សកម្មជនសហជីព និងអតីតអ្នកផ្សព្វផ្សាយ និងលក់ស្រាបៀរ Budweiser គ្រោងនឹងធ្វើកូដកម្មនៅថ្ងៃពុធស្អែកនេះ ដើម្បីទាមទារឲ្យក្រុមហ៊ុនអានកូ (Anco Brother Co.,Ltd) របស់លោកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា អនុវត្តការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលកាលពីខែមុនឱ្យទូទាត់សំណងដល់អតីតបុគ្គលិកដែលក្រុមហ៊ុនបានបណ្តេញចេញ។
លោក សាន សុផាត មន្ត្រីច្បាប់និងយុទ្ធនាការនៃសហព័ន្ធសហជីព កម្មករចំណីអាហារនិងសេវាកម្មកម្ពុជា ឲ្យដឹងថា ការសម្រេចធ្វើកូដកម្មកើតមានឡើងបន្ទាប់ពីក្រុមហ៊ុនអានកូមិនព្រមធ្វើការទូទាត់សំណងដល់អតីតបុគ្គលិកចំនួន៨នាក់ដែលត្រូវបញ្ឈប់ដោយគ្មានការផ្តល់សំណងផ្អែកទៅតាមច្បាប់ការងារនៃប្រទេសកម្ពុជា។
«ការរំសាយរបស់គាត់ហ្នឹងអត់បានផ្តល់សំណង តាមច្បាប់ការងារទេ សំណងបំណាច់កិច្ចសន្យា អញ្ចឹងទៅបងប្អូនកម្មការិនីគាត់បានប្តឹង ប្តឹងតាមសហជីព សហជីពសម្របសម្រួលបណ្តឹងរហូតដល់ចប់អាជ្ញាកណ្តាល អាជ្ញាកណ្តាលបានចេញសេចក្តីបង្គាប់ ជាប់កាតព្វកិច្ច ឲ្យក្រុមហ៊ុនហ្នឹងសងសំណង បើតាមច្បាប់មកជូនកម្មការិនី ហើយក្រុមហ៊ុនក៏អត់គោរព តាមសេចក្តីបង្គាប់ហ្នឹង»។
នៅក្នុងលិខិតសម្រេច និងបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលចុះថ្ងៃទី១២ខែមិថុនាបានសរសេរថា៖ «បង្គាប់ឲ្យនិយោជកទូទាត់ប្រាក់បំណាច់ផ្តាច់កិច្ចសន្យាការងារ ជូនកម្មការិនីទាំង០៨ នូវ៖ ប្រាក់បំណាច់បណ្តេញចេញ តាមមាត្រា៨៩នៃច្បាប់ស្តីពីការងារ។ ប្រាក់បំណាច់ទូទាត់ជួសការជូនដំណឹងមុន តាមមាត្រា៧៥នៃច្បាប់ស្តីពីការងារ។ ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំមានប្រាក់ឈ្នួល រយៈពេល៣ឆ្នាំចុងក្រោយ»។
អ្នកស្រីផាត់ ផាន់ណា អាយុ៣២ ឆ្នាំ ដែលធ្លាប់បម្រើការផ្សព្វផ្សាយស្រាបៀរឲ្យ ក្រុមអាន កូជិតបួនឆ្នាំនេះ និយាយថា អ្នកស្រីនឹងចូលរួមធ្វើកូដកម្មដើម្បីទាមទារប្រាក់ជាង១,០០០ដុល្លារ ពីព្រោះក្រុមហ៊ុនមិនបានជូនសំណងអ្វីទាំងអស់ក្រៅពីប្រាក់ខែចុងក្រោយ និងប្រាក់ខែបន្ថែមឲ្យមួយខែ។
«ថ្ងៃដែលរំសាយពួកខ្ញុំ អត់មានប្រាប់ពួកខ្ញុំមុន រំសាយថ្ងៃ២៣ ថ្ងៃ២៣ថ្ងៃ២៧ឈប់តែម្តង ហើយអត់មានប្រាក់សំណងសងមុនបីខែ ហើយអត់មានលុយប្រាក់បំណាច់ឆ្នាំឲ្យពួកខ្ញុំអត់មានលុយឲ្យអ្វីទាំងអស់»។
ទោះបីជាយ៉ាងណាក៏ដោយ លោកឈុំ មហាកុសល តំណាងក្រុមហ៊ុនអានកូ បានច្រានចោលការចោទប្រកាន់របស់អតីតបុគ្គលិកទាំង៨នាក់នេះ ដោយលោកបានអះអាងថាពួកគេមិនមែនជាបុគ្គលិកជាប់កិច្ចសន្យានោះទេ។ លោកបញ្ជាក់ផងដែរថាការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺធ្វើឡើងដោយមិនមានការចុះធ្វើអធិការកិច្ចត្រឹមត្រូវហើយថាចំណាត់ការផ្លូវច្បាប់នឹងមាន ប្រសិនជា តំណាងសហជីព និងអតីតបុគ្គលិកផ្សព្វផ្សាយនឹងលក់ស្រាបៀរទាំងនេះធ្វើកូដកម្ម។
«វាធម្មតាសិទ្ធសេរីភាព ប៉ុន្តែបើប៉ះពាល់គេខ្លាំងពេក ក៏វាអត់កើតដែរ គេក៏ចាត់វិធានការតាមច្បាប់ដែរ»។
VOA ពុំអាចទំនាក់ទំនងលោកហេង សួ អ្នកនាំពាក្យក្រសួងការងារបានទេ ដោយទូរស័ព្ទរបស់លោករោទិ៍តែគ្មានអ្នកទទួល។
នៅក្នុងការជូនដំណឹងតាមរយៈសារអេឡិចត្រូនិក ឬអ៊ីម៉េល សហព័ន្ធសហជីព កម្មករចំណីអាហារនិងសេវាកម្មកម្ពុជាបញ្ជាក់ថា អតីតអ្នកផ្សព្វផ្សាយនិងលក់ស្រាបៀទាំងនេះ នឹងធ្វើកូដកម្មនៅមុខក្រុមហ៊ុនអានកូ ស្ថិតក្នុងសង្កាត់វាល វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្រុមហ៊ុនអានកូ បានរំសាយអ្នកផ្សព្វផ្សាយនិងលក់ស្រាបៀរចំនួន១២នាក់កាលពីចុងខែមករា ឆ្នាំ២០១៥៕