ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ឃាត់ខ្លួន​អតីត​បុគ្គលិក​​វិទ្យុ​អាស៊ីសេរី​ពីរ​រូប​ សង្ស័យ​លួច​ផលិត​ព័ត៌មាន​ខុសច្បាប់


លោក​ អ៊ួន​ ឈិន​ ​បុគ្គលិក​វិទ្យុអាស៊ី​សេរី​ ​ត្រូវបាន​​ត្រូវបាន​បញ្ជូន​ទៅ​អគ្គ​ស្នងការ​នគរបាលជាតិ​​​ នៅរាជធានីភ្នំពេញ​ ​នៅ​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ (ខាន់​ សុគុំមនោ​/VOA)
លោក​ អ៊ួន​ ឈិន​ ​បុគ្គលិក​វិទ្យុអាស៊ី​សេរី​ ​ត្រូវបាន​​ត្រូវបាន​បញ្ជូន​ទៅ​អគ្គ​ស្នងការ​នគរបាលជាតិ​​​ នៅរាជធានីភ្នំពេញ​ ​នៅ​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ (ខាន់​ សុគុំមនោ​/VOA)

អតីត​អ្នកសារ​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ ២នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ ​ដោយ​រងការសង្ស័យថា​ បានរាយការណ៍​ព័ត៌មាន​បញ្ជូន​ទៅ​ស្នាក់​ការ​កណ្តាល​វិទ្យុអាស៊ី​សេរី​ ​នៅ​សហរដ្ឋ​អាមេរិក​ ​ដែល​អាជ្ញាធរ​ក្នុង​ស្រុក​អះអាង​ថា ​ខុស​ច្បាប់។​

អតីត​អ្នក​យក​ព័ត៌​មាន​វិ​ទ្យុ​អា​ស៊ី​សេ​រីទាំង​ពីរ​រូប​ប្រចាំ​រាជធានីភ្នំពេញ​ ​នោះ​មាន​លោក​ ​អ៊ួន ឈិន​ ​និង​លោក​ ​យាង​ ​សុ​ធា​រិ​ន​ ​ហៅ​ យាង​ ​សុ​ជាមេត្តា​ ​ត្រូវ​បាន​ស​ម​ត្ថ​កិ​ច្ច​ខណ្ឌ​មាន​ជ័យ​ឃា​ត់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​អង្គារ​ ​នៅសណ្ឋាគារ​ម៉ារឌី​ ស្ថិតក្នុងខណ្ឌ​មាន​ជ័យ​ ​រាជធានីភ្នំពេញ​ ​ហើយ​ត្រូវ​បញ្ជូន​ទៅ​កន្លែង​ដើម​វិញ​នា​ថ្ងៃ​បន្ទាប់​ ​ដើម្បី​សាកសួរ​ និង​ពិនិត្យ​ភស្តុតាង​បន្ថែម។​

ខណៈ​សមត្ថកិច្ច​បណ្តើរ​ចេញពី​សណ្ឋាគារ​បញ្ជូន​ចូល​រថយន្ត​ដើម្បី​ដឹក​យក​ទៅ​ស្នងការ​រាជធានីវិញ​នា​ថ្ងៃ​ពុធ​ ​អ​តី​ត​អ្នក​យក​ព័ត៌​មាន​វិ​ទ្យុ​អា​ស៊ី​សេ​រីទាំង​ពីរ​រូប​ ​ប្រាប់​អ្នកសារ​ព័ត៌មាន​ដែល​កំពុង​រង់ចាំ​នៅ​ខាង​ក្រៅ​សណ្ឋា​គារ​នោះ​ថា​ ​ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​ចោទ​ប្រកាន់​ដោយ​សង្ស័យ​ថា​បាន​រាយការណ៍​ព័ត៌មាន​បញ្ជូន​ទៅវិទ្យុអាស៊ី​សេរី​ ដែល​មាន​ស្នាក់​ការ​នៅ​សហរដ្ឋ​អាមេរិក។​ ​ទាំងលោក​ ​យាង សុធារិន​ ​ហៅ​ ​យាង សុជាមេត្តា​ ​និង​លោក​ ​អ៊ួន ឈិន​ ​សុទ្ធ​តែ​បាន​បដិសេធ​ការ​ចោទ​នោះ​ ​និង​បាន​អះអាង​ថា​ ​ពួក​គេ​មិនបាន​រាយការណ៍​ព័ត៌មាន​បញ្ជូន​ទៅ​ឲ្យ​វិទ្យុ​អាស៊ី​សេរី​នោះ​ទេ។​

លោក​ ​យាង សុធារិន​ ​ហៅ​ ​យាង សុជាមេត្តា​ ​ប្រាប់​អ្នកសារ​ព័ត៌មាន​ថា៖​

«ខ្ញុំ​អត់​មាន​ទោស​អី​ទេ​ ​អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​អត់​មាន​ខុស​អី​ទេ​ ​ខ្ញុំដឹង​ថា​អត់​មាន​ខុស​អី​ទេ​ ​ហើយ​ខ្ញុំ​អត់​បាន​បញ្ជូន​ព័ត៌មាន​អី​យក​ទៅ​ក្រៅ​ប្រទេស​ទេ»។​

លោក​ យាង​ សុជា​មេត្តា​ បុគ្គលិក​វិទ្យុអាស៊ី​សេរី​ ត្រូវបាន​បញ្ជូន​ទៅ​អគ្គ​ស្នងការ​នគរបាលជាតិ​, នៅរាជធានីភ្នំពេញ​ ​នៅ​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ (ខាន់​ សុគុំមនោ​/VOA)
លោក​ យាង​ សុជា​មេត្តា​ បុគ្គលិក​វិទ្យុអាស៊ី​សេរី​ ត្រូវបាន​បញ្ជូន​ទៅ​អគ្គ​ស្នងការ​នគរបាលជាតិ​, នៅរាជធានីភ្នំពេញ​ ​នៅ​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ (ខាន់​ សុគុំមនោ​/VOA)

ចំណែក​ ​លោក​ ​អ៊ួន ឈិន​ ​បញ្ជាក់​ថា​ ​លោកដំឡើង​បន្ទប់​ស្ទូឌីយោ​សម្រាប់បង្កើត​អាជីវកម្មផលិត​ចម្រៀង​ខារ៉ា​អូខេ​តែ​ប៉ុណ្ណោះ។​

វិទ្យុ​អាស៊ីសេរី​ជា​សារព័ត៌មាន​ទទួល​ការ​ឧបត្ថម្ភ​ពី​សហ​រដ្ឋ​អាមេរិក ​និង​ផ្សាយ​ចេញ​ពី​សហ​រដ្ឋ​អាមេរិក​ ក្នុង​គោល​ការណ៍​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​សិទ្ធិ​មនុស្ស​ ​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពល​រដ្ឋ​ខ្មែរ។​ ​វិទ្យុ​នេះ​ភាគ​ច្រើន​រាយ​ការណ៍​ព័ត៌មាន​ក្នុង​ស្រុក​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ ​នយោបាយ​ ​សេដ្ឋកិច្ច​ ​បញ្ហា​សង្គម​ ​បញ្ហា​ដីធ្លី​ជា​ដើម។​

នៅ​ដើម​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​នេះ​ ​វិទ្យុ​អាស៊ី​សេរី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយប្រកាស​ថា​ ​ខ្លួនផ្អាក​ដំណើរ​ការ​ការិយា​ល័យ​ព័ត៌មាន​នៅ​រាជធានី​ភ្នំពេញ​មួយ​រយៈ​ទាំង​បង្ខំ។​ ​ក្នុង​សេចក្តី​ថ្លែង​ការណ៍នោះ ​វិទ្យុ​អាស៊ីសេរី​ចោទ​ថា ​រដ្ឋាភិបាល​កម្ពុជាកំពុង​ធ្វើ​ទុក្ខ​បុកម្នេញ​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ​ និង​គូ​បដិបក្ខ ​នៅ​មុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨។​

ក្រោយ​ការ​ប្រកាស​ផ្អាក​ដំណើរ​ការ​ការិយាល័យ​នៅ​ភ្នំពេញ​ ​ក្រសួង​ព័ត៌មាន​ក៏​បាន​ប្រកាស​ថា អ្នក​សារ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ទាំង​អស់​នឹង​ត្រូវ​ចាប់​ខ្លួន​ ​ប្រសិន​បើ​ពួក​គេ​នៅ​បន្ត​ចុះ​យក​ព័ត៌មាន​ និង​រាយ​ការណ៍​ពីប្រទេស​កម្ពុជា។​

ក្រោយ​បញ្ជូន​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប​នោះ​ ទៅ​ស្នងការ​នគរបាល​រាជធានី​នា​រសៀល​ថ្ងៃ​ពុធ​ ​លោក​ ​ស៊ឹម វុទ្ធី​ ​ស្នងការ​រង​នគរ​បាល​រាជធានី​ភ្នំពេញ​ទទួល​ផែន​សន្តិសុខ​ ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ សមត្ថកិច្ច​បាន​រក​ឃើញ​សម្ភារៈ​មួយ​ចំនួន​ ដែល​បង្ហាញ​ថា អ្នកទាំង​ពី​រ​នោះ​បានរាយ​ការណ៍​ព័ត៌មាន​ទៅ​ឲ្យ​វិទ្យុ​អាស៊ីសេរីនៅសហរដ្ឋ​អាមេរិក​ពិត​មែន។​ ទោះជាយ៉ាង​ណា​លោក​សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ច្រើន​ ​ដោយ​ប្រាប់​ថា​រង់​ចាំ​ការស៊ើបអង្កេត​បន្ថែម។​

លោក​ ​ស៊ឹម វុទ្ធី​ ​បញ្ជាក់​ថា៖​

«ឥឡូវ​យើង​កំពុង​ពិនិត្យ​មើល​ថា​តើ​ ​ព្រោះ​យើង​ឃើញ​សម្ភារៈ​អី ស្ទូឌីយោ​ដែល​គាត់រៀបចំ​ហ្នឹង​ ​គឺ​គាត់​ផ្សាយ​បន្ត​ទៅ​ឲ្យ​ប៉ុស្តិ៍​អាស៊ី​សេរី អញ្ចឹង​គឺ​វា ​ខុស​ហើយ។​ ​យើង​កំពុង​យក​ទៅ​ពិនិត្យ​ហើយ​អម្បាញ់​មិញ មាន ​Laptop​ ​មាន​ស្ទូឌីយោ​អី​កំពុង​តែ​រៀប​ហ្នឹង។ យើង​អត់ទាន់​បើក​ទេ​ម្សិលមិញ ដោយសារ​អត់​មាន​តុលាការ ឥលូវ​យើង​មាន​តុលាការ យើង​សុំ​ទៅ​ឆែក​នៅ​ក្រសួង»។​

លោក​ ស៊ឹម​ វុទ្ធី​ ស្នង​ការរង​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​ផែន​សន្តិសុខ​ ថ្លែងទៅកាន់អ្នក​សារព័ត៌មាន​អំពីការ​ការបញ្ជូនអ្នកសារព័ត៌មាន​វិទ្យុអាស៊ី​សេរី​ ទៅ​អគ្គ​ស្នងការ​នគរបាលជាតិ​ នៅរាជធានីភ្នំពេញ​ ​នៅ​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ (ខាន់​ សុគុំមនោ/VOA)
លោក​ ស៊ឹម​ វុទ្ធី​ ស្នង​ការរង​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​ផែន​សន្តិសុខ​ ថ្លែងទៅកាន់អ្នក​សារព័ត៌មាន​អំពីការ​ការបញ្ជូនអ្នកសារព័ត៌មាន​វិទ្យុអាស៊ី​សេរី​ ទៅ​អគ្គ​ស្នងការ​នគរបាលជាតិ​ នៅរាជធានីភ្នំពេញ​ ​នៅ​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ (ខាន់​ សុគុំមនោ/VOA)

VOA​ ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ​ជួន សុវណ្ណ ​ស្នងការ​រាជធានី​ភ្នំពេញ​ ​និង​លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាលជាតិ​ តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណាមួយ​នៅ​ឡើយ រ​ហូត​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ ។

ចំណែក​អ្នកនាំពាក្យ និង​អ្នក​គ្រប់គ្រង​មួយចំនួន​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក៏​មិនទាន់​ឆ្លើយ​តប​សំណួរ​របស់​ VOA ដែល​បាន​សួរ​តាម​រយៈ​សារ​អេឡិចត្រូ​និច​អ៊ីមែល​នៅ​ឡើយ​ដែរ។​

នេះ​ជា​លើក​ទី​មួយ​ហើយ ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​អតីត​អ្នក​សារព័ត៌មានវិទ្យុ​អាស៊ី​សេរី​ ​បន្ទាប់​ពី​ក្រសួងព័ត៌មាន​បាន​ប្រកាស​ពីការ​ព្រមាន​ចាប់​ខ្លួន​ពួក​គេ។​ ​ទោះជាយ៉ាង​ណា​ ​កន្លង​មក​អតីត​អ្នកសារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី មួយ​ចំនួន​លើកឡើងថា ពួកគេត្រូវ​បាន​ក្រសួង​ព័ត៌មាន​បដិសេធ​មិន​ផ្តល់​បណ្ណ​អ្នក​សារ​ព័ត៌មានដើម្បី​អាច​ប្រកប​អាជីព​ជា​អ្នក​សារ​ព័ត៌មាន​បាន​តទៅ​ទៀត​ បើទោះជា​ពួកគេ​ស្នើ​សុំ​បណ្ណ​ដើម្បី​អាច​ទៅ​បម្រើ​ការងារ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​ផ្សេង​ទៀត​ក៏​ដោយ។​

លោក​ ​ស៊ឹង សែនករុណា​ ​មន្រ្តីផ្នែក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ ​អាដហុក​ ​លើក​ឡើង​ថា​ លោក​មិន​ទាន់​អាច​សន្និដ្ឋាន​បែបណា​មួយ​នៅ​ឡើយ​ ​ខណៈ​អតីត​អ្នកសារ​ព័ត៌មាន​អាស៊ីសេរី​ទាំង​ពីរ​រូប​នោះ​ ​គឺ​កំពុង​ស្ថិត​ក្នុង​ការ​សាកសួរ​របស់​សមត្ថកិច្ច។​ ​ទោះ​ជា​យ៉ាងណា​លោក​ថា​ ​ការ​មិន​ផ្តល់​បណ្ណសារព័ត៌មាន​ឲ្យ​អតីត​អ្នកសារ​ព័ត៌មាន​អាស៊ី​សេរី​ ​គឺ​ជា​ការបំបិទសិទ្ធិ​របស់​ពួកគេ​ ​និង​ថា​ជាការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកប​វិជ្ជាជីវៈ​របស់​អ្នកសារ​ព័ត៌មាន​ផ្សេងទៀត។​

លោក​មាន​ប្រសាសន៍​ថា៖​

​«វាធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិជ្ជាជីវៈ​ការងារ​របស់​គាត់​ ​ការប្រកប​ការងារ​របស់​គាត់​ ​ហើយ​ការ​ដែល​ធ្វើ​នេះ​វា​មិន​ប៉ះពាល់​តែទៅ​លើ​ស្ថាប័ន​វិទ្យុអាស៊ី​សេរី​ទេ​ ​ហើយ​វា​ក៏​អាចមានការ​ប្រឈម​ដល់​អ្នក​ដែល​ប្រកប​វិជ្ជាជីវៈស្រដៀងគ្នា​នេះ​ដែរ ដើម្បី​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​លើ​វិជ្ជាជីវៈ​ការងារ​ ហើយ​ធ្វើ​ឲ្យ​ពួកគេ​ធ្វើ​កិច្ចការ​ហ្នឹង​ហាក់​ដូច​ជា​ នៅ​មាន​កម្រិត មិន​បើក​ទូលំទូលាយ»។​

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ​ក្រសួង​ព័ត៌​មាន​បញ្ជា​ឲ្យ​បិទ​ស្ថានីយ​វិទ្យុ​ជាង​ ៣០​ជា​បន្តបន្ទាប់​ ដែល​បាន​ជួល​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុ​អាស៊ីសេរី​ ​និង​វិទ្យុ ​VOA​ ​នៅ​ទូទាំង​ប្រទេស និង​បន្ទាប់ពី​រដ្ឋាភិបាល​បិទ​អង្គការ​ ​NDI​ ​ជាអង្គការ​មួយ​របស់​អាមេរិកដែល​ធ្វើការជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ចោទថា អង្គការ​នេះនៅ​ពីក្រោយ​បក្ស​ប្រឆាំង​ដើម្បីផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។​

ស្ថាប័ន​ ​និង​អង្គការ​ជាតិ​ ​អន្តរជាតិ​មួយ​ចំនួន​ ​ដែល​ការពារ​សេរីភាព​ព័ត៌មាន​ ​និង​សិទ្ធិ​មនុស្ស​នៅ​ជុំវិញ​ពិភព​លោក​ ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឲ្យ​ស្ថាន​ភាព​សេរីភាព​ព័ត៌មាន​ ​និង​ដំណើរ​ការ​លទ្ធិប្រជា​ធិបតេយ្យ​ត្រឡប់​ទៅ​រក​ស្ថានភាព​ដូច​ដើម​វិញ៕

XS
SM
MD
LG