ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សិក្សា៖ ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ក្នុង​ចំណោម​៤​នាក់​ប្រើ​អ៊ីនធឺណិត​ស្ទើរ​ឥត​ឈប់ឈរ


(រូបភាព​ឯកសារ) មនុស្ស​ម្នាក់​កំពុង​ប្រើប្រាស់​កុំព្យូទ័រ​ នៅ​ក្នុង​ក្រុង Miami រដ្ឋ Florida កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។
(រូបភាព​ឯកសារ) មនុស្ស​ម្នាក់​កំពុង​ប្រើប្រាស់​កុំព្យូទ័រ​ នៅ​ក្នុង​ក្រុង Miami រដ្ឋ Florida កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។

មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ Pew រក​ឃើញ​​ថា ហេតុផល​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​យ៉ាងខ្លាំង​នេះ គឺ​ដោយសារ​ការ​រីកសាយ​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប។

របាយការណ៍​ថ្មី​មួយ​ ដែល​បាន​ចេញ​ដោយ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ Pew បាន​ឲ្យ​ដឹង​ថា ជនជាតិ​អាមេរិកាំង​ពេញ​វ័យ ចំនួន​២៦​ភាគរយ ចំណាយ​ពេល​ជាច្រើន​តាម​អ៊ីនធឺណិត ដែល​ចំនួន​នេះ បាន​កើន​ឡើង​ចំនួន​២១​ភាគរយ គិត​តាំង​ពី​ឆ្នាំ​២០១៥​មក។ មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ Pew ក៏​បាន​រក​ឃើញ​ផង​ថា ពលរដ្ឋ​អាមេរិកាំង​ចំនួន​៧៧​ភាគរយ ប្រើប្រាស់​អ៊ីនធឺណិត​ជា​រៀងរាល់​ថ្ងៃ ហើយ​មាន​ពលរដ្ឋ​អាមេរិកាំង​ពេញ​វ័យ តែ​១១​ភាគរយ​ប៉ុណ្ណោះ ដែល​មិន​ប្រើ​អ៊ីនធឺណិត​សោះ។

ហេតុផល​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​យ៉ាងខ្លាំង​នេះ គឺ​ដោយសារ​ការ​រីកសាយ​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប។ ពលរដ្ឋ​អាមេរិកាំង​ពេញ​វ័យ ចំនួន​ច្រើន​ជាង​៨​នាក់ ក្នុង​ចំណោម១០នាក់ បាន​និយាយ​ថា ពួកគេ​ប្រើប្រាស់​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​ទំនើប «យ៉ាង​ហោច​ណាស់ យូរៗ​ម្តង»។ ៨៩​ភាគរយ​នៃ​ចំនួន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប បាន​រាយការណ៍​ថា ពួកគេ​ប្រើប្រាស់​អ៊ីនធឺណិត​ជារៀងរាល់​ថ្ងៃ ហើយ​៣១​ភាគរយ បាន​និយាយ​ថា ពួកគេ​ប្រើប្រាស់​អ៊ីនធឺណិត​ស្ទើរ​ឥត​ឈប់ឈរ។

សម្រាប់​ពលរដ្ឋ​អាមេរិកាំង ដែល​ប្រើប្រាស់​អ៊ីនធឺណិត​តាម​កុំព្យូទ័រ ជា​ជាង​តាម​ទូរស័ព្ទ​ទំនើប​នោះ មាន​ចំនួន​៥៤​ភាគរយ ​ប្រើប្រាស់​អ៊ីនធឺណិត​ជារៀងរាល់​ថ្ងៃ ហើយ​អ្នក​ដែល​ចំណាយ​ពេល​យ៉ាងច្រើន​នោះ មាន​តែ​៥ភាគរយ​ប៉ុណ្ណោះ។

អ្វី​ដែល​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ Pew រក​ឃើញ​ហើយ​មិនគួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​ក្រុម​មនុស្ស​ទើបតែ​ពេញវ័យ ជា​ក្រុម​ដែល​មាន​ចំនួន​ច្រើន​ជាង​គេ ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ឥតឈប់ឈរ​នោះ ដោយ​ចំនួន ៣៩​ភាគរយ បាន​និយាយ​ថា ពួកគេ​ប្រើប្រាស់អ៊ីនធឺណិត​ស្ទើរតែ​គ្រប់ពេល។ ជិត​ពាក់កណ្តាល​នៃ​ចំនួន​នេះ បាន​រាយការណ៍​ថា ពួកគេ​ប្រើប្រាស់​អ៊ីនធឺណិត ជាច្រើន​លើក​ក្នុង​មួយ​ថ្ងៃ។ សម្រាប់​ពលរដ្ឋ​អាមេរិកាំង ដែល​មាន អាយុ​លើសពី​៦៥ឆ្នាំ មាន​តែ​៨ភាគរយ​ប៉ុណ្ណោះ ដែល​បាន​រាយការណ៍​ថា បាន​ប្រើប្រាស់​អ៊ីនធឺណិត​ឥត​ឈប់ឈរ ហើយ​៣០ភាគរយ​ថា ពួកគេ​ប្រើប្រាស់​អ៊ីនធឺណិត បី បួន​ដង ក្នុង​មួយ​ថ្ងៃ។

ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​អាយុ​ចន្លោះ ពី​៣០​ឆ្នាំ ដល់​៤៩ឆ្នាំ ត្រូវ​បាន​រាយការណ៍​ថា បាន​ប្រើប្រាស់​អ៊ីនធឺណិត​ក្នុង​កម្រិត​ប្រហាក់​ប្រហែល​នឹង​ក្រុម​មនុស្ស​ទើបតែ​ពេញវ័យ​ដែរ។ ក្នុង​ចំណោម​អ្នក​មាន​អាយុ​ចន្លោះ ពី​៥០ ដល់​៦៤ ឆ្នាំ មាន​ចំនួន​១៧​ភាគរយ រាយការណ៍​ថា បាន​ប្រើប្រាស់​អ៊ីន​ធឺណិត​ស្ទើរ​ឥត​ឈប់ឈរ ដែល​នេះ​ជា​ចំនួនបាន​កើន​៥ភាគរយ បើ​ប្រៀប​ធៀប​ទៅ​នឹង​កាលពី​៣ឆ្នាំ​មុន។

មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ Pew រក​ឃើញ​ថា ក្រុម​អ្នក​ដែល​ប្រើប្រាស់​អ៊ីនធឺណិត​ញឹកញាប់​រួម​មាន «មនុស្ស​ពេញវ័យ​ដែល​មាន​សញ្ញាប័ត្រ​កម្រិត​មហាវិទ្យាល័យ មនុស្ស​ពេញវ័យ​ដែល​មាន​ដើម​កំណើត​អាហ្វ្រិក មនុស្ស​ពេញវ័យ​ដែល​រស់នៅ​ក្នុង​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ និង​អ្នកដែល​មិន​រស់​នៅ​ក្នុង​តំបន់​ជនបទ»។

ជាង​៣៤​ភាគរយ​នៃ​ចំនួន​មនុស្ស​ពេញវ័យ​ដែល​មាន​សញ្ញាប័ត្រ​មហា​វិទ្យាល័យ ឬ សញ្ញាប័ត្រ​ខ្ពស់​ជាង​នេះ ប្រើប្រាស់​អ៊ីន​ធឺណិត​ស្ទើរ​ឥត​ឈប់ឈរ បើ​ប្រៀប​ធៀប​ទៅ​នឹង​ក្រុម​អ្នក​ដែល​មាន​សញ្ញាប័ត្រ​កម្រិត​វិទ្យាល័យ ឬ សញ្ញាប័ត្រ​ទាប​ជាង​នេះ ដែល​មាន​ចំនួន​ត្រឹម​២០​ភាគរយ។

ក្នុង​ចំណោម​ពលរដ្ឋ​មាន​ដើម​កំណើត​អាហ្វ្រិក​វិញ ៣៧​ភាគរយ បាន​រាយការណ៍​ថា​ ពួកគេ​ប្រើប្រាស់​អ៊ីន​ធឺណិត​ស្ទើរ​ឥតឈប់ឈរ ដោយ​ចំនួន​៩២​ភាគរយ​ថា ពួកគេ ប្រើប្រាស់​អ៊ីនធឺណិត​រាល់ថ្ងៃ។ ចំណែក​ពលរដ្ឋ​ដើមកំណើត​អាមេរិក​ឡាទីន (Hispanics) វិញ អ្នក​ប្រើប្រាស់​ស្ទើរ​ឥត​ឈប់ឈរ​នោះ មាន​ចំនួន ៣០​ភាគរយ និង​ពលរដ្ឋ​ស្បែកស មាន​ ២៣​ភាគរយ។ គេ​មើល​ឃើញ​ថា មាន​ការ​កើន​ឡើងនៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ក្នុង​ចំណោម​ពលរដ្ឋ​មាន​ដើម​កំណើត​អាហ្វ្រិក និង​ពលរដ្ឋ Hispanics ខណៈ​ដែល​ការ​ប្រើប្រាស់​របស់​ពលរដ្ឋ​ស្បែកស នៅ​ថេរ។

មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ Pew ឲ្យ​ដឹង​ថា ប្រាក់ចំណូល ក៏​ធ្វើ​ឲ្យ​មាន​ភាព​ខុសគ្នា​ចំពោះ​រយៈពេល​ចំណាយ​ក្នុង​ការប្រើប្រាស់​អ៊ីនធឺណិត​ផង​ដែរ។ មជ្ឈមណ្ឌល Pew លើក​ឡើង​ថា ពលរដ្ឋ​អាមេរិកាំង​ពេញវ័យ ដែល​រស់នៅ​ក្នុង​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ ៧៥.០០០​ដុល្លារ ឬ ច្រើន​ជាង​នេះ ក្នុង​មួយ​ឆ្នាំ បាន​រាយការណ៍​ថា ពួកគេ​ប្រើប្រាស់​អ៊ីនធឺណិត​ស្ទើរ​ឥតឈប់ឈរ។ សម្រាប់​ក្រុម​អ្នកទាំងឡាយ​ដែល​មាន​ប្រាក់​ចំណូល ៣០.០០០ ដុល្លារ ឬ តិច​ជាង​នេះ ក្នុង​មួយ​ឆ្នាំ ការ​ប្រើប្រាស់​អ៊ីនធឺណិត គឺ​មាន​ត្រឹមតែ​២៤​ភាគរយ​ប៉ុណ្ណោះ។

ពលរដ្ឋ​អាមេរិកាំង​រស់​នៅ​ក្នុង​ទីក្រុង​និង​ជាយ​ក្រុង ដែល​ទំនង​ជា​នឹង​ប្រើប្រាស់​អ៊ីនធឺណិត​គ្រប់ពេល​ មាន​ចំនួន​ប្រមាណ​ជា ២៧ ភាគរយ ប្រៀប​ធៀប​ទៅ​នឹង​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​ជនបទ មាន​១៥ ភាគរយ៕

ប្រែសម្រួល​ដោយ លី ម៉ូរីវ៉ាន់

XS
SM
MD
LG