ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​អះអាង​ថា ពលករ​​ខ្មែរ​ចំណាក​ស្រុក​ខុសច្បាប់​នៅ​ថៃ ​មាន​ជាង​២​សែន​នាក់


រូបឯកសារ៖ ពលករ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ។
រូបឯកសារ៖ ពលករ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ។

ក្រសួង​ការងារ​ថៃ​ក៏បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ទទួល​លិខិត​ស្វ័យ​ប្រកាស​ពី​និយោជក​ថៃ​សរុប​ចំនួន​ជិត​២​សែន​និយោជក។

ក្រសួង​ការងារ​ប្រទេស​ថៃ​ បាន​បញ្ជាក់​ថា​ មាន​ពលករ​ខ្មែរ​ មិនទាន់​ស្រប​ច្បាប់​ចំនួន​ជាង​ ២​សែន​នាក់​ បាន​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​នេះ​ ដែល​ទាប​ជាង​ការ​ប៉ាន​ប្រមាណ​របស់​ភាគី​ថៃ​ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​ ២០១៦ ដែល​នៅ​ពេល​នោះ ភាគី​ថៃ បាន​លើក​ឡើង​ថា​ មាន​ពលករ​ខ្មែរ​មិន​ទាន់​ស្របច្បាប់​ចំនួនដល់​ទៅ​ជាង​ ៣​សែន​នាក់។​ នេះ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​គណៈកម្មការ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា​ ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ ដែល​ VOA ​ទទួល​បាន​នៅ​ថ្ងៃ​អង្គារ​នេះ។​

តាម​ការ​ស្រង់​ទិន្នន័យ​របស់​ក្រសួង​ការងារ​ថៃ​ដែល​បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​ ២៤​ ខែ​កក្កដា​ ដល់​ថ្ងៃ​ ទី​ ៧ ខែ សីហា បាន​ឲ្យដឹង​ថា​ ពលករ​កម្ពុជា​មិន​ទាន់​ស្របច្បាប់​ ចំនួន​ ជាង​ ២សែន​នាក់​នោះ​ គឺ​ស្ថិត​ក្នុង​ចំណោម​ពលករ​បរទេស​មិន​ទាន់​ស្រប​ច្បាប់​ ដែល​មាន​ចំនួន​សរុបជិត​ ៧​សែន​នាក់។ ក្រៅពី​ប្រទេស​កម្ពុជា​ មាន​ពលករ​មីយ៉ាន់ម៉ា​ចំនួន​ជាង ​៤សែន​នាក់​ និង​ឡាវ​ចំនួន​ជិត​ ៩​ម៉ឺន​នាក់។

ក្រសួង​ការងារ​ថៃ​ក៏បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ទទួល​លិខិត​ស្វ័យ​ប្រកាស​ពី​និយោជក​ថៃ​សរុប​ចំនួន​ជិត​២​សែន​និយោជក។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា​ ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ ចុះ​ថ្ងៃ​ទី​ ៧​ ខែ សីហា​ ក៏បាន​ក្រើន​រំឭក​ដល់​កម្មករ​ខ្មែរ​មិនទាន់​ស្រប​ច្បាប់​ទាំងអស់​ឲ្យ​ទៅ​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​ ដែល​នឹង​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​នៃ​ការ​រក​ប្រាក់​កម្រៃ​ដោយ​កម្លាំង​ពលកម្ម​នៅ​ប្រទេស​ថៃ។

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​ «ចាប់​ពី​ថ្ងៃ​ទី​ ៨​ ខែ សីហា​ ដល់​ថ្ងៃ​ ទី​ ៩​ ខែ​កញ្ញា​ ឆ្នាំ​ ២០១៧​ គឺជា​ដំណាក់កាល​មួយ​សម្រាប់​ពលករ​កម្ពុជា​ ដែល​មិន​ទាន់​ស្របច្បាប់​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​នៅ [​ការិយាល័យ​ណាមួយ​ក្នុង​ចំណោម]​ ការិយាល័យ​ទាំង៩៧​កន្លែង​របស់​ភាគី​ថៃ​ ដើម្បី​ទទួល​បាន​លិខិត​បញ្ជាក់​ពី​ក្រសួង​ការងារ​ថៃ»។

ពលករ​ខ្មែរ​រាប់ពាន់​នាក់​ ដែល​ភ័យ​ខ្លាច​ការ​អនុវត្ត​ច្បាប់​ការងារ​ថ្មី​របស់​ថៃ​ បាន​ធ្វើ​ដំណើរ​ ឬ​ត្រូវ​ចាប់​បញ្ជូន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ​កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​ ​បន្ទាប់​ពី​ច្បាប់​ការងារ​ថ្មី​របស់​ថៃ​ចូល​ជា​ធរមាន។ ច្បាប់​ថ្មី​ ដែល​ចងក្រង​ដោយ​រដ្ឋបាល​យោធា​របស់​ថៃ​ ​បាន​ធ្វើការ​រឹតត្បិត ​និង​ដាក់​ទោស​ទណ្ឌ​លើ​ពលករ​ខុសច្បាប់​ពី​ប្រទេស​នានា​ដូច​ជា​ឡាវ​ កម្ពុជា​ ​និង​មីយ៉ាន់ម៉ា​ជា​ដើម៕

XS
SM
MD
LG