អ្នកស្រី Sarah Huckabee Sanders អភិបាលរដ្ឋ Arkansas ខាងបក្សសាធារណរដ្ឋ និងលោក Gavin Newsom អភិបាលរដ្ឋ California ខាងបក្សប្រជាធិបតេយ្យ មានគំនិតដូចគ្នាតិចតួចប៉ុណ្ណោះ ប៉ុន្តែអ្នកទាំងពីរគឺជាអ្នកគាំទ្រខ្លាំងក្លាចំពោះគំនិតមួយដែលកំពុងទទួលបានការគាំទ្រយ៉ាងលឿនពីគណបក្សទាំងពីរនៅក្នុងរដ្ឋទាំងពីរ ដែលនោះគឺការហាមឃាត់ទូរសព្ទដៃរបស់សិស្សនៅម៉ោងសិក្សា។
រដ្ឋយ៉ាងតិច ៨ បានអនុម័តបម្រាមដូចនេះក្នុងពេលពីរឆ្នាំកន្លងមកនេះ ហើយរដ្ឋជាច្រើនទៀតកំពុងពិចារណាអំពីសំណើអំពីបម្រាមនេះនៅក្នុងឆ្នាំនេះ។
ហេតុអ្វីបានជារដ្ឋមួយចំនួននៅសហរដ្ឋអាមេរិកហាមឃាត់ការប្រើទូរសព្ទដៃក្នុងម៉ោងសិក្សា?
ការជំរុញនូវបម្រាមប្រើទូរសព្ទដៃនេះត្រូវបានជំរុលឡើងដោយក្ដីបារម្ភអំពីផលប៉ះពាល់នៃការមើលទូរសព្ទដៃលើសុខភាពផ្លូវចិត្តរបស់កុមារនិងការត្អូញត្អែរពីគ្រូបង្រៀនដែលថាទូរសព្ទដៃបានក្លាយជាការរំខានបន្តជាប់ជានិច្ចនៅក្នុងថ្នាក់រៀន។
អតីតប្រធានផ្នែកសុខភាពសាធារណៈសហរដ្ឋអាមេរិកលោកវេជ្ជបណ្ឌិត Vivek Murthy ធ្លាប់បានអំពាវនាវដល់សភាឱ្យចេញវិធានការតម្រូវឱ្យដាក់ស្លាកសញ្ញាព្រមានលើប្រព័ន្ធផ្សព្វផ្សាយសង្គមអនឡាញអំពីឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយទាំងនេះលើជីវិតរបស់យុវជននិងកុមារ។ លោកបាននិយាយថា សាលារៀនចាំបាច់ត្រូវផ្ដល់ពេលដែលគ្មានទូរសព្ទ។
នៅទូទាំងសហរដ្ឋអាមេរិក សាលារៀន ៧៧% ថាទូរសព្ទដៃត្រូវបានហាមឃាត់នៅក្នុងសាលាសម្រាប់ការប្រើប្រាស់ណាដែលមិនទាក់ទងនឹងការសិក្សា។ នេះបើយោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ស្ថិតិអប់រំ។ ប៉ុន្តែតួលេខនេះគឺធ្វើឱ្យគេយល់ច្រឡំ។ វាមិនមែនមានន័យថាសិស្សានុសិស្សធ្វើតាមបម្រាមទាំងនោះឬសាលារៀនទាំងអស់នោះដាក់កំហិតឱ្យអនុវត្តបម្រាមទាំងនោះនោះទេ។
អ្នកស្រី Kim Whitman សហស្ថាបនិកចលនាសាលារៀនគ្មានទូរសព្ទដៃ (Phone Free Schools Movement) បាននិយាយថា បញ្ហានេះគឺកាន់តែចាប់អារម្មណ៍ដោយសារតែឪពុកម្ដាយនិងគ្រូបង្រៀនទាំងនៅក្នុងរដ្ឋដែលមានអ្នកគាំទ្របក្សសាធាណរដ្ឋច្រើននិងរដ្ឋដែលមានអ្នកគាំទ្របក្សប្រជាធិបតេយ្យច្រើនសុទ្ធតែប្រឹងប្រែងទប់ទល់ជាមួយនឹងផលវិបាកនៃសិស្សសាលាប្រើទូរសព្ទដៃ។
អ្នកស្រីបាននិយាយថា៖ «មិនថាអ្នករស់នៅក្នុងទីក្រុងធំឬក្រុងនៅជនបទ តំបន់ទីក្រុងឬតំបន់ជាយក្រុងនោះទេ សិស្សគឺរៀនមិនទាន់និងចាំបាច់ត្រូវងាកចេញពីទូរសព្ទដៃនិងប្រព័ន្ធផ្សព្វផ្សាយសង្គមអនឡាញក្នុងពេលសិក្សា ៧ ម៉ោង [ក្នុងមួយថ្ងៃ] នៅសាលារៀន»។
តើរដ្ឋណាខ្លះដែលអនុម័តបម្រាមនេះ?
រដ្ឋយ៉ាងតិចចំនួន ៨ បានអនុម័តវិធានការហាមឃាត់ឬដាក់កំហិតលើការប្រើប្រាស់ទូរសព្ទដៃរបស់សិស្សនៅតាមសាលារៀន។ រដ្ឋទាំងនោះគឺ California, Florida, Indiana, Louisiana, Minnesota, Ohio, South Carolina និង Virginia។
គោលនយោបាយតាមរដ្ឋនីមួយៗមានលក្ខណៈខុសៗគ្នា។ រដ្ឋ Florida ជារដ្ឋដំបូងគេបង្អស់ដែលបង្ក្រាបលើការប្រើប្រាស់ទូរសព្ទដៃនៅតាមសាលារៀន ដោយបានអនុម័តច្បាប់មួយកាលពីឆ្នាំ ២០២៣ ដែលតម្រូវឱ្យសាលារៀនរដ្ឋទាំងអស់ហាមឃាត់ការប្រើទូរសព្ទដៃក្នុងពេលរៀននិងបិទមិនឱ្យប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមអនឡាញបាននៅពេលភ្ជាប់ Wi-Fi របស់រដ្ឋ។
ច្បាប់រដ្ឋ California មួយដែលបានអនុម័តនៅឆ្នាំ ២០២៤ តម្រូវឱ្យតំបន់សាលារៀនជិត ១.០០០ កន្លែងរបស់រដ្ឋនេះបង្កើតគោលនយោបាយទូរសព្ទដៃដោយខ្លួនឯងនៅត្រឹមខែកក្កដាឆ្នាំ ២០២៦ ខាងមុខ។
រដ្ឋផ្សេងៗទៀតជាច្រើនមិនទាន់បានដាក់បម្រាមចំពោះទូរសព្ទដៃនេះនៅឡើយទេ ប៉ុន្តែបានលើកទឹកចិត្តតំបន់សាលារៀននានាឱ្យអនុម័តការរឹតត្បិតដូចនេះឬក៏បានផ្ដល់ថវិកាដល់សាលាទាំងនោះសម្រាប់កន្លែងរក្សាទុកទូរសព្ទដៃរបស់សិស្សក្នុងអំឡុងពេលសិក្សា។
អ្នកស្រី Sarah Huckabee Sanders អភិបាលរដ្ឋ Arkansas បានប្រកាសអំពីកម្មវិធីសាកល្បងមួយកាលពីឆ្នាំមុនដោយផ្ដល់ថវិកាដល់សាលារៀនណាដែលអនុវត្តគោលនយោបាយគ្មានទូរសព្ទដៃ ហើយតំបន់សាលារៀនជាង ១០០ កន្លែងបានចុះឈ្មោះក្នុងកម្មវិធីនេះ។
អ្នកស្រី Sanders បាននិយាយថា ឥឡូវនេះអ្នកស្រីចង់តម្រូវឱ្យតំបន់សាលារៀនទាំងអស់ហាមឃាត់ការប្រើទូរសព្ទដៃក្នុងអំឡុងពេលសិក្សា ប៉ុន្តែសំណើនេះគឺអាស្រ័យលើតំបន់សាលារៀននីមួយៗក្នុងការតាក់តែងគោលនយោបាយរបស់ខ្លួន។
អ្នកស្រី Sanders បានប្រាប់អ្នកយកព័ត៌មានកាលពីពេលថ្មីៗនេះថា៖ «គ្រូបង្រៀនដឹងថា [ទូរសព្ទដៃគឺជា] ការរំខានដ៏ធំមួយ ប៉ុន្តែការរំខានធំខ្លាំងជាងនេះទៀតគឺថាវាប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់សិស្សជាច្រើន»។
កាលពីពេលថ្មីៗនេះ អភិបាលរដ្ឋផ្សេងទៀតក៏បានអំពាវនាវឱ្យមានការហាមឃាត់ដូចនេះផងដែរដែលក្នុងនោះមានដូចជាអភិបាលរដ្ឋ New Hampshire អ្នកស្រី Kelly Ayotte អភិបាលរដ្ឋ Iowa អ្នកស្រី Kim Reynolds និងអភិបាលរដ្ឋ Nebraska លោក Jim Pillen ជាដើម។
អភិបាលរដ្ឋ New York អ្នកស្រី Kathy Hochul បានស្នើថា អ្នកស្រីចង់ឱ្យមានគោលនយោបាយមួយនៅទូទាំងរដ្ឋ New York អំពីការប្រើទូរសព្ទដៃរបស់សិស្សក្នុងម៉ោងសិក្សានេះ ប៉ុន្តែអ្នកស្រីមិនបានបកស្រាយលម្អិតនោះទេ។
តើការប្រឆាំងចំពោះបម្រាមនេះមានអ្វីខ្លះ?
បម្រាមប្រើទូរសព្ទដៃនេះបានប្រឈមនឹងការប្រឆាំងពីឪពុកម្ដាយមួយចំនួនដែលនិយាយថាពួកគេចាំបាច់ត្រូវអាចទាក់ទងជាមួយនឹងកូនៗរបស់ពួកគេដោយផ្ទាល់ក្នុងករណីអាសន្នណាមួយ។
ឪពុកម្ដាយខ្លះបានលើកឡើងអំពីករណីបាញ់ប្រហារនៅតាមសាលារៀនក្នុងពេលថ្មីៗនេះ ដោយការមានទូរសព្ទដៃជាប់នឹងខ្លួនគឺជាវិធីតែមួយគត់ដែលសិស្សខ្លះអាចទាក់ទងសមាជិកគ្រួសារឬអ្នកដែលខ្លួនទុកចិត្តបានសម្រាប់អ្វីដែលពួកគេគិតថាអាចជាពេលវេលាចុងក្រោយ។
ប៉ុន្តែ អ្នកគាំទ្របម្រាមនេះបានបញ្ជាក់ថាទូរសព្ទដៃរបស់សិស្សអាចបង្កជាគ្រោះថ្នាក់បន្ថែមក្នុងអំឡុងស្ថានការណ៍អាសន្នដោយសារវាអាចរំខានសិស្សផ្សេងទៀតឬក៏អាចបង្ហាញឱ្យឃើញនូវទីតាំងរបស់ពួកគេក្នុងអំឡុងពេលមានហេតុការណ៍បាញ់ប្រហារកំពុងកើតឡើង។
ឪពុកម្ដាយដែលប្រឆាំងនឹងបម្រាមនេះក៏បាននិយាយផងដែរថាពួកគេចង់ឱ្យកូនៗរបស់ខ្លួនអាចប្រើទូរសព្ទដៃបានសម្រាប់តម្រូវការផ្សេងៗដូចជាការទាក់ទងសម្រាប់ឱ្យឪពុកម្ដាយឬអាណាព្យាបាលទៅទទួលពួកគេជាដើម។
អ្នកស្រី Keri Rodrigues ប្រធានសហជីពជាតិឪពុកម្ដាយ (National Parents Union) បានបញ្ជាក់ថា អ្នកស្រីយល់ស្របអំពីគ្រោះថ្នាក់នៃប្រព័ន្ធផ្សព្វផ្សាយសង្គមអនឡាញលើកុមារ ប៉ុន្តែថាបម្រាមដែលរដ្ឋនីមួយៗចង់អនុវត្តគឺទូលំទូលាយពេក។ ការហាមឃាត់ការប្រើទូរសព្ទដៃនៅតាមសាលារៀនគឺនឹងមិនដោះស្រាយបញ្ហាឫសគល់នានាដូចជាការសម្លុតឌឺដងឬក៏គ្រោះថ្នាក់នៃប្រព័ន្ធផ្សព្វផ្សាយសងុ្គមអនឡាញនោះឡើយ។
អ្នកស្រីបាននិយាយថា៖ «យើងមិនបានធ្វើកិច្ចការរបស់យើងក្នុងនាមជាមនុស្សពេញវ័យដើម្បីព្យាយាមបង្រៀនកូនៗរបស់យើងនូវជំនាញដែលពួកគេត្រូវការក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះទេ។ យើងគ្រាន់តែបណ្ដោយតាមពេលវេលាដោយមិនខ្វល់ពីពួកគេនៅក្រោយម៉ោងសិក្សាពីសាលា»៕
ប្រែសម្រួលដោយ លោក ភី សុភាដា