ប្រទេសកម្ពុជាបានអះអាងថាជនជាតិភាគតិចកុលសម្ព័ន្ធភ្នំវៀតណាម ឬ ហៅថាជនជាតិម៉ុងតាញ៉ា ដែលខ្លួនបានបញ្ជូនត្រឡប់ទៅវិញ កាលពីចុងសប្តាហ៍មុនមិនមែនជាជនស្វែងរកសិទ្ធិជ្រកកោនទេ។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិមានប្រសាសន៍ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកនៅថ្ងៃពុធនេះថាជនជាតិវៀតណាមដែលក្រុមអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចាប់បញ្ជូនចេញកាលពីថ្ងៃទី២៤ខែមករាមិនមែនជាជនជាតិម៉ុងតាញ៉ាដែលបានរត់ភៀសខ្លួនមកសុំសិទ្ធិជ្រកកោនក្នុងប្រទេសកម្ពុជាទេ។ក៏ប៉ុន្តែតាមការពិតពួកគេគឺជាជនជាតិភាគតិចចារ៉ាយ វៀតណាមដែលបានឆ្លងដែនមកធ្វើចំការដោយខុសច្បាប់ក្នុងទឹកដីប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថាកម្ពុជាគោរពអនុសញ្ញានៃជនភៀសខ្លួនដែលកម្ពុជាបានចុះហត្ថលេខាកាលពីឆ្នាំ១៩៥១ក៏ប៉ុន្តែកម្ពុជាក៏មានច្បាប់ជនអន្តោប្រវេសន៍របស់ខ្លួនដែលមានសិទ្ធិចាប់បញ្ជូនជនអន្តោប្រវេសន៍ណាដែលបានឆ្លងដែនដោយខុសច្បាប់ចូលមកក្នុងទឹកដីរបស់កម្ពុជា។
លោកនិយាយថា៖«គ្រាន់តែចង់បញ្ជាក់ជូនថាយើងមិនបានធ្វើអញ្ចឹងទេគឺយើងមានច្បាប់ស្តីពីអន្តោប្រវេសន៍ប៉ុន្តែយើងក៏ជាហត្ថលេខីនៃអនុសញ្ញាឆ្នាំ៥១ស្តីពីជនភៀសខ្លួនដែរ។ យើងតែងតែគោរព តែងតែអនុវត្តអនុសញ្ញាស្តីពីជនភៀសខ្លួនឆ្នាំ១៩៥១ហ្នឹង»។
វិទ្យុវីអូអេផ្សាយជាភាសាវៀតណាមកាលពីថ្ងៃច័ន្ទបានរាយការណ៍ថាសមត្ថកិច្ចតាមព្រំដែនកម្ពុជាបានចាប់បង្ខំបញ្ជូនចេញជនជាតិម៉ុងតាញ៉ាចំនួន៧នាក់ដែលបានភៀសខ្លួនចេញពីប្រទេសវៀតណាមទៅឱ្យអាជ្ញាធរវៀតណាមក្រោយពេលដែលពួកគេបានមកលាក់ខ្លួនក្នុងព្រៃនៃខេត្តរតនៈគិរី។
សេចក្តីរាយការណ៍នេះបានបញ្ជាក់ថាការចាប់បញ្ជូនជនជាតិម៉ុងតាញ៉ា៧នាក់នេះបានបង្កឱ្យមានការភ័យខ្លាចពីជនជាតិភាគតិចម៉ុងតាញ៉ាវៀតណាមចំនួន១៤នាក់ផ្សេងទៀតដែលកំពុងសំងំលាក់ខ្លួននៅក្នុងព្រៃនៃខេត្តរតនៈគិរីដោយខ្លាចមានការស្វែងរកចាប់ខ្លួនពីក្រុមសមត្ថកិច្ចកម្ពុជា។
លោក ឆាយ ធី អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនៈគិរីមានប្រសាសន៍ថាក្រុមសមត្ថកិច្ចកម្ពុជាគួរតែសិក្សានិងវាយតម្លៃឱ្យបានល្អិតល្អន់សិនមុននិងចាប់បញ្ជូនខ្លួនពួកគេទៅកាន់ប្រទេសវៀតណាមវិញ។
លោកមានជំនឿថាអ្នកភូមិបាននិយាយថាអ្នកទាំង៧នាក់នោះគឺជាជនជាតិភាគតិចចារ៉ាយវៀតណាមដែលហៅថាជាជនជាតិម៉ុងតាញ៉ាស្វែងរកសិទ្ធិជ្រកកោនពិតប្រាកដមែនមិនមែនជាជនអន្តោប្រវេសន៍ដូចការលើកឡើងរបស់ប៉ូលិសទេ។
លោកបានបញ្ជាក់ថាឥឡូវនេះក្រុមសមត្ថកិច្ចកម្ពុជាកំពុងតែឆែកឆេនៅភូមិមួយដែលភាគច្រើនជាជនជាតិភាគតិចចារ៉ាយកម្ពុជាដើម្បីស្វែងរកជនជាតិម៉ុងតាញ៉ាដើម្បីបញ្ជូនត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ។
លោកនិយាយថា៖«ចំណុចនេះយើងនៅតែបន្តធ្វើការស៊ើបអង្កេតដដែលពីព្រោះយើងឃើញហើយកាលពីជនភៀសខ្លួនចារ៉ាយ( ម៉ុងតាញ៉ា) ឆ្លងកាលពីថ្ងៃទី៣ខែមករានោះយើងឃើញកម្លាំងប៉ូលិសដេញប្រផាប់ ប្រភីងរហូតដល់ព្រឹកឡើងថ្ងៃទី៤មករា ក៏ធ្វើការឡោមព័ទ្ធភូមិចារ៉ាយខ្មែរ»។
កាលពីចុងឆ្នាំ២០១៤ជនជាតិចារ៉ាយចំនួន១៣នាក់ត្រូវបានអង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានរកឃើញ ហើយក្រោយមកបានប្រគល់ឱ្យក្រុមអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។
ជនជាតិម៉ុងតាញ៉ាទាំង១៣នាក់កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃនៅឡើយ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃធ្លាប់មានប្រសាសន៍ប្រាប់វីអូអេថាសមត្ថកិច្ចបានសម្ភាសជនជាតិភាគតិចវៀតណាមទាំង១៣នាក់ចប់សព្វគ្រប់ហើយក៏ប៉ុន្តែមិនទាន់បានវាយតម្លៃថាពួកគេជាជនជាតិម៉ុងតាញ៉ាដែលស្វែងរកសិទ្ធិជ្រកកោនពិតប្រាកដឬយ៉ាងណានៅឡើយទេ។
កាលពីឆ្នាំ២០០០ និង ២០០១ មានជនជាតិម៉ុងតាញ៉ារាប់ពាន់នាក់បានរត់គេចខ្លួនពីការធ្វើទុក្ខបុកម្នេញពីប្រទេសវៀតណាមមកកាន់ប្រទេសកម្ពុជា។ ក៏ប៉ុន្តែមានជនជាតិម៉ុងតាញ៉ា ជាច្រើននាក់ត្រូវបានក្រុមសមត្ថកិច្ចកម្ពុជាចាប់ខ្លួន និង បានបញ្ជូនទៅកាន់ប្រទេសវៀតណាមវិញ។
លោក គៀត ច័ន្ទថារិទ្ធិ មានប្រសាសន៍ថាក្នុងរយៈពេល៣ខែចុងក្រោយនេះកម្ពុជាបានចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន១.២០០នាក់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញដែលនៅក្នុងនោះមាន១០សញ្ជាតិខុសៗគ្នាហើយមានជនជាតិវៀតណាមច្រើនជាងគេ៕