អាជ្ញាធរខណ្ឌសែនសុខ បានព្យាយាមរារាំងការចាក់បញ្ចាំងខ្សែភាពយន្តឯកសារដែលមានចំណងជើងថា«ខ្ញុំជាឈុត វុទ្ធី» ដែលក្រសួងវប្បធម៌ បានហាមប្រាមមិនឲ្យចាក់ផ្សាយ ខណៈដែលក្រុមយុវជន ព្រះសង្ឃ សកម្មជនបរិស្ថានព្រមទាំងក្រុមគ្រួសាររបស់លោក ឈុត វុទ្ធី សរុបប្រមាណ៧០នាក់ កំពុងមើលភាពយន្តឯកសារនេះ កាលពីល្ងាចថ្ងៃអង្គារ ដើម្បីរំលឹកខួបបួនឆ្នាំនៃការបាញ់សម្លាប់លោកឈុត វុទ្ធី កាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០១២។
ការព្យាយាមរារាំងពីអាជ្ញាធរមូលដ្ឋាននេះ កើតឡើងនៅពេលនៅខ្សែភាពយន្តឯកសារនេះ បញ្ចាំងបានពាក់កណ្ដាលសាច់រឿង។
ដោយមានការតស៊ូមតិផ្លូវច្បាប់និងការទាមទារសិទ្ធិសេរីភាពរបស់អ្នកចូលរួម ទីបំផុត ភាពយន្តឯកសារដែលមានរយៈពេលជាង៥៣នាទីអំពីសកម្មភាពរបស់លោក ឈុត វុទ្ធី ក្នុងការការពារព្រៃឈើក្នុងប្រទេសកម្ពុជានេះ ក៏បានបញ្ចាំងចប់។
វីដេអូឯកសារនេះផលិតដោយអ្នកដឹកនាំរឿងសញ្ជាតិអង់គ្លេសគឺអ្នកស្រី ហ្រេន ឡាំប្រ៊ីក (Fran Lambrick) បន្ទាប់ពីនាងបានធ្វើការស្រាវជ្រាវនិងផលិតភាពយន្តនេះអស់រយៈពេលជិតបួនឆ្នាំមក។
ប៉ុន្តែ ខ្សែភាពយន្តនេះ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្វើការហាមឃាត់មិនឲ្យចាក់ផ្សាយនៅទីសាធារណៈតាំងពីសប្ដាហ៍មុនមក។
លោក ថេង សាវឿន អគ្គលេខាធិការនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជានិងជាអ្នករៀបចំការចាក់បញ្ចាំងខ្សែភាពយន្តនេះ បាននិយាយថា លោកចាក់បញ្ចាំងវីដេអូឯកសារនេះក្នុងគោលបំណងរំលឹកខួបបួនឆ្នាំនៃឃាតកម្មលើលោក ឈុត វុទ្ធី និងដើម្បីបង្ហាញអំពីវីរភាពការពារព្រៃឈើរបស់សកម្មជនបរិស្ថានរូបនេះផងដែរ។
«យើងចង់ប្រាប់ទៅមហាជនក៏ដូចជាយុវជន ក៏ដូចជាសិស្ស និស្សិតនៅប្រទេសកម្ពុជាឲ្យគាត់បានដឹងអំពីវីរភាព ក៏ដូចជាការលះបង់ និងការខិតខំប្រឹងប្រែងរបស់លោក ឈុត វុទ្ធី ក្នុងការការពារធនធានធម្មជាតិនិងព្រៃឈើ។ ហើយយើងចង់ដាស់តឿនដល់យុវជន កម្មករ និស្សិតខ្មែរទាំងអស់ថាថ្ងៃទី២៦នេះគឺជាខួបបួនឆ្នាំនៃការបាញ់សម្លាប់លោក ឈុត វុទ្ធី នៅខេត្តកោះកុង»។
លោក សក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលរងខណ្ឌសែនសុខ ដែលអមដោយកងកម្លាំងស្លៀកពាក់ស៊ីវិលប្រមាណជិត១០នាក់ទៀត បានប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធរមកហាមមិនឲ្យចាក់បញ្ចាំងវីដេអូឯកសារនេះដោយសារការិយាល័យរបស់លោក មិនបានទទួលលិខិតអនុញ្ញាតការចាក់បញ្ចាំងនេះ។
លោកអភិបាលរងខណ្ឌសែនសុខបញ្ជាក់ថា៖
«ទីមួយខ្ញុំចុះមកនេះ ខ្ញុំចង់មើលច្បាប់។ ក្នុងនាមខ្ញុំជាអាជ្ញាធរ ខ្ញុំអាចឲ្យគាត់ឈប់សិន ឲ្យមានការសុំត្រឹមត្រូវ។ ច្បាប់សុំទីមួយ ទីពីរការប្រមូលផ្ដុំ ចង់ដឹងការប្រមូលផ្ដុំ មានគោលបំណងអី សាលាខណ្ឌអត់ដឹងអីទាំងអស់»។
តែទោះបីជាមានការហាមឃាត់ពីអាជ្ញាធរយ៉ាងណាក្ដី លោក ស ម៉ូរី អនុប្រធានបណ្ដាញយុវជនកម្ពុជា និងជាអ្នករៀបចំការចាក់បញ្ចាំងវីដេអូឯកសារនេះ បានចរចាជាមួយកងកម្លាំងសមត្ថកិច្ចខណ្ឌរហូតដល់វីដេអូនេះ បានចាក់បញ្ចាំងចប់ជាស្ថាពរ។
លោក ឆឺយ ឧត្តមរស្មី កូនប្រុសរបស់លោក ឈុត វុទ្ធី បានបង្ហាញការខកចិត្ត ដែលអាជ្ញាធរមកព្យាយាមបញ្ឈប់ការចាក់បញ្ចាំងវីដេអូឯកសារអំពីវីរភាពរបស់ឪពុករបស់លោក។
លោកចាត់ទុកថា ការរារាំងនេះជាសកម្មភាពបំបិទសិទ្ធិសេរីភាព ហើយលោកគិតថា ប្រជាពលរដ្ឋខ្មែរផ្សេងទៀត គួរតែមានឱកាសទស្សនាវីដេអូនេះ ដូចរូបលោកដែរ។
«ខ្ញុំពិតជាមានការខកចិត្តខ្លាំងមែនទែន។ ខ្ញុំអត់យល់ម៉េចបានគាត់ធ្វើអញ្ចឹង អត់មានការគាំទ្រទៅលើសកម្មភាពការពារព្រៃឈើណាមួយ នៅតែមានគំនិតគិតថា ចង់លាក់បាំង ចង់កុហកប្រជាជនហ្នឹង។ តែឥឡូវខ្ញុំឃើញថា ល្អ ឃើញថា មានយុវជនមួយចំនួននៅតែបន្តចាក់ផ្សាយ ទោះបីជាមានការហាមឃាត់។ ក្រុមនិស្សិតមានភាពក្លាហាន ទោះបីជាមានកងកម្លាំងមក ដោយអត់មានឯកសណ្ឋាន អត់ទាំងមានក្រដាសស្នាមផងហ្នឹង»។
បន្ទាប់ពីមើលខ្សែភាពយន្តនេះ នាង ញូង សុខហៀង គណនេយ្យករនៃសហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មករកម្ពុជា បានប្រាប់ VOA ថា វីដេអូ នេះមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ។
«ខ្ញុំគិតថា រឿងហ្នឹងវាល្អ ព្រោះវាឆ្លុះបញ្ចាំងពីសកម្មភាពដែលគាត់ជាមនុស្សតែម្នាក់គាត់ ដែលគាត់គិតពីការការពារព្រៃឈើដើម្បីមនុស្សគ្រប់គ្នា។ និយាយទៅ អត់ដូចមនុស្សខ្លះគិតតែបំផ្លាញព្រៃឈើ»។
លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាននិយាយថា ក្រសួងមិនបានទទួលលិខិតស្នើសុំពីម្ចាស់វីដេអូឯកសារនេះទេ។
លោក ស៊ិន ច័ន្ទសាយ៉ា បានឲ្យដឹងថា ដើម្បីឲ្យខ្សែភាពយន្តរបស់ខ្លួនមានភាពស្របច្បាប់ក្នុងការផ្សព្វផ្សាយនៅប្រទេសកម្ពុជា ផលិតករត្រូវសុំច្បាប់ពីក្រសួងវប្បធម៌ និងមានការត្រួតពិនិត្យជាមុនសិន ប៉ុន្តែលោកថា ក្រសួងមិនឃើញមានលិខិតស្នើសុំរបស់កញ្ញា ហ្រេន ឡាំប្រ៊ីក (Fran Lambrick) នៅឡើយទេ។
«ទីមួយខ្សែភាពយន្តនាំចូលមកពីបរទេស ចាំបាច់ណាស់មុននឹងផ្សព្វផ្សាយបាន គាត់ត្រូវការឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការវាយតម្លៃខ្សែភាពយន្តហ្នឹង។ គេថាយ៉ាងម៉េច ទើបកុនហ្នឹងដាក់បញ្ចាំងនៅលើទីផ្សារបាន។ ដល់ករណីរឿងហ្នឹងវាអត់ទាំងអស់»។
លោក ច័ន្ទសាយ៉ា បន្ថែមថា៖
«ខ្ញុំមិនបានមើលរឿងហ្នឹងទេ ឯកសារហ្នឹងទេ ប៉ុន្តែវាខុសពីនីតិវិធីដែលយើងអនុវត្តកន្លងមក។ អញ្ចឹងដូចខ្ញុំថា ខ្សែភាពយន្តហ្នឹងជាខ្សែភាពយន្តមិនស្របច្បាប់ ដែលមិនត្រឹមត្រូវ ត្រូវបានចាក់ផ្សាយនៅក្នុងទឹកដីនៅកម្ពុជា។»
ទោះបីជាមានការហាមឃាត់ក៏ដោយ ក៏ការចាក់បញ្ចាំងវីដេអូឯកសារ «ខ្ញុំ ជាឈុត វុទ្ធី» នេះ នៅតែមានជាបន្តបន្ទាប់ដោយសម្ងាត់នៅតាមស្ថាប័នអង្គការបរិស្ថាន និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែរ៕
សូមទស្សនាបទសម្ភាសន៍ VOA ជាមួយកញ្ញា ហ្រេន ឡាំប្រ៊ីក (Fran Lambrick)៖