ស្នងការប៉ូលីសក្រុងបាល់ទីម័រ (Baltimore) បានថ្លែងថា ទីក្រុងនៅក្នុងភាគខាងកើតនៃស.រ.អា.មួយនេះ «មានស្ថិរភាពឡើងវិញ» ខណៈពេលដែលអាជ្ញាធរដាក់បំរាមគោចរនៅពេលយប់ បន្ទាប់ពីមានកូដកម្មដោយសារមរណភាពរបស់យុវជនស្បែកខ្មៅម្នាក់ដែលបានស្លាប់នៅក្នុងការឃុំឃាំងរបស់ប៉ូលីសនៅដើមខែនេះ។
ភ្នាក់ងារប៉ូលីសពាក់ឯកសណ្ឋានការពារកូដកម្មបានប្រឈមមុខជាមួយបាតុករមួយក្រុមតូច ដែលនៅជួបជុំគ្នាតាមផ្លូវប្រឆាំងនឹងបំរាមគោចរ ដែលត្រូវចូលជាធរមាននៅម៉ោង ១០ យប់ ថ្ងៃអង្គារ។ នៅពេលដែលប៉ូលីសបានបញ្ជាឲ្យក្រុមបាតុករបំបែកជួរ មានមនុស្សខ្លះបានចោលដបនិងចំអកដាក់ភ្នាក់ងារប៉ូលីស តែមួយម៉ោងក្រោយមក បាតុករភាគច្រើនបានដើរចេញពីទីក្រុងនោះ។
អ្នកក្រុងបាននាំគ្នាចេញទៅសំអាតទីក្រុងកាលពីថ្ងៃអង្គារ រើសសំរាម ស្រក់ទឹកភ្នែក និងឃើញហាងដែលត្រូវគេដុត និងផ្សារដែលមានមនុស្សចូលទៅលួចអីវ៉ាន់។
នៅពេលថ្ងៃលិចថ្ងៃអង្គារ ផ្លូវដែលមានពោរពេញទៅដោយក្រុមកូដករកាលពី ២៤ ម៉ោងមុន ឥឡូវមានតូរ្យតន្ត្រី ការរាំរែក និងមនុស្សអោបគ្នាយ៉ាងរីករាយ។
អភិបាលក្រុង លោកស្រី Stephanie Rawlings-Blake បានចេញទៅមើលទីកន្លែងធ្វើបាតុកម្ម ហើយថាលោកស្រីបានឃើញលក្ខណៈពិតជាក់ស្តែងរបស់ទីក្រុងបាល់ទីម័រ គឺអ្នកក្រុងបានទាមទារនិងផ្សះផ្សាទីក្រុងរបស់គេឡើងវិញ។
អ្នកស្រី Victoria Macchi នៃវីអូអេរាយការណ៍ថា បន្ទាប់ពីមានការវាយប្រយុទ្ធគ្នាមួយរយៈខ្លីក្នុងភាគមួយនៃទីក្រុងនេះ ក្រុមបាតុករបានចេញទៅឈរជារបាំងរវាងក្រុមប៉ូលីសនិងក្រុមបាតុករដែលមានកំហឹង៕