មន្ត្រីអង្គការអាដហុកប្រចាំខេត្តរតនគីរី ដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានអះអាងថា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនជាតិម៉ុងតាញ៉ាចំនួន៩នាក់ ក៏ប៉ុន្តែមាន៤នាក់បានរត់គេចខ្លួនរួចពីការចាប់របស់ក្រុមសមត្ថកិច្ច។
ការអះអាងនេះបានបង្កឲ្យមានប្រតិកម្មពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលបានគំរាមថា នឹងដាក់ពាក្យប្តឹងមន្ត្រីអាដហុក ដែលមន្ត្រីរដ្ឋាភិបាលអះអាងថា រាយការណ៍មិនពិតស្តីពីជនភៀសខ្លួនមកកម្ពុជា។
លោក ឆាយ ធី អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគីរី បានបញ្ជាក់ថា កាលពីរសៀលថ្ងៃអាទិត្យ ក្រុមសមត្ថកិច្ចដែលរួមមានប៉ូលិស និងមន្ត្រីយោធាប្រដាប់ដោយអាវុធស្វ័យប្រវត្តិ មានគ្នាប្រមាណ២០នាក់បានព័ទ្ធចាប់ជនជាតិម៉ុងតាញ៉ាចំនួន៥នាក់ ដែលរួមមានឪពុក ម្តាយ និងកូនតូចៗចំនួន៣នាក់។
លោកបានបញ្ជាក់ថា រហូតមកដល់ថ្ងៃច័ន្ទនេះ លោកមិនទាន់ដឹងថា សមត្ថកិច្ចកម្ពុជាបញ្ជួនពួកគេទៅកាន់ប្រទេសវៀតណាមឬក៏យកពួកគេទៅកន្លែងណាទេ។ លោកបានបញ្ជាក់ថា ក្រុមមន្ត្រីរបស់លោកបានព្យាយាមតាមរកដែរ តែរកមិនឃើញ។
លោកនិយាយថា៖ «បាទយើងឃើញថា ការចាប់ខ្លួននេះវាធ្វើទៅមានការរំលោភទៅលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយមានការរំលោភទៅលើអនុសញ្ញាស្តីពីសិទ្ធិជនភៀសខ្លួនឆ្នាំ១៩៥១»។
លោក ឆាយ ធី មានប្រសាសន៍ថា ក្នុងការចាប់ខ្លួននេះ ដំបូងសមត្ថកិច្ចចាប់បានជនជាតិម៉ុងតាញ៉ាចំនួន៩នាក់ ក៏ប៉ុន្តែក្រោយមកមានជនជាតិម៉ុងតាញ៉ា៤នាក់បានរត់រួច ដែលធ្វើឲ្យចំនួនជនជាតិម៉ុងតាញ៉ានៅសល់តែ២៧នាក់ប៉ុណ្ណោះដែលបានមកសំងំលាក់ខ្លួននៅក្នុងព្រៃនៃខេត្តរតនគីរី។
លោកមានប្រសាសន៍ថា មានជនជាតិម៉ុងតាញ៉ាចំនួនប្រមាណ៣២នាក់បានភៀសខ្លួនពីការធ្វើទុក្ខបុម្នេញពីអាជ្ញាធរវៀតណាមមកលាក់ខ្លួននៅក្នុងព្រៃនៃខេត្តរតនគីរី ចាប់តាំងពីដើមខែមករារហូតមកដល់ដើមខែកុម្ភៈ។
វីអូអេបានព្យាយាមទាក់ទង់លោកនួន កឿន ស្នងការប៉ូលិសខេត្តរតនគីរីដើម្បីស្នើសុំសេចក្តីអត្ថាធិប្បាយ តែមិនអាចទាក់ទងបានទេ។ ក៏ប៉ុន្តែបើតាមការបញ្ជាក់ពីលោកនាយឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹកថា ក្រុមសមត្ថកិច្ចកម្ពុជាមិនបានចាប់ខ្លួនជនជាតិម៉ុងតាញ៉ាបញ្ជូនទៅវិញទេ។
លោកបានទទួលស្គាល់ថា កម្ពុជាបានចាប់ខ្លួនជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ដែលបានមកធ្វើចម្ការក្នុងទឹកដីប្រទេសកម្ពុជា តែពួកគេមិនមែនជាជនជាតិម៉ុងតាញ៉ា ដែលបានស្វែងរកសិទ្ធិជ្រកកោណផ្នែកនយោបាយ ដោយគេចពីប្រទេសវៀតណាមមកកាន់កម្ពុជាទេ។
លោកបានព្រមានថា នឹងដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ប្តឹងមន្ត្រីនៃសមាគមសិទ្ធិមនុស្សអាដហុក ដែលបានអះអាងថា ពួកគេជាជនជាតិម៉ុងតាញ៉ាស្វែងរកសិទ្ធិជ្រកកោននោះទេ។
លោកនិយាយថា៖ «អត់មានម៉ុងតាញ៉ាទេ សុំឲ្យអាដហុកបញ្ជាក់ឲ្យច្បាស់ ហើយបើមិនដូចនេះទេ យើងខ្ញុំនឹងប្តឹងទៅតុលាការពីការចោទប្រកាន់ដែលបម្រើហេតុផលនយោបាយ»។
កាលពីចុងឆ្នាំ២០១៤ មានជនជាតិភាគតិចចារ៉ាយចំនួន១៣នាក់ភៀសខ្លួនមកពីប្រទេសវៀតណាម ហើយដែលមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកអះអាងថា ជាជនជាតិម៉ុងតាញ៉ា។ ក្រោយមកពួកគេត្រូវបានអង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជារកឃើញ ហើយបានប្រគល់ឱ្យក្រុមអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។
ជនជាតិម៉ុងតាញ៉ា១៣នាក់កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃនៅឡើយ។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍នៅថ្ងៃច័ន្ទនេះថា ក្រសួងមហាផ្ទៃកំពុងរង់ចាំរបាយការណ៍វាយតម្លៃថា តើជនជាតិភាគតិចវៀតណាមទាំង១៣នាក់ជាជនជាតិម៉ុងតាញ៉ាដែលស្វែងរកសិទ្ធិជ្រកកោនពិតប្រាកដ ឬយ៉ាងណា៕