តាមរយៈកាមេរ៉ាថតសត្វខ្លាឃ្មុំ និងឧបករណ៍តាមដានសកម្មភាពដែលបានបំពាក់ជាប់នឹងករបស់សត្វខ្លាឃ្មុំ៩ក្បាល ក្រុមអ្នកស្រាវជ្រាវបានតាមដានសកម្មភាពប្រចាំថ្ងៃរបស់សត្វទាំងនោះជាងមួយសប្តាហ៍នៅអំឡុងរដូវកាលមមាញឹកនឹងការរកចំណីក្នុងទន្លេ Beaufort ខាងលើរដ្ឋ Alaska។
ខ្លាឃ្មុំទឹកកក៥ក្បាលក្នុងចំណោមគ្នាវាទាំង៩ក្បាល បានស្រកទម្ងន់ក្នុងរយៈកាលនៃការស្រាវជ្រាវនេះ។ ចំណីដែលពួកវារកបានមិនអាចទប់ទល់ជាមួយនឹងកាឡូរីដែលពួកវាបានប្រឹងដើររកចំណីនោះទេ។
ការសិក្សាស្រាវជ្រាវដែលបានបោះពុម្ពផ្សាយក្នុងព្រឹត្តិបត្រវិទ្យាសាស្រ្ត បានចោទសួរអំពីអនាគតនៃក្រុមសត្វដែលស៊ីសាច់ជាអាហារនេះ។ នៅពេលដែលអាកាសធាតុប្រែប្រួលធ្វើឲ្យទីកន្លែងសម្រាប់ស្វែងរកចំណីរបស់សត្វនេះថយចុះ ហេតុនេះហើយបានជាក្រុមអ្នកវិទ្យាសាស្រ្តគិតថា ក្រុមខ្លាឃ្មុំទឹកកកនឹងមានការលំបាកកាន់តែខ្លាំងក្នុងការស្វែងរកចំណី។
សត្វភេសមុទ្រ គឺអាហារសម្រាប់សត្វខ្លាឃ្មុំទឹកកក
ខ្លាឃ្មុំទឹកកកបានចំណាយពេលជាច្រើននៅលើផ្ទាំងទឹកកកអណ្តែតលើសមុទ្រ ជាទីដែលពួកវាងាយស្រួលស្វែងរកចំណីដ៏ឆ្ងាញ់របស់ពួកវា ក្នុងនោះមានដូចជាពពួកសត្វភេសមុទ្រធាត់ៗ។
ក៏ប៉ុន្តែផ្ទាំងទឹកកកអណ្តែតលើសមុទ្រកំពុងរួមតូចទំហំ១៤ភាគរយក្នុងរយៈពេលមួយទសវត្ស នៅខណៈដែលភពផែនដីកាន់តែក្តៅឡើងៗ។ ផ្ទាំងទឹកកកចាប់ផ្តើមរលាយនៅដើមរដូវផ្ការីក និងកកវិញនៅចុងរដូវស្លឹកឈើជ្រុះ។
ចំនួនខ្លាឃ្មុំទឹកកក កំពុងតែថយចុះ។ ជំពូកសត្វនេះ មិនស្ថិតក្នុងក្រុមសត្វងាយផុតពូជនោះទេ ប៉ុន្តែពួកវាងាយនឹងរងគ្រោះណាស់ នេះបើតាមការសិក្សាដោយអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ International Union for Conservation of Nature។ ការណ៍នេះមានន័យថា ចំនួនសត្វខ្លាឃ្មុំទឹកកក នឹងធ្លាក់ចុះ៣០ភាគរយ ឬច្រើនជាងនេះក្នុងរយៈកាលបីជំនាន់នៃសត្វខ្លាឃ្មុំទឹកកក។
ប៉ុន្តែការសិក្សានេះមិនបានបង្ហាញច្បាស់ទេថា ការធ្លាក់ចុះនេះបណ្តាលមកពីសត្វខ្លាឃ្មុំទឹកកកទាំងនោះខកខានមិនបានចាប់សត្វភេសមុទ្រស៊ីគ្រប់គ្រាន់ ឬក៏ពួកវាត្រូវធ្វើការឲ្យខ្លាំងជាងនេះ និងធ្វើដំណើរឲ្យឆ្ងាយជាងនេះដើម្បីស្វែងរកចំណីនោះ។
ដោយហេតុដូច្នេះហើយ បានជាជីវវិទូ លោក Anthony Pagano នៃស្ថាប័នអង្កេតភូមិសាស្រ្តស.រ.អា. និងក្រុមការងាររបស់លោកបានចេញធ្វើការស្រាវជ្រាវនៅតំបន់សមុទ្រដែលគ្របដណ្តប់ដោយផ្ទាំងទឹកកក និងថតរូបដើម្បីតាមដានខ្លាឃ្មុំទឹកកកទាំង៩ក្បាលតាមរយៈគ្រាប់ព្រួញម្ជុល។
ក្រុមអ្នកស្រាវជ្រាវទាំងនេះបានថ្លឹងទម្ងន់សត្វខ្លាឃ្មុំទឹកកក និងបានយកសំណាកឈាមពួកវាទៅធ្វើការសិក្សាពីដំណើរការបំលែងអាហារទៅជាថាមពល។ ក្រុមអ្នកស្រាវជ្រាវបានបំពាក់កាមេរ៉ា ឧបករណ៍ GPS និងឧបករណ៍តាមដានចលនាជាប់នឹងកខ្លាឃ្មុំនីមួយៗ។
ប្រហែលជា១០ថ្ងៃក្រោយមក ក្រុមអ្នកស្រាវជ្រាវបានចាប់សត្វខ្លាឃ្មុំទឹកកក និងបានយកឧបករណ៍វាស់វែង និងយកកាមេរ៉ានោះចេញវិញ។
ជីវវិទូលោក Pagano បាននិយាយថា ពេលមើលខ្សែវីដេអូនោះ «វាពិតជាអស្ចារ្យខ្លាំងណាស់»។ សត្វខ្លាឃ្មុំទឹកកក បានចំណាយពេលស្ទើរតែមួយជីវិតនៅលើតំបន់ដាច់សង្វែងនានា ហេតុដូច្នេះហើយបានជាក្រុមអ្នកស្រាវជ្រាវកម្របានឃើញជីវិតរស់នៅរបស់វាណាស់។
ទោះជាយ៉ាងណាក៏ដោយ ក្រុមស្រាវជ្រាវរបស់លោក Pagano នៅតែអាចរកឃើញសត្វខ្លាឃ្មុំទឹកកកទាំងនោះបាន។ ពួកគេឃ្លាំមើលពីរបៀបដែលពួកវាចាប់ចំណី។ ពួកគេឃ្លាំមើលសត្វខ្លាឃ្មុំបង្កាត់ពូជ។ ក៏ប៉ុន្តែភាគច្រើន ក្រុមអ្នកស្រាវជ្រាវឃ្លាំមើលពួកវាអង្គុយ។
លោក Pagano បាននិយាយថា៖ «សត្វខ្លាឃ្មុំទឹកកកទាំងនេះ បញ្ចេញសកម្មភាពប្រហែល៣៥ភាគរយ មានន័យថាពួកវាសម្រាកប្រហែល៦៥ភាគរយនៃជីវិតប្រចាំថ្ងៃរបស់ពួកវា។ នេះមានន័យថា ប្រសិនបើលោកអ្នកមើលខ្សែវីដេអូនៃសត្វខ្លាឃ្មុំ និងផលិតឯកសារអំពីអាកប្បកិរិយារបស់វា លោកអ្នកនឹងចំណាយពេលដ៏ច្រើនមើលពួកវាសម្រាក»។
វិបត្តិរបបចំណី
ការស្រាវជ្រាវបានរកឃើញរបបគំហើញមួយដ៏គួរឲ្យភ្ញាក់ផ្អើលនោះគឺទម្ងន់ដែលសត្វខ្លាឃ្មុំទឹកកកបានប្រែប្រួលក្នុងរយៈពេលខ្លីដែលក្រុមអ្នកវិទ្យាសាស្រ្តបានឃ្លាំមើល។
ខ្លាឃ្មុំទឹកកក៥ក្បាលមិនបានចាប់ចំណីអ្វីឡើយក្នុងអំឡុងពេលដែលពួកវាស្ថិតក្នុងការតាមដាន។ ខ្លាឃ្មុំ៤ក្បាលបានស្រកទម្ងន់ប្រហែល១០ភាគរយ។
ចំពោះខ្លាឃ្មុំដែលមានទម្ងន់១៨០គីឡូក្រាម លោក Pagano បាននិយាយថា៖ «លោកអ្នកអាចនិយាយបានថា ពួកវាស្រកទម្ងន់ប្រហែល១៨ ទៅ២០គីឡូក្រាមក្នុងរយៈពេល១០ថ្ងៃ។ នេះគឺជាការស្រកទម្ងន់មួយដ៏ច្រើនក្នុងរយៈពេលមួយដ៏ខ្លី»។
ក្រុមអ្នកស្រាវជ្រាវបានសិក្សាក្រុមសត្វខ្លាឃ្មុំទឹកកកនៅខែមីនា និងខែមេសា គឺមុនពេលផ្ទាំងទឹកកកលើសមុទ្រចាប់ផ្តើមរលាយ។ លោកបានបន្ថែមថា៖ «ពេលនេះជាពេលដែលសត្វខ្លាឃ្មុំទាំងនោះអាចរកចំណីបានច្រើនដើម្បីអាចឲ្យពួកវារស់នៅបន្តទៀត»។
ក្រុមអ្នកវិទ្យាសាស្រ្តក៏បានរកឃើញផងដែរថា ដំណើរការបំលែងអាហារទៅជាថាមពលរបស់សត្វខ្លាឃ្មុំ ត្រូវចំណាយពេលជាងមួយដងកន្លះច្រើនជាងការប៉ាន់ស្មានកាលពីលើកមុន។
លោក Pagano បានពន្យល់ថា៖ «សត្វខ្លាឃ្មុំទឹកកកចាំបាច់ត្រូវចាប់ភេសមុទ្រឲ្យបានច្រើន»។ លោកបន្ថែមថា នៅពេលដែលផ្ទាំងទឹកកកសមុទ្រនៅបន្តរួមតូច និងឆាប់រលាយនោះ វានឹងធ្វើឲ្យសត្វខ្លាឃ្មុំកាន់តែមានការលំបាកកាន់តែខ្លាំង។
លោក Pagano បានសម្គាល់ឃើញថា ហ្វូងសត្វខ្លាឃ្មុំទឹកកកនៅតំបន់ផ្សេងៗទៀតនៃតំបន់ទឹកកកអាកទិកបានចំណាយពេលជាច្រើននៅលើដីច្រើនជាងក្រុមសត្វខ្លាឃ្មុំដែលលោកសិក្សានៅសមុទ្រ Beaufort Sea។ ប្រសិនបើផ្ទាំងទឹកកកសមុទ្ររលាយអស់នៅក្នុងរដូវក្តៅ នោះសត្វខ្លាំឃ្មុំទឹកកកភាគច្រើនទំនងជានឹងត្រូវផ្លាស់ទីទៅលើដីវិញ។
លោក Pagano បានបន្ថែមថា អ្វីដែលនៅតែជាអាថ៌កំបាំងនោះគឺ តើដែនដីគោកអាចជួយឲ្យសត្វខ្លាឃ្មុំទាំងនោះរស់នៅស្ថិតស្ថេរបានប៉ុណ្ណា៕
ប្រែសម្រួលដោយ កោះ សុគន្ធី