ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ BBG រៀបចំ​កិច្ច​ពិភាក្សា​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ប្រារព្ធ​ថ្ងៃ​សេរីភាព​សារព័ត៌មាន​ពិភពលោក


លោក John Lansing នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សាភិបាល​នៃ​ការ​ផ្សព្វផ្សាយ BBG​ ស្វាគមន៍​ភ្ញៀវ​កិត្តិយស​នៅ​ខួប​លើ​ទី៧៥ឆ្នាំ​របស់​ VOA កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។
លោក John Lansing នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សាភិបាល​នៃ​ការ​ផ្សព្វផ្សាយ BBG​ ស្វាគមន៍​ភ្ញៀវ​កិត្តិយស​នៅ​ខួប​លើ​ទី៧៥ឆ្នាំ​របស់​ VOA កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។

លោក John Lansing នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សាភិបាល​នៃ​ការ​ផ្សព្វផ្សាយ BBG ដែល​ជា​អង្គការ​គ្រប់គ្រង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សំឡេង​សហរដ្ឋ​អាមេរិក VOA បាន​បញ្ជាក់​ប្រាប់​ក្រុម​ពិភាក្សា ដែល​ប្រារព្ធ​ថ្ងៃ​សេរីភាព​សារព័ត៌មាន​ពិភពលោក​ថា សង្គ្រាម​ព័ត៌មាន​កំពុង​កើត​ឡើង​នៅ​លើ​ពិភពលោក។

ក្រុមប្រឹក្សាភិបាល​នៃ​ការ​ផ្សព្វផ្សាយ BBG និង​មហាវិទ្យាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​កិច្ចការ​សាធារណៈ នៃ​សាកលវិទ្យាល័យ George Washington បាន​រៀបចំ​ក្រុម​ពិភាក្សា​នេះ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ដើម្បី​ពិភាក្សា​អំពី​ការ​ប្រឈម​នានា​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន​អន្តរជាតិ ការ​កើន​ឡើង​នៃ​ព័ត៌មាន​មិន​ពិត និង​មធ្យោបាយ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​បង្កើត​នូវ​ភាព​ជឿ​ទុកចិត្ត​បាន។

លោក John Lansing បាន​លើក​ឡើង​ពី​ការ​ចោទប្រកាន់​ទៅ​លើ​ប្រទេស​រុស្ស៊ី ថា​បាន​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះ​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​មុន។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ពលរដ្ឋ​ទូទៅ​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​រាយការណ៍​ទាំង​នោះ និង​គួរតែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​លើ​ព័ត៌មាន​ពិត។ បើ​មិន​អញ្ចឹង​ទេ លោក​ខ្លាច​ថា លទ្ធផល​នឹង​មិន​ដឹង​ជា​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ។

អនុ​រដ្ឋមន្ត្រី​ការបរទេស​ស្ដី​ទី​ទទួល​បន្ទុក​កិច្ចការ​ការទូត​សាធារណៈ លោក Bruce Wharton ដែល​ជា​សមាជិក​មួយ​រូប​នៃ​ក្រុមប្រឹក្សាភិបាល​របស់​ទីភ្នាក់ងារ BBG បាន​និយាយ​ថា៖ «បរិយាកាស​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ជុំវិញ​ពិភពលោក​មាន​សភាព​កាន់តែ​យ៉ាប់យ៉ឺន​ឡើង»។ លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា «វា​ពិតជា​មាន​សារៈសំខាន់​ណាស់ ដែល​យើង​ទាំង​អស់​គ្នា​មក​ជួបជុំ​គ្នា​នៅ​ទី​នេះ ដើម្បី​ងើប​ឈរ​ការពារ​សេរីភាព​សារព័ត៌មាន»។

លោក Michael Oreskes អនុ​ប្រធាន​ជាន់​ខ្ពស់​ទទួល​បន្ទុក​ខាង​ព័ត៌មាន និង​ជា​នាយក​គ្រប់គ្រង​លើ​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ការ​ផ្សព្វផ្សាយ នៃ​ក្រុមហ៊ុន​វិទ្យុ​ជាតិ​សាធារណៈ NPRនៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយ​ថា ការ​កើន​ឡើង​នូវ​ព័ត៌មាន​មិន​ពិត បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មូលដ្ឋាន​ចម្បង​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន៕

XS
SM
MD
LG