ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់​សិប​នាក់​ត្រូវ​បាន​សម្លាប់​ពេល​ប្រយុទ្ធ​គ្នា​រវាង​យោធា​និង​កង​កម្លាំង​ទាហាន​ប៉ារ៉ា​នៅ​ស៊ូដង់


ផ្សែង​ហុយចេញ​ពីអាកាសយានដ្ឋានអន្តរជាតិ Khartoum International ក្នុង​ទីក្រុង Khartoum
ផ្សែង​ហុយចេញ​ពីអាកាសយានដ្ឋានអន្តរជាតិ Khartoum International ក្នុង​ទីក្រុង Khartoum

វេជ្ជបណ្ឌិត​មួយ​ក្រុម​នៅ​ក្នុង​ប្រទេស​ស៊ូដង់​បាន​រាយការណ៍​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា ចំនួន​ជន​ស៊ីវិល​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធគ្នា​រវាង​យោធា​ស៊ូដង់​និង​កង​កម្លាំង​ទាហាន​ប៉ារ៉ា​បាន​កើនឡើង​រហូត​ដល់​យ៉ាង​តិច ៩៧ នាក់ ​ហើយ​ជន​ស៊ីវិល​ដែល​រង​របួស​មាន​ចំនួន ៣៦៥ នាក់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។ ចំណែក​ឯ​សេចក្ដី​រាយការណ៍​ផ្សេង​ទៀត​បាន​បញ្ជាក់​ថា មនុស្ស​រហូត​ដល់ ៦០០ នាក់​បាន​រង​របួស។

ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​រវាង​កង​យោធា​ដែល​ស្មោះស្ម័គ្រ​ជាមួយ​នឹង​លោក​នាយ​ឧត្តមសេនីយ៍ Abdel Fattah al-Burhan ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​អធិបតេយ្យ​អន្តរកាល​របស់​ប្រទេស​ស៊ូដង់ និង​កង​កម្លាំង​ជំនួយ​រហ័ស (RSF) ទាហាន​ប៉ារ៉ា ដែល​ដឹកនាំ​ដោយ​លោក​នាយ​ឧត្តមសេនីយ៍ Mohamed Hamdan Dagalo ដែល​ជា​អនុ​ប្រធាន​នៃ​ក្រុមប្រឹក្សា​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​បទ​ឈប់​បាញ់​គ្នា​រយៈពេល ៣ ម៉ោង​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​រវាង​ក្រុម​ទាំង​ពីរ ប៉ុន្តែ​អ្នក​ស្រុក​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា គេ​អាច​ឮ​ការ​ផ្ទុះ​ខ្លាំងក្លា​និង​ស្នូរ​កាំភ្លើង​ជា​បន្ត ក៏​ដូចជា​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​ទីតាំង​ក្រុម​កង​កម្លាំង RSF កាលពី​យប់​ថ្ងៃ​អាទិត្យ។

កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ គេ​អាច​ឮ​ស្នូរ​កាំភ្លើង​ខ្លាំងក្លា​នៅ​ក្នុង​តំបន់​កណ្ដាល​ក្រុង​នៃ​រដ្ឋធានី​ Khartoum ​នៅ​ម្ដុំ​ទីស្នាក់ការ​កណ្ដាល​របស់​យោធា​ស៊ូដង់​និង​វិមាន​ប្រធានាធិបតី។

ទាំង​យោធា​ស៊ូដង់​និង​ក្រុម​កង​កម្លាំង RSF សុទ្ធតែ​អះអាង​ថា​ជា​អ្នក​ត្រួតត្រា​ទីតាំង​យុទ្ធសាស្ត្រ​ទាំង​នេះ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និង​រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​លោក James Cleverly បាន​អំពាវនាវ​ឱ្យ​មាន «ការ​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា» នៅ​ក្នុង​ប្រទេស​ស៊ូដង់ និង​បាន​ជំរុញ​ភាគី​ទាំង​សង​ខាង​ឱ្យ​ត្រឡប់​មក​ចរចា​គ្នា។ លោក Blinken និង​លោក Cleverly បាន​លើកឡើង​ដូច្នេះ​នៅ​ក្រៅ​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស G-7។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ថ្កោលទោស​ការ​ប្រយុទ្ធ​គ្នា​រវាង​យោធា​ស៊ូដង់​និង​កង​កម្លាំង​ទាហាន​ប៉ារ៉ា​នេះ​ថា​បាន​សម្លាប់​បុគ្គលិក ៣ នាក់​នៃ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) របស់​អង្គការ​សហប្រជាជាតិ៕

(ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, Reuters និង​ AFP)

XS
SM
MD
LG