កាលពីថ្ងៃសៅរ៍ ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅក្នុងក្រុង Baltimore នាប៉ែកខាងកើតស.រ.អា ដោយប្តេជ្ញាថា «បិទ»ក្រុងដោយសារមានការស្លាប់នៃបុរសអាមេរិកាំងដើមកំណើតអាហ្វ្រិកវ័យក្មេងម្នាក់នៅពេលក្រុមប៉ូលិសចាប់ឃុំឃាំង។
ក្រុមអ្នករៀបចំបាតុកម្មនេះបាននិយាយថា គោលដៅគឺបង្អាក់ចរាចរណ៍ជាមួយការដើរក្បួនមួយតាមវិថីនានាទៅកាន់សាលាក្រុង។
ប្រជាជនបានធ្វើបាតុកម្មនៅក្នុងក្រុង Baltimore ចាប់តាំងពីការស្លាប់របស់លោក Freddie Gray កាលពីថ្ងៃអាទិត្យមុន ក៏ប៉ុន្តែគេរំពឹងថា ការប្រជុំមហាជននៅថ្ងៃសៅរ៍តាមពេលវេលាផ្នែកខាងកើតស.រ.អាជាបាតុកម្មធំបំផុតមួយ។ ក្រុមបាតុករទាមទាររកយុត្តិធ៌មឲ្យបុរសអាយុ២៥ឆ្នាំរូបនេះ ដែលបានស្លាប់មួយសប្តាហ៍ក្រោយពីបានរងគ្រោះដោយសាររបួសសរសៃឆ្អឹងខ្នងនៅពេលលោកបានត្រូវចាប់ឃុំឃាំង។ ពីធីបុណ្យសពលោកមានកំណត់នឹងធ្វើឡើងនៅថ្ងៃច័ន្ទ៕