ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ​អំពាវនាវ​រក​ការ​ជួយ​ឧបត្ថម្ភ​ដល់​ពលករ​ខ្មែរ​ដែល​ត្រូវ​ចាប់​បញ្ជូន​ពី​ប្រទេស​ថៃ


រូបឯកសារ៖ ពលករចំណាកស្រុក​កម្ពុជានាំគ្នា​ធ្វើដំណើរឆ្លងកាត់​ព្រំដែនកម្ពុជាថៃនៅខេត្ត​សាកែវ ប្រទេស​ថៃ ដើម្បីវិលត្រឡប់មក​ប្រទេស​កម្ពុជាវិញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤។
រូបឯកសារ៖ ពលករចំណាកស្រុក​កម្ពុជានាំគ្នា​ធ្វើដំណើរឆ្លងកាត់​ព្រំដែនកម្ពុជាថៃនៅខេត្ត​សាកែវ ប្រទេស​ថៃ ដើម្បីវិលត្រឡប់មក​ប្រទេស​កម្ពុជាវិញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤។

បន្ទាប់​ពី​រដ្ឋាភិបាល​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បិទ​ច្រក​របៀង​នានា​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ​ ក្រសួង​មហាផ្ទៃ​ ​កាល​ពី​ថ្ងៃ​អង្គារ​កន្លងទៅ ​បាន​ប្រកាស​ស្វែង​រក​ការ​ទំនុក​បម្រុង​ដល់​ពលករ​ខ្មែរ​ខុសច្បាប់​ ​ដែល​ភាគី​ថៃ​បន្ត​បញ្ជូន​មក​កម្ពុជា​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។​ អ្នក​តាមដាន​ស្ថានភាព​ពលករ​ចំណាក​ស្រុក​នៅ​តាម​ខ្សែ​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ​ ​និយាយ​ថា​ រដ្ឋាភិបាល​មិន​មាន​ផែនការ​ទប់ស្កាត់​ និង​ដោះស្រាយ​វិបតិ្ត​នេះ​ទេ​ ​ក្រៅ​តែ​ពី​ការ​ស្វែង​រក​ដំណោះស្រាយ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

ស្រប​ពេល​ដែល​ការ​ចាប់​បញ្ជូន​ពលករ​ចំណាកស្រុកខ្មែរ​ពី​ប្រទេស​ថៃ​នៅ​បន្ត​កើត​មាន​ក្នុង​ចំនួន​ដ៏​ច្រើន​នោះ​ រដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ស្ថាប័ន​រដ្ឋ​នានា​ ក្នុង​ការ​ជួយ​ដល់​កម្មករ​ឲ្យ​ទទួល​បាន​ជម្រក​ស្នាក់​នៅ​សមរម្យ​ ​និង​អាហារ​ហូបចុក​គ្រប់គ្រាន់។​ នេះ​បើ​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​អង្គារ។

​យោង​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​៤​ ខែ​កក្កដា​ ​ដោយ​លោក​ ស​ ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​បាន​ស្នើ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​ និង​ខេត្ត​ជាប់​ព្រំដែន​ជា​មួយ​ប្រទេស​ថៃ​ ត្រូវ​ជួប​ប្រជុំ​ជា​បន្ទាន់​ជាមួយ​អាជ្ញាធរ​ខេត្ត​ អាជ្ញាធរ​មូលដ្ឋាន​ និង​សមត្ថកិច្ច​នៃ​ប្រទេស​ថៃ​ ដែល​មាន​ព្រំប្រទល់​ជាប់​កម្ពុជា​ ​ដើម្បី​បង្កើន​កិច្ច​សហការ​ផ្លាស់ប្តូរ​ព័ត៌មាន​ពី​ការ​បញ្ជូន​ពលករ​ខ្មែរ​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ​ដោយ​ស្នើ​ឲ្យ​ភាគី​ថៃ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ដឹក​បញ្ជូន​ការ​គោរព​សិទ្ធិពលរដ្ឋ​ សុវត្ថិភាព​ ​សុខភាព​ និង​ស្បៀង​អាហារ​ឲ្យ​សមស្រប។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ត្រូវ​បង្កើន​កិច្ចសហការ​ស្រាវជ្រាវ​រក​មេ​ក្លោង​ដែល​នាំ​ពលករ​ឆ្លងដែន​ខុស​ច្បាប់​ ដើម្បី​ចាត់​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ស្រប​តាម​ច្បាប់​ជា​ធរមាន។

លោក​ ស ខេង​ ក៏​បាន​ស្នើ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​ និង​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ ឲ្យ​ណែនាំ​ដល់​មន្ទីរ​ អង្គភាព​ជំនាញ​នានា​ឲ្យ​សហការ​ជាមួយ​ប្រធាន​ទី​ស្នាក់ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​ ក្នុង​ការ​ទទួល​ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​មក​កម្ពុជា​វិញ។ ទន្ទឹម​នឹង​នេះ​ ត្រូវ​សហការ​រៀបចំ​ជម្រក​បណ្តោះអាសន្ន​ ថ្នាំពេទ្យ​ គ្រូពេទ្យ​សង្គ្រោះ​បន្ទាន់​ ជាពិសេស​ត្រូវ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​កុមារ​ ស្ត្រី​មាន​ផ្ទៃពោះ​ ចាស់​ជរា​ និង​អ្នក​មាន​ជំងឺ​ ព្រម​ទាំង​សហការ​ជាមួយ​រាជធានី​ ខេត្ត​ពាក់ព័ន្ធ​ ចាត់​ចែង​ និង​សម្រប​សម្រួល​ដឹកជញ្ជូន​ពលករ​ខ្មែរ​ពី​ព្រំដែន​ទៅ​កាន់​លំនៅឋាន​រៀងៗ​ខ្លួន​ប្រកបដោយ​សុវត្ថិភាព​ និង​មាន​របៀប​រៀប​រយ​ល្អ។

​សេចក្តី​ណែនាំ​របស់​លោក​ ស ខេង​ ដែល​ VOA បាន​ទទួល​នា​ថ្ងៃ​ពុធ​ ​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«អំពាវនាវ​ដល់​សប្បុរស​ជន​ឲ្យ​ជួយ​ឧបត្ថម្ភ​ដោយ​ ​ស្ម័គ្រចិត្ត​នូវ​ថវិកា​ សម្ភារៈ​ គ្រឿង​ឧបភោគ​បរិភាគ​ ថ្នាំ​ពេទ្យ​ ទី​ជម្រក​បណ្តោះ​អាសន្ន​ និង​មធ្យោបាយ​ដឹកជញ្ជូន​ ដើម្បី​ចូល​រួមចំណែក​ដោះស្រាយ​ការ​លំបាក​នា​នា​របស់​ពលករ»។

សេចក្តី​ណែនាំ​ដដែល​របស់​ក្រសួង​មហាផ្ទៃ​ក៏​បាន​ស្នើ​សមត្ថកិច្ច​ទាំង​អស់​រស់នៅ​តាម​ទី​ស្នាក់ការ​ត្រួត​ពិនិត្យ​នានា​ សម្រួល​គាំទ្រ​ដល់​ពលករ​ខ្មែរ​ ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​ ក៏​ដូច​ពលករ​ខ្មែរ​ស្របច្បាប់​ ដែល​ចេញ​ចូល​ឆ្លងកាត់​ព្រំដែន​ប្រកបដោយ​តម្លាភាព​ និង​មិន​ត្រូវ​ធ្វើ​សកម្ម​ភាព​ណាមួយ​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​ និង​ផលប្រយោជន៍​ពលករ​ជា​ដាច់​ខាត។

​ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដោយ​អាជ្ញាធរ​ថៃ​ កើត​មាន​ឡើង​ ​បន្ទាប់​ពី​រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ការងារ​ថ្មី​មួយ​ ​ដែល​ទើប​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ទី​២៣​ ​ខែ​មិថុនា​កន្លង​ទៅ។ ​ច្បាប់​នេះ​អាច​ដាក់​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​៥ឆ្នាំ​ ​ចំពោះ​ពលករ​ណា​ដែល​គ្មាន​ប័ណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ និង​ផាក​ពិន័យ​រហូត​ដល់​៨០០.០០០​បាត​ ​(ប្រហែល​២៣.៥០០​ដុល្លារ​អាមេរិក) ​ចំពោះ​រោងចក្រ ​ឬ​សហគ្រាស​ណា​ដែល​ទទួល​យក​ពលករ​ខុស​ច្បាប់​ឲ្យ​ធ្វើ​ការ។

អ្នក​តាមដាន​ស្ថានភាព​ពលករ​ខ្មែរ​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ​ថៃ​ បាន​ឲ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ មិន​មាន​យន្តការ​ដោះស្រាយ​វិបត្តិ​នៃ​ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ពី​ប្រទេស​ថៃ​ ព្រោះ​ការ​ចាប់​បញ្ជូន​នេះ​ ធ្លាប់​កើត​មាន​ឡើង​ជា​ច្រើន​លើក​កាល​រួច​មក​ហើយ​ចាប់​តាំង​ពី​ការ​ឡើង​កាន់​អំណាច​របស់​ក្រុម​យោធា​ថៃ។

លោក​ ស៊ុំ ចាន់គា​ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ ប្រចំា​ខេត្ត​បន្ទាយមានជ័យ​ ​ប្រាប់ ​VOA​ ថា រដ្ឋាភិបាលត្រូវ​រៀបចំ​ដោះស្រាយ​វិបត្តិ​នៃ​ការ​ចាប់​បញ្ជូន​ពលករ​នេះ​ ក្នុង​រយៈពេល​វែង​ ហើយ​គួរ​រក​យុទ្ធសាស្ត្រ​បញ្ឈប់​ការ​ចេញ​ចាក​ស្រុក​របស់​ពលរដ្ឋ​ខ្មែរ​ ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ។ លោក​ថា​ ការ​ដោះ​ស្រាយ​បញ្ហា​ឲ្យ​រួច​តែ​មួយ​គ្រាៗ​ មិន​អាច​បញ្ចប់​វិបត្តិ​នេះ​បាន​ទេ៖

«ការ​ទប់ស្កាត់​ ការ​បិទច្រក​ ការ​យក​ចិត្ត​ទុកដាក់​ បាន​តែ​ត្រឹម​យក​ចិត្ត​ទុកដាក់​ តើ​បាន​ជួយ​អី? អញ្ចឹង​ផ្លាស់​ពី​ការ​បិទ​ច្រក​ ផ្លាស់​ពី​ការ​យក​ចិត្ត​ទុកដាក់​ បែរ​ទៅ​ជា​ការ​រក​ផល​ទីផ្សារ​នៅ​ក្នុង​ស្រុក​ខ្មែរ​សម្រាប់​ខ្មែរ​វិញ​ ហ្នឹង​ជា​ការ​ល្អ។ សម្រាប់​ទី​ពីរ​ បើ​អ្នក​មក​ហើយ​ គឺ​គាត់​លែង​ត្រឡប់​ទៅវិញ​បាន​ មូល​ហេតុ​អី? គាត់​អាច​រកលុយ រក​កាក់​ លុយ​ធ្វើការ​នៅ​ក្នុង​កម្ពុជា​បាន​ខ្មែរ​បាន​ ក្រែងលោ​គាត់​លែង​ចង់​មាន​អារម្មណ៍​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​គេ​ទៀត​ហើយ»។

លោក​ ស៊ុំ ចាន់គា​ ​បន្ត​ថា៖

«អញ្ចឹង​សុំ​ឲ្យ​ជួយ​ សុំ​ឲ្យ​ពិនិត្យ​ទៅ​លើ​ហ្នឹង​ ល្អ​ប្រសើរ​ជាង​ គ្រាន់តែ​យក​ចិត្ត​ទុកដាក់​ បាន​ត្រឹមតែ​ដើរ​មើល​ តែ​ដើរ​សួរ​ប៉ុណ្ណឹង​ ថា​យក​ចិត្ត​ទុកដាក់​ដែរ​ វា​មិន​គ្រប់គ្រាន់​ទេ​ យក​ចិត្ត​ទុកដាក់​ យក​រហូត​ដល់​ធ្វើ​ឲ្យ​ជីវភាព​គាត់​ប្រសើរ​ឡើង​ជាង​មុន​ អាហ្នឹង​គេ​ហៅ​ថា​ យក​ចិត្ត​ទុកដាក់​បាទ»។

រូបឯកសារ៖ ពលករ​ចំណាកស្រុក​កម្ពុជា​រាប់ពាន់នាក់ បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​មក​ដល់​ច្រក​ព្រំដែន​អន្តរជាតិខ្មែរ​ថៃ នៅក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។
រូបឯកសារ៖ ពលករ​ចំណាកស្រុក​កម្ពុជា​រាប់ពាន់នាក់ បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​មក​ដល់​ច្រក​ព្រំដែន​អន្តរជាតិខ្មែរ​ថៃ នៅក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។

កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១៤​ ពលករ​ខ្មែរ​ជាង​១៧​ម៉ឺន​នាក់​ត្រូវ​បាន​បង្ខំ​ចិត្ត​ចាកចេញ​ពី​ប្រទេស​ថៃ ​ក្រោយ​ពី​របប​យោធា​ថៃ​បង្ក្រាប​លើ​ពលករ​ខុស​ច្បាប់​ក្នុង​ប្រទេស​ខ្លួន។ របាយការណ៍​មួយ​របស់​អង្គការ​ការពារ​សិទ្ធិ​ពលករ​បង្ហាញ​ថា ​យ៉ាង​ហោច​ណាស់​មាន​ពលករ​ខ្មែរ១​លាន​នាក់​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​ ទាំង​ស្រប ​និង​ខុសច្បាប់។

នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ប្រាប់​ VOA​ ថា​ រដ្ឋាភិបាល​តែងតែ​តាមដាន​ស្ថានភាព​ពលករ​ខ្មែរ​ និង​ជួយ​ផ្តល់​សេវា​ធ្វើ​ឯកសារ​នានា​ ​ដូច​ជា​លិខិត​ឆ្លង​ដែន​ ដោយ​ផ្ទាល់​ដល់​ពលករ​ខ្មែរ​ ដែល​មានបំណង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ​លោក​មាន​ប្រសាសន៍​ថា​ ការ​និយាយ​រិះគន់​ វា​ស្រួល​ជាង​ការ​រ៉ាប់​រង​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ជួយ​ពលករ​ខ្មែរ​ ដែល​ត្រូវ​ភាគី​ថៃ​បញ្ជូន​មក​ប្រទេស​កំណើត​ខ្លួន​វិញ។

នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ​ ​បាន​ថ្លែង​ការពារ​ចំណាត់ការ​របស់​រដ្ឋាភិបាល​យ៉ាង​ដូច្នេះ៖

«អ្នក​ដែល​ថា​ហ្នឹង​ ចាំតែ​អង្គុយ​ថា​ទៅ​ ហើយ​បើ​គាត់​ហ្នឹង​ ព្រោះ​គាត់​វា​អត់​មាន​នែ៎ៗ​ចាប់​ អ្នក​គេ​ចាប់​ទោស​អូស​ដំណើរ​ទេ​ ប៉ុន្តែ​អ្នក​ធ្វើ​ហ្នឹង​ គេ​ជា​អ្នក​ធ្វើ ​វា​មាន​ការ​លំបាក។ ឧទាហរណ៍​ កន្លងមក​ហ្នឹង​គេ​បញ្ជូន​មក​រាប់​សិប​ម៉ឺន​នាក់​នែ៎​ ភ្លាមៗ​អញ្ចឹង​ ចំពោះ​មុខ​ បើ​សិន​ជា​គាត់​ជា​ពលករ​ខ្មែរ​ គាត់​ពិបាក​ទេ​ ដូច្នេះ​ អាជ្ញាធរ​ហ្នឹង​ ដើម្បី​ទទួល​បន្ទុក​ រាប់​ម៉ឺន​នាក់​ហ្នឹង​ គឺ​ក្នុង​ពេល​តែមួយ​ហ្នឹង​ គិត​បើ​មើល​ មិន​ជា​ស្រួល​ប៉ុន្មាន​ទេ​ណ៎ា​ សូម្បី​តែ​គាត់​ អា​អ្នក​ថា​ហ្នឹង​ បើ​គាត់​ឲ្យ​ទទួល​ភ្ញៀវ​ត្រឹម​១០០​នាក់​ហ្នឹង​ គាត់​ពិបាក​ឥឡូវ»។

នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ​ បាន​បញ្ជាក់​ប្រាប់ VOA បន្ត​ទៀត​ថា​ សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ ធ្វើ​ឡើង​ដើម្បី​កៀងគរ​ជំនួយ​គាំទ្រ​ដល់​ពលករ​ដែល​ត្រូវ​គេ​បញ្ជូន​ពី​ទឹក​ដី​ថៃ៖

«សំខាន់​បំផុត​ ការ​ណែនាំ​នេះ​ គឺ​ដើម្បី​ឲ្យ​មាន​សុវត្ថិភាព​របស់​បងប្អូន​ពលករ​យើង​ដែល​ត្រូវ​គេចាប់​បញ្ជូន​មក​ហ្នឹង ឲ្យ​មាន​ជម្រក​ហូបចុក​ ស្នាក់​អាស្រ័យ​ បាយ​ទឹក​ វិល​ទៅ​រក​ផ្ទះសម្បែង​ឲ្យ​បាន​ត្រឹម​ត្រូវ​ ហើយ​អ្នក​ដែល​ថា​ ចេះ​តែ​ថា​អញ្ចឹង​ មើល​គេ​រក​ឡាន​រក​អី​ដើម្បី​ជួយ​គ្នា​តាំង​ពី​ម្ហូប​អាហារ​ អា​ខ្លួន​ឯង​មិន​ពិបាក​ផង​ហ្នឹង»។

​កាល​ពី​ដើម​សប្តាហ៍​កន្លង​ទៅ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បិទ​ច្រក​របៀង​ទាំង​អស់​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ​ ​ដើម្បី​ទប់​ស្កាត់​ពលករ​ចំណាក​ស្រុក​ ​និង​ការ​នាំ​ចូល​ទំនិញ​គេច​ពន្ធ​ ​បន្ទាប់ពី​ពលករ​ជា​ច្រើន​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​វិញ ​ក្រោយ​ពេល​ថៃ​បង្កើត​ច្បាប់​ដាក់​ទោស​ពលករ​ខុស​ច្បាប់។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្រ្តី​ទំនាក់​ទំនង​ព្រំដែន​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ។

លោក​ ជិន ពិសិដ្ឋ​ ​អនុ​ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ​ ​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ ​ប្រាប់​ ​VOA​ ថា​ ​លោក​មិន​ទាន់​ទទួល​សេចក្តី​ណែនាំ​ថ្មី​ពី​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ​នោះ​ទេ។ ​មន្ត្រី​ធ្វើការ​នៅ​ព្រំ​ដែន​រូប​នេះ​ ក៏​នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​តួលេខ​ពលករ​ខ្មែរ​ ដែល​បាន​មក​ដល់​ទឹកដី​កម្ពុជា​ផង​ដែរ។ លោក​ក៏​មិន​អាច​បញ្ជាក់​បាន​ថា​ តើ​ក្រុម​មន្ត្រី​នៅ​តាម​ព្រំដែន​មាន​ការ​លំបាក​យ៉ាង​ណា​ ក្នុង​ការ​ទទួល​រ៉ាប់​រង​ពលករ​ខ្មែរដែល​ត្រូវ​បាន​គេ​បញ្ជូន​ពី​ទឹកដី​ថៃ​មក​វិញ។

លោក​ ជិន ពិសិដ្ឋ​ ថ្លែង​ថា៖

«អាហ្នឹង​តាម គឺ​ក្រុម​ការងារ​បង ខ្ញុំ​អត់​ដឹង​ទេ​ ខ្ញុំ​នៅ​លើ​ដែរ​ទេ​ណ៎ា»។

យ៉ាងណា​ក៏​ដោយ​ បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ស៊ុំ ចាន់គា​ ឲ្យ​ដឹង​ថា​ ​ពលករ​ដែល​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​វិញ​ ​ក្នុង​រយៈ​ពេល​៥ថ្ងៃ​ ​ចាប់​ពី​ថ្ងៃ​ទី​២៨​ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​៣​ ​ខែ​កក្កដា​នេះ​ ​មាន​ចំនួន​រហូត​ដល់​៤,១៦៦​នាក់។ លោក​បន្ថែម​ថា​ ​ចំនួន​នេះ​នៅ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ​ខណៈ​ដែល​ពលករ​ទាំង​នោះ​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​ ​ព្រម​ទាំង​ការ​ជំពាក់​បំណុល​មីក្រូ​ហិរញ្ញវត្ថុ​ ​ដែល​ពួកគេ​បាន​ខ្ចី​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ក្នុង​ពេល​កន្លង​មក៕

XS
SM
MD
LG