ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគនិងក្រុមប្រឆាំងថា ប្រទេសបង់ក្លាដែសកំពុងត្រៀមរៀបចំការបោះឆ្នោត«មិនយុត្តិធម៌»ជាឯកតោភាគី


រូបឯកសារ៖ ក្រុមមេដឹកនាំគណបក្ស សកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំង BNP ជួបជុំគ្នានៅក្រុងដាកា ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
រូបឯកសារ៖ ក្រុមមេដឹកនាំគណបក្ស សកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំង BNP ជួបជុំគ្នានៅក្រុងដាកា ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។

ទោះបី​ជា​ស្ថាប័ន​បោះឆ្នោត​ជាតិ​នៅ​បង់ក្លាដែស​បាន​ប្រកាស​ថា ការ​បោះឆ្នោត​សភា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៧​ ខែ​មករា​ខាង​មុខនេះ​ក៏​ដោយ​ ក៏​គណបក្ស​ប្រឆាំង​ សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​វិភាគ​នយោបាយជា​ច្រើន​បាន​ចាត់​ទុក​ថា​ ស្ថានភាព​នៅ​ក្នុង​ប្រទេស​នេះ​មិន​សមស្របទៅ​នឹង​ការ​រៀប​ចំការបោះឆ្នោត​ទាល់​តែ​សោះ។

សកម្មជន​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា​ ជាមួយ​នឹង​ការ​បង្រ្កាប​ដ៏​ធំ​ដែល​កំពុង​ធ្វើ​ឡើង​ប្រឆាំង​នឹង​គណបក្ស​នយោបាយ​ប្រឆាំង​ ហើយ​មេដឹកនាំ​គណបក្ស​និង​សកម្មជនជាច្រើន​នាក់​នៅ​តែ​ត្រូវ​បាន​ចាប់​ខ្លួន​តាម​ទំនើង​ចិត្ត​នៅ​ទូទាំង​ប្រទេស​នោះ​ ការ​បោះឆ្នោតនឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តិធម៌​នោះ​ទេ។

អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃតំបន់​អាស៊ី​របស់​អង្គការសិទ្ធិ​មនុស្ស Human Rights Watch ​អ្នក​ស្រី​ Julia Bleckner បាន​ប្រាប់​វីអូអេ​ថា៖ «នាយក​រដ្ឋមន្ត្រី​បង់ក្លាដែស អ្នកស្រី Sheikh Hasina កំពុង​ចាប់​ខ្លួន​គូប្រជែង​របស់​អ្នកស្រី​ដាក់​ពន្ធនាគារយ៉ាង​ឆាប់រហ័ស​ នៅ​មុន​ការ​បោះឆ្នោត​សកល​ក្នុង​ខែមករា​ខាង​មុខនេះ។ ត្រឹមតែ​មួយ​ខែ​ចុង​ក្រោយ​នេះ​ អង្គការសិទ្ធិ​មនុស្ស ​Human Rights Watch បាន​កត់ត្រា​ករណី​ជា​ច្រើននៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ ការ​ធ្វើ​ទារុណកម្ម ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ និង​ការ​ចាប់​ខ្លួន​ក្រុម​ប្រឆាំង​នយោបាយ​តាម​ទំនើង​ចិត្តក្នុង​ទ្រង់ទ្រាយ​ធំ»។

អ្នក​ស្រី​បន្ថែម​ថា៖ «ការ​បង្ក្រាប​ជា​ប្រព័ន្ធ​ដែល​កំពុង​ធ្វើ​ឡើង​ប្រឆាំង​នឹង​សមាជិក​បក្ស​ប្រឆាំង​ អ្នក​រិះគន់​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ដោយ​កង​កម្លាំង​សន្តិសុខ​បង់ក្លាដែស​ ធ្វើ​ឱ្យ​ការ​បោះ​ឆ្នោត​ដោយសេរី​ និង​យុត្តិធម៌​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ទេ»។

​គណបក្ស​ជាតិនិយមបង់ក្លាដែស​ (BNP)​ បាន​ធ្វើ​ពហិការមិន​ចូលរួម​ការ​បោះឆ្នោតសកល​នៅ​ក្នុង​ប្រទេស​នេះ កាល​ពី​ឆ្នាំ ២០១៤​។ ក្នុងឆ្នាំ ២០១៨ ការ​បោះឆ្នោត​សកល​ត្រូវ​បាន​រំខាន​ដោយ​ការ​ចោទ​ប្រកាន់​យ៉ាង​ច្រើន​អំពី​ការ​ក្លែងបន្លំ​សន្លឹក​ឆ្នោត​ ដោយ​គណបក្ស​សម្ព័ន្ធ Awami (AL) ​ដែល​កំពុង​គ្រប់គ្រង​អំណាច​របស់​អ្នកស្រី Hasina ។

ចាប់​តាំង​ពី​ឆ្នាំ​មុន​មក​ សហរដ្ឋអាមេរិក​ និង​ប្រទេស​ផ្សេងៗ​ទៀត​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​របស់​អ្នកស្រី Hasina រៀបចំ​ការ​បោះឆ្នោត​សកល​ខាង​មុខ​នេះ ​ដោយ​សេរី​និង​យុត្តិធម៌។ កាល​ពីខែកញ្ញា​កន្លង​ទៅ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា​ ខ្លួន​បាន​ចាប់​ផ្តើម​ «ចាត់​វិធានការក្នុងការរឹតបន្តឹងទិដ្ឋាការ» ដល់​ពលរដ្ឋ​បង់ក្លាដែស​ណា ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ពាក់ព័ន្ធ​ក្នុង​ការ​ «បំផ្លាញ​ដំណើរការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ» នៅ​ក្នុង​ប្រទេសនេះ​។

បន្ទាប់ពី​ការ​ប្រកាស​កាល​បរិច្ឆេទនៃ​ការ​បោះឆ្នោត​សកល​នៅ​ពេល​ខាង​មុខ​នេះ​មក​ គណបក្ស BNP និង​សម្ព័ន្ធមិត្ត​បាន​បន្ត​ទាមទារ​ឱ្យ​អ្នកស្រី Hasina ចុះ​ចេញ​ពី​តំណែង។ ការ​បង្រ្កាប​លើ​ក្រុម​ប្រឆាំង​ដោយ​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាលបង់ក្លាដែស បាន​ធ្វើ​ឱ្យ​មេដឹកនាំ​និង​សកម្មជន​គណបក្ស​ប្រឆាំង​រាប់​រយ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ជា​រៀងរាល់​ថ្ងៃ។

ក្នុង​រយៈពេល​ថ្មីៗ​នេះ អតីត​សមាជិក​សភា មេដឹកនាំ​ជាន់​ខ្ពស់​ និង​សកម្មជន​ជាង ៤០០ នាក់​មក​ពី គណបក្ស​ BNP ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ។ សេចក្តីថ្លែងការណ៍​របស់​គណបក្ស BNP បាន​ថ្លែង​ថា​ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​កាត់​ទោស​ទាំង​នោះ​មាន​បេក្ខជន​ឈរ​ឈ្មោះ​នា​ពេល​អនាគត​មួយ​ចំនួនផង​ដែរ។

លោក​ Mohammad Ashrafuzzaman នៃ​អង្គការ​គម្រោង​យុត្តិធម៌​សម្រាប់​ទោស​ប្រហារ​ជីវិត (CPJP) ដែល​បាន​ចងក្រង​ឯកសារ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​អស់​រយៈពេល​ជាង ១៥ ឆ្នាំ​មក​ហើយ​បាន​ថ្លែង​ថា អ្នកស្រី Hasina​ «ប្រើប្រាស់​ជា​ប្រព័ន្ធ» នូវ​ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​បង់ក្លាដែស​ ដើម្បី​ធ្វើ​ជា​ឧបករណ៍​ដាក់​ទណ្ឌកម្ម​លើ​ក្រុមអ្នក​ប្រឆាំង។

លោក Ashrafuzzaman បាន​ប្រាប់ VOA ថា៖ «ប្រព័ន្ធ​តុលាការ​បាន​ និង​កំពុង​អនុវត្ត​តាម​របប​ដឹកនាំ​របស់​អ្នកស្រី​ Hasina ដោយ​កាត់ទោស​មេដឹកនាំ​គណបក្ស​ប្រឆាំង​សំខាន់ៗ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ជា​ឯកតោ​ភាគី»។

លោកបន្ថែមដូច​នេះ​ទៀត​ថា៖ «តុលាការ ភ្នាក់ងារ​អនុវត្ត​ច្បាប់ អង្គភាព​ស៊ើបការណ៍​សម្ងាត់ និង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​កំពុង​សហការ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជួយ​សម្រួល​ដល់​ការ​បោះឆ្នោត​ក្លែងក្លាយ​ ដែល​ប្រជាជន​បង់ក្លាដែស​បាន​បដិសេធ​រួច​ទៅ​ហើយ»៕

XS
SM
MD
LG