កាលពីថ្ងៃអាទិត្យក្រុមអ្នកតវ៉ារាប់សែននាក់បានចូលរួមក្នុងបាតុកម្មទូទាំងពិភពលោកអំពាវនាវឱ្យមានការអនុម័តការត្រួតត្រាបរិស្ថានជាសាកលនៅពេលដែលមេដឹកនាំពិភពលោកធ្វើដំណើរទៅកាន់ក្រុង ប៉ារីស ដើម្បីចូលរួមក្នុងការបើកការប្រជុំសន្និសីទកំពូលអ.ស.ប.ស្តីពីធាតុអាកាសនៅថ្ងៃច័ន្ទនេះ។
ក្រុមសកម្មជនបានកាន់ដៃគ្នានៅកណ្តាលរដ្ឋធានីនៃប្រទេសបារាំងខណៈពេលដែលមានការការពារសន្តិសុខតឹងរ៉ឹងក្រោយការវាយប្រហារភេរវកម្មដ៏ប្រល័យដោយពួករដ្ឋឥស្លាម កាលពីដើមខែនេះដែលបានបណ្តាលឱ្យមនុស្ស១៣០នាក់បានស្លាប់។ ក៏ប៉ុន្តែការតវ៉ាដោយសន្តិវិធីនេះបានក្លាយទៅជាអំពើហិង្សាដោយពួកប៉ូលិសបានបាញ់គ្រាប់បែកផ្សែងដាក់បាតុករមួយក្រុមតូចហើយបានចាប់ខ្លួនមនុស្សប្រមាណ១០០នាក់។
ដោយពួកមន្ត្រីបានហាមប្រាមមិនឱ្យមានការដើរក្បួន ក្រុមបាតុកររួមមានលោកអគ្គលេខាធិការអ.ស.ប.បានគីមូន ផងដែរ បានបន្សល់ស្បែកជើងប្រមាណ ២ម៉ឺនគូរនៅលើដីក្នុងទីលានសាធារណរដ្ឋ។ ក្រុមអ្នករៀបចំបាតុកម្មនេះបាននិយាយថាស្បែកទាំងអស់នេះមានទម្ងន់ បួនតោន ហើយមានរួមបញ្ចូលស្បែកជើងមួយគូដែលអាជ្ញាធរវិមានវ៉ាទីកង់(Vatican) បានបញ្ជូនមកក្នុងព្រះនាមសម្តេចប៉ាប Francis ផងដែរ។
បាតុកម្មជាង ២.០០០ បានកើតមានឡើងនៅថ្ងៃអាទិត្យនៅកន្លែងឯទៀតៗ ដោយមានរួមមានបាតុកម្មនៅក្នុងក្រុង Perth ប្រទេស អូស្រា្តលី ក្រុងប៊ែកឡាំង(Berlin) ទីក្រុងឡុងដ៏ ទីក្រុងSao Paulo និងបូរី ញូវយ៉ក។
មេដឹកនាំពិភពលោកប្រមាណ១៥០នាក់ត្រូវបានរំពឹងទុកថានឹងចូលរួមក្នុងការចាប់ផ្តើមនៃសន្និសីទនេះរួមមានលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោកBarack Obama លោកប្រធានាធិបតីចិន Xi Jinping លោកនាយករដ្ឋមន្ត្រី Narendra Modi នៃប្រទេសឥណ្ឌានិងលោកប្រធានាធិបតីរុស្សីVladimir Putin៕