមនុស្សជាច្រើនដែលមានសិទ្ធិចាក់វ៉ាក់សាំងនេះបារម្ភអំពីប្រសិទ្ធភាពទាបនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm និង Sinovac បើប្រៀបធៀបនឹងវ៉ាក់សាំងដែលផលិតនៅខាងក្រៅប្រទេសចិន ហើយពួកគេមានអារម្មណ៍ថា នេះជាការគាបសង្កត់ឱ្យចាក់វ៉ាក់សាំងចិនដើម្បីបានចូលប្រទេសចិន។
អត្រាប្រសិទ្ធភាពវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovacមានជាង៥០ភាគរយ រីឯអត្រាប្រសិទ្ធ ភាពវ៉ាក់សាំង Sinopharm គឺ៧៩%ដែលទាបជាងវ៉ាក់សាំងModernaនិងPfizerនិងសូម្បីតែវ៉ាក់សាំង Sputnik របស់រុស្ស៊ីក៏មានប្រសិទ្ធភាពលើស៩០% ដែរ។ នេះបើតាមរបាយការណ៍របស់កាសែតBloombergដែលដកស្រង់ទិន្នន័យពិសោធន៍ពីអ្នកស្រាវជ្រាវនៅក្រៅប្រទេសចិន។
ចិនបានចាប់ផ្តើមចុះឈ្មោះចាក់វ៉ាក់សាំងដែលផលិតដោយចិនសម្រាប់ជនបរទេសនៅទី ក្រុងប៉េកាំងនិងក្រុងសៀងហៃកាលពីចុងខែមីនា។ កម្មវិធីស្រដៀងគ្នានេះថ្នាក់ខេត្តបានចាប់ ផ្តើមនៅក្នុងខែមេសានៅក្នុងទីក្រុងShenzhen ទីក្រុង Guangzhou ទីក្រុង Hangzhou និង ទីក្រុង Chongqing។
លើសពីនេះការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបានប្រកាសនៅថ្ងៃទី ១៤ ខែមេសាថា ពលរដ្ឋតៃវ៉ាន់ដែលរស់នៅក្នុងប្រទេសចិននឹងត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះដើម្បីទទួលការចាក់វ៉ាក់សាំងនៅឯកន្លែងស្នាក់នៅរបស់ពួកគេដោយប្រើលិខិតអនុញ្ញាតស្នាក់នៅឬវិញ្ញាបនបត្រនៃការធានារ៉ាប់រងសុខភាពចិន៕