ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ចាប់​ជន​ជាតិ​ម៉ុងតាញ៉ា​បួន​នាក់​បញ្ជូន​ទៅ​វៀតណាម​វិញ


​ជនជាតិ​ម៉ុងតាញ៉ា​នៃ​ប្រទេស​វៀតណាម​ចំនួន​១៣នាក់ ក្នុង​នោះ​មាន​ស្រ្តី​ម្នាក់​ផង​បាន​ចេញ​ពី​កន្លែង​លាក់ខ្លួន​ក្នុងព្រៃ​នៅ​ខេត្តរតនគិរី​ដើម្បី​សុំ​ការជួយ​ការពារ​ពី​អង្គការ​សហ​ប្រជាជាតិ។ ពួកគេ​ត្រូវ​បាន​រក​ឃើញ​នៅថ្ងៃ​ទី ២០ ខែ ធ្នូ ឆ្នាំ ២០១៤។ (រូបថត​ផ្តល់​ឲ្យ​ដោយ អង្គការ​Adhoc)
​ជនជាតិ​ម៉ុងតាញ៉ា​នៃ​ប្រទេស​វៀតណាម​ចំនួន​១៣នាក់ ក្នុង​នោះ​មាន​ស្រ្តី​ម្នាក់​ផង​បាន​ចេញ​ពី​កន្លែង​លាក់ខ្លួន​ក្នុងព្រៃ​នៅ​ខេត្តរតនគិរី​ដើម្បី​សុំ​ការជួយ​ការពារ​ពី​អង្គការ​សហ​ប្រជាជាតិ។ ពួកគេ​ត្រូវ​បាន​រក​ឃើញ​នៅថ្ងៃ​ទី ២០ ខែ ធ្នូ ឆ្នាំ ២០១៤។ (រូបថត​ផ្តល់​ឲ្យ​ដោយ អង្គការ​Adhoc)

មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស​បាន​អះអាង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​អាជ្ញាធរ​ខេត្ត​រតនគិរី​បាន​ចាប់​បង្ខំ​បញ្ជូនចេញជនជាតិ​ភាគ​តិច​ចារ៉ាយ​ឬ​ម៉ុង តាញ៉ា​ មក​ពី​ប្រទេស​វៀតណាម​ចំនួន​៤​នាក់​ទៅ​ឱ្យអាជ្ញាធរ​វៀតណាម​វិញ​ក្រោយ​ពី​បាន​មក​សំងំ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគិរី​ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​វៀតណាម។​

ជនជាតិ​ភាគតិច​វៀតណាម​ទាំង​បួន​នាក់​នោះ​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ដែល​បាន​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម​មក​កាន់​ខេត្ត​រតនគិរី​កាល​ពី​ដើម​ខែកុម្ភៈ​កន្លង​ទៅ​នេះ។​

លោក ម៉ឹង ស៊ីនាថ​ អ្នក​នាំពាក្យ​សាលា​ខេត្ត​រតនគិរី​បាន​ទទួល​ស្គាល់​ថា​សមត្ថកិច្ច​កម្ពុជា​ពិត​ជាបាន​ចាប់​បញ្ជូន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ ចំនួន​៤​នាក់​ទៅ​កាន់​ប្រទេស​វៀតណាម​ពិត​ប្រាកដ​មែន។ ​លោក​បាន​បញ្ជាក់​ថា​កម្ពុជា​បាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ចំពោះ​ជន​បរទេស​ណា​ដែល​បាន​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ចូល​មក​កាន់​ទឹក​ដី​ប្រទេស​កម្ពុជា។​

លោក​និយាយ​ថា៖ ​«ធម្មតា​បើ​យើង​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​អញ្ចឹង​ យើង​នឹង​ត្រូវ​តែ​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ខាង​ភាគី​វៀតណាម»។​

កាល​ពី​ចុង​ខែមករា​សមត្ថកិច្ច​កម្ពុជា​ក៏​បាន​ចាប់​បង្ខំ​បញ្ជូន​ចេញ​ជនជាតិ​ម៉ុងតាញ៉ា​ចំនួន​៧​នាក់​ពី​ខេត្ត​រតនគិរី​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ​ដែរ ​ដោយ​ចោទ​ប្រកាន់​ថា​ពួកគេ​បាន​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​មក​ធ្វើ​ចំការ​ក្នុង​ខេត្ត​រតនគិរី។​

បន្ទាប់​ពី​មាន​ការ​ចាប់​បង្ខំបញ្ជូន​ចេញ​ជនជាតិ​ម៉ុង តាញ៉ា​ ទៅ​កាន់​ប្រទេស​វៀតណាម​ ដោយ​សមត្ថកិច្ច​កម្ពុជា​ក្រោម​បទចោទ​ប្រកាន់​បាន​ឆ្លង​ដែន​មក​ធ្វើ​ចំការ​ទើប​មាន​ជនជាតិ​ម៉ុងតាញ៉ា​ ផ្សេង​ទៀត​ប្រមាណ​២០​នាក់​ហើយបាន​មក​ទីក្រុង​ភ្នំពេញ​ដោយ​ផ្ទាល់​ដើម្បី​ស្វះ​ស្វែង​សុំ​សិទ្ធិជ្រក​កោន​ទៅ​កាន់​ប្រទេស​ទី​បី។​

បច្ចុប្បន្ន​នេះ​ជនជាតិ​ម៉ុង តាញ៉ា​ ទាំង​២០​នាក់​ ​កំពុង​ត្រូវ​បាន​ការពារ​ដោយ​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ស្រុក​បន្ទាប់​ពី​អាជ្ញាធរ​បាន​បដិសេធ​មិន​ទទួល​យក។​

លោក​ ឆាយ ធី​ អ្នក​សម្រប​សម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក​មាន​ប្រសាសន៍​ថា​កម្ពុជា​មិន​បាន​គោរព​អនុសញ្ញា​នៃ​ជនភៀស​ខ្លួន​ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ​១៩៥១​ទេ។ ​លោក​មាន​ប្រសាសន៍​ថា​ជនជាតិ​ម៉ុងតាញ៉ា​ទាំង​៤នាក់​ដែល​បានចាប់​បញ្ជូន​ចេញដោយ​បង្ខំ​មិន​បានឆ្លង​កាត់​បទសម្ភាស​ ឬ​ ​វាយក៏​តម្លៃ​ពី​សមត្ថកិច្ច​កម្ពុជា​ទេ​គឺ​បាន​ចាប់​បញ្ជូន​ចេញ​ភ្លាម​បន្ទាប់​ពី​បាន​រក​ឃើញ​ពួកគេ​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ។​

លោក​និយាយ​ថា​៖​ «ខ្មែរ​យើង​ចាប់​ដោយ​មិន​សម្ភាស​រក​ហេតុ​ផល​ឱ្យបាន​ត្រឹម​ត្រូវ​ទេ។​យើង​ឃើញ​ថា​នេះ​ជាការ​រំលោភ​សិទ្ធិពួក​គាត់​ទាំង​ស្រុង​ ក្នុង​នាម​ពួកគាត់​សុំ​មក​រក​សុំ​សិទ្ធិជ្រក​កោន​ជា​ជន​ភៀស​ខ្លួន​ហើយ​នឹង​មិន​បាន​គោរព​ទៅ​លើ​អនុសញ្ញា​នៃ​ជន​ភៀស​ខ្លួន​ផង»។​

កាល​ពី​ថ្ងៃទី​១៦​កុម្ភៈ​កន្លង​ទៅ​នេះ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ និង​ អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​បាន​ចុះ​ទៅ​ខេត្ត​រតនគិរី​ដើម្បី​ស្វែង​រក​ជនជាតិ​ម៉ុងតាញ៉ា​ ក៏​ប៉ុន្តែ​មិន​មាន​កិច្ច​សហការ​ណាមួយ​ពី​ក្រុម​សមត្ថកិច្ច​ខេត្តទេ។​

បីថ្ងៃ​ក្រោយ​មក​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​បាន​វិល​ត្រឡប់​មក​ទីក្រុង​ភ្នំពេញ​វិញ​ដោយ​មិន​មាន​ជួប​ជនជាតិ​ម៉ុង តាញ៉ា​ដែល​បាន​លាក់​ខ្លួន​ក្នុង​ព្រៃ​ណា​ម្នាក់​ទេ។​

លោក​ ឆាយ ធី​ មាន​ប្រសាសន៍​ថា​ថ្វី​ត្បិត​តែ​មាន​ជនជាតិ​ម៉ុងតាញ៉ា​ត្រូវ​បាន​ចាប់​បញ្ជូន​ចេញ​ទៅ​ប្រទេស​វៀតណាម​ក៏ដោយ​ក៏​នៅ​មាន​ជនជាតិ​ម៉ុងតាញ៉ា​ផ្សេង​ទៀត​នៅ​តែភៀស​ខ្លួន​ជាបន្តបន្ទាប់​ពី​វៀតណាម​មក​កាន់​ខេត្ត​រតនគិរី។​

លោកបាន​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ​មាន​ជនជាតិ​ម៉ុងតាញ៉ា​ ចំនួន​៥០​នាក់​ហើយ​ក្នុង​នោះ​មាន​ស្ត្រី៣​នាក់​ដែល​កំពុង​សំងំ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគិរី៕

XS
SM
MD
LG