ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ព័ត៌មាន​ព្រមាន​​ចាប់​ខ្លួន​អ្នក​សែត​អាស៊ីសេរី​ ​ប្រសិន​បើ​នៅ​តែ​បន្ត​ចុះ​យក​ព័ត៌មាន​និង​រាយ​ការណ៍​ពី​ក្នុង​ប្រទេស​កម្ពុជា


លោក អ៊ុក គឹមសេង អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «ការចោទ​ប្រកាន់​របស់វិទ្យុ​អាស៊ីសេរី​ពាក់ព័ន្ធ​ការបិទការិយាល័យ​របស់​ខ្លួន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា» ​នៅ​ក្រសួង​ព័ត៌មាន ថ្ងៃ​ទី១៥ ខែកញ្ញា ឆ្នាំ២០១៧៕(កាន់ វិច្ឆិកា/VOA)
លោក អ៊ុក គឹមសេង អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «ការចោទ​ប្រកាន់​របស់វិទ្យុ​អាស៊ីសេរី​ពាក់ព័ន្ធ​ការបិទការិយាល័យ​របស់​ខ្លួន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា» ​នៅ​ក្រសួង​ព័ត៌មាន ថ្ងៃ​ទី១៥ ខែកញ្ញា ឆ្នាំ២០១៧៕(កាន់ វិច្ឆិកា/VOA)

ក្រោយ​ពី​វិទ្យុ​អាស៊ីសេរី​បាន​ប្រកាស​បិទ​ការិយាល័យ​នៅ​កម្ពុជា​ ​ក្រសួង​ព័ត៌មាន​ប្រកាស​ថា​ ​អ្នក​សារ​ព័ត៌មាន​របស់​វិទ្យុ​នេះ​នឹង​ត្រូវ​ប្រឈម​​ការ​ចាប់​ខ្លួន​ ​​បើ​ពួក​គេ​បន្ត​ចុះ​យក​ព័ត៌មាន​និង​រាយការណ៍​ក្នុង​ប្រទេស​កម្ពុជា។

ក្រសួង​ព័ត៌មាន​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ​អ្នកសារ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ទាំង​អស់​នឹងត្រូវ​ចាប់​ខ្លួន​ ប្រសិន​បើ​ពួក​គេ​នៅ​បន្ត​ចុះ​យក​ព័ត៌មាន​ និង​រាយ​ការណ៍​ពី​ក្នុង​ប្រទេស​កម្ពុជា​ ​ក្រោយ​ពី​ស្ថាប័ន​វិទ្យុ​នេះ​បាន​ប្រកាស​ផ្អាក​ប្រតិបត្តិការ ​និង​បិទ​ការិយាល័យ​របស់ខ្លួន​នៅ​កម្ពុជា។

ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយឆ្លើយ​តប​ទៅ​នឹង​ការ​ ​«ការ​ចោទ​ប្រកាន់​របស់​វិទ្យុ​អាស៊ីសេរី​ ​ពាក់​ព័ន្ធ​ការ​បិទ​ការិយា​ល័យ​របស់​ខ្លួន​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា»​ ​លោក​ ​អ៊ុក គឹមសេង​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ ​បាន​ប្រកាស​ច្រានចោល​រាល់​ការ​ចោទ​ប្រកាន់​នានា​ទៅ​លើ​ក្រសួង​ព័ត៌មាន​ ពី​សំណាក់​វិទ្យុ​ ​ដែល​មាន​ការ​ផ្សាយផ្ទាល់​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ។​ ​អ្នក​នាំពាក្យ​ដដែល​បន្ត​ថា ក្រសួង​ព័ត៌មាន​មិន​បាន​គាប​សង្កត់​ ​បិទ​សិទ្ធិ​សេរីភាព​អ្វី​ទាំងអស់​ចំពោះ​វិទ្យុ​អាស៊ីសេរី​ ​និង​បណ្តាញ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ដទៃ​ទៀត​នោះ​ទេ។​

លោក​ ​អ៊ុក គឹមសេង​ ​លើក​ឡើង​ថា​ ​វិទ្យុ​អាស៊ី​សេរី​ដែល​គាំទ្រ​ ​និង​ផ្តល់​ជំនួយ​ដោយ​សហ​រដ្ឋ​អាមេរិក​មួយ​នេះ​ ​ជា​វិទ្យុ​ដែល​មាន​ទិសដៅផ្សព្វផ្សាយ​ពី​ភាព​អវិជ្ជមាន​របស់​ថ្នាក់​ដឹក​នាំ​ ​និង​ញុះញង់​ឲ្យ​ប្រជា​ពល​រដ្ឋ​បះ​បោរ​ប្រឆាំងនឹង​រដ្ឋាភិបាល​កម្ពុជា​ ​ហើយ​វិទ្យុ​អាស៊ីសេរី​បាន​ប្រកាស​បិទ​ប្រតិ​បត្តិការរបស់​ខ្លួន​ ​រួច​លួច​ទៅបង្កើត​ក្រុម​ការងារ​ធ្វើការ​នៅ​ផ្ទះ​រៀងៗ​ខ្លួន​ ​និង​ទីកន្លែង​ដាច់​ដោយ​ឡែក​ពីគ្នា​ ​ដោយ​លោក​ចាត់​ទុក​ថា ​សកម្មភាព​របស់​វិទ្យុ​អាស៊ីសេរី​បែប​នេះ​ ​គឺ​ជា​ទង្វើ​ខុស​ច្បាប់។​

លោក​ អ៊ុក គឹមសេង​ ​បញ្ជាក់​ថា៖​

«គាត់​ធ្វើការ​នៅ​ទី​ងងឹត​ ​គាត់​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ថា​តើ​ការងារ​របស់​គាត់​ ​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ ឬអត់?​ ​សម្រាប់​ខ្ញុំ ថ្ងៃនេះ​បើ​មាន​អាស៊ី​សេរី​មក​ ​សូម​ស្វាគមន៍​ ​ប៉ុន្តែ​ពី​ថ្ងៃស្អែក​ ខ្ញុំ​អត់​ដឹង​ថា​ ​មាន​អាស៊ីសេរី​ទៀត​ទេ។​ ​អីចឹងកុំ​ប្រាប់​ថា ​ ​ឯកឧត្តម​ ​ខ្ញុំ​អាស៊ីសេរី​ ​សុំ​ ​Confirm​ ​(បញ្ជាក់)​ ខ្ញុំអត់​ដឹង​ទេ​ ​ព្រោះ​អ្នកឯង​នាំ​គ្នា​ឈប់​ធ្វើ​ការ​នៅ​កម្ពុជា​ហើយ»។​

អ្នកនាំពាក្យ​នៃ​ក្រសួង​ព័ត៌មាន​រូប​នេះ​បន្ថែម​ថា​ ​ ​មន្រ្តី​រដ្ឋាភិបាល​ទាំង​អស់​នឹង​ឈប់​ផ្តល់​សម្ភាសន៍​ដល់វិទ្យុ​អាស៊ីសេរី​ ​ចាប់​ពី​ថ្ងៃ​ស្អែក​តទៅ​ ​និង​ថា​ ​បុគ្គលិក ​ឬ​អ្នកសារ​ព័ត៌មាន​របស់​វិទ្យុ​នេះនឹង​ត្រូវ​ប្រ​ឈម​ការ​ចាប់​ខ្លួនពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ ​ប្រសិន​បើ​ពួកគេ​នៅ​តែ​បន្ត​ធ្វើ​ការងារ ​និង​រាយ​ការណ៍នៅ​កម្ពុជា។​

លោកអ៊ុក គឹម សេង​ ​មាន​ប្រសាសន៍​ថា បើ​និយាយ​ពីកិច្ច​ការងារ​ផ្លូវ​ច្បាប់​ ​សមត្ថកិច្ច​គឺ​ក្រសួង​គ្រប់គ្រង​កិច្ចការសន្តិសុខ​របស់​ប្រទេសជា​អ្នក​ធ្វើ​ការ​ពង្រឹងច្បាប់។​

កាល​ពី​ថ្ងៃ​អង្គារ​ ​វិទ្យុ​អាស៊ី​សេរី​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ​ប្រកាសផ្អាក​ដំណើរ​ការ​ការិយា​ល័យ​ព័ត៌មាន​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​មួយ​រយៈ​ទាំង​បង្ខំ។​ ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ ​វិទ្យុ​អាស៊ីសេរីចោទ​ថា ​រដ្ឋាភិបាល​កំពុង​ធ្វើ​ទុក្ខ​បុកម្នេញ​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ​ និង​គូ​បដិបក្ខ ​នៅ​មុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨។​

ការ​ប្រកាស​ផ្អាក​ប្រតិបត្តិការ​នៅ​រាជធានី​ភ្នំពេញ​របស់​វិទ្យុ​អាស៊ីសេរី​នេះធ្វើឡើង​ ​បន្ទាប់​ពី​ក្រសួង​ព័ត៌​មាន​បញ្ជា​ឲ្យ​បិទ​ស្ថានីយ​វិទ្យុ​ជាង​៣០​ជា​បន្តបន្ទាប់​ ​ដែល​បាន​ជួល​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុ​អាស៊ីសេរី​ ​និង​វិទ្យុ ​VOA​ ​នៅ​ទូទាំង​ប្រទេស។

បើ​ទោះ​បី​ជា​វិទ្យុ​អាស៊ីសេរី​ប្រកាស​ផ្អាក​ប្រតិបត្តិការ​ ​និង​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា​ក្តី​ ​ប៉ុន្តែ​គេ​នៅ​តែឃើញ​មាន​ព័ត៌មាន​របស់​អាស៊ីសេរី​ ដែល​បន្តផ្សាយ​តាម​រយៈប្រព័ន្ធ​អ៊ីនធឺណេត។​

លោក​ ​ខៀវ សុភ័គ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ ​ប្រាប់​ ​VOA​ ​ថា​ ​ក្រសួង​មហា​ផ្ទៃ​នឹង​ចេញ​ចំណាត់​ការផ្លូវ​ច្បាប់​ទៅ​តាម​ការ​ណែនាំ​ ឬសំណូម​ពរ​របស់​ក្រសួង​ព័ត៌មាន​ ព្រមទាំង​បាន​ប្រកាស​ថា ​នឹង​លែង​ផ្តល់​សម្ភាសន៍ដល់ក្រុម​អ្នក​សារព័ត៌មាន​របស់​វិទ្យុអាស៊ីសេរី​តទៅ​ទៀត។​

លោក​បញ្ជាក់​ថា៖​

«ការ​ចាប់​ខ្លួន​ ទី​មួយ​វា​អាច​មាន​ពីរ​ដំណាក់កាល។​ ​ការ​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ធ្វើការ​វិនិច្ឆ័យ​ទោស​ ​អាហ្នឹង​យើង​ក៏​អាច​ធ្វើ​បាន​ដែរ ​នៅ​ពេល​ណា​ដែល​មាន​បទ​ល្មើស​ជាក់​ស្តែង។​ ​ប៉ុន្តែ​ចំពោះ​ក្រសួង​មហាផ្ទៃ​ថា​ អ្នក​នេះ​មាន​ទោស​ប៉ុន្មាន​ខែ​ ​អ្នកនោះ​មាន​ទោស​ប៉ុន្មាន​ខែ​ ​យើង​មិន​អាច​ ​អត់​មាន​សិទ្ធិ​និយាយអីចឹង​បាន​ទេ។​ ​ប៉ុន្តែ​ដូច​បាន​ជម្រាប​ជូនអីចឹង ​ក្នុង​ករណី​មាន​សំណូម​ពរ​ ​យើង​នឹង​សហ​ការ​យ៉ាង​ពេញ​លេញ»។

VOA​ ​បាន​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​ ​Rohit Mahajan​ ​នាយក​ទទួល​បន្ទុក​កិច្ចការ​សាធារណៈ​ និងយុទ្ធសាស្រ្ត​បច្ចេក​វិទ្យា​របស់​វិទ្យុ​អាស៊ីសេរី​ តាម​រយៈ​សារ​អេឡិច​ត្រូនិច ​ឬ​អ៊ីមែល​ ​ប៉ុន្តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃសុក្រ​នេះ ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅឡើយ។​

អ្នកស្រី Judith Clarke ​សាស្រ្តាចារ្យ​ផ្នែក​សារព័ត៌មាន​នៅ​សាកល​វិទ្យាល័យ ​Hong Kong Baptist ​និង​ជា​អ្នក​ធ្លាប់​ស្រាវជ្រាវ​ពី​បញ្ហា​សារព័ត៌មាន​នៅ​កម្ពុជា បាន​ប្រាប់ ​VOA ​តាមរយៈ​សារ​អេឡិចត្រូនិច ​ឬ​អ៊ីមែល​ថា ​ការដក​ប្រតិបត្តិការ​របស់​អាស៊ីសេរី ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​នៅ​កម្ពុជា មិនអាចប្រមូល​ព័ត៌មាន​ដើម្បី​ផ្សព្វផ្សាយ​បាន​ដោយ​សេរី។ ​អ្នកស្រី​បន្ថែម​ថា ​ការ​ផ្សាយ​ព័ត៌មាន​របស់​អាស៊ីសេរី​បាន​ផ្តល់​តុល្យភាពទៅ​នឹង​ការ​ផ្សាយ​របស់​ក្រុម​សារ​ព័ត៌មាន​ជាច្រើន ដែល​តែង​ផ្សាយគាំទ្រ​រដ្ឋាភិបាល។​

អ្នកស្រី​បន្ថែម​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

«ការបង្ខំ​ឲ្យ​វិទ្យុ​អាស៊ី​សេរី​បិទទ្វារ​ប្រហែល​ជា​មិន​មែន​ជារឿង​គួរ​ឲ្យភ្ញាក់ផ្អើល​ទេ​ ហើយ​វា​មិនមែន​ជា​ការណ៍​ពិត​ទេ ​ដែលថា​ វា​មិនមែន​ជា​ផ្នែក​មួយ​នៃ​ការ​បង្រ្កាប​ដែល​កំពុង​កើត​មាន​ឡើង​ទៅ​លើ​ក្រុម​ប្រឆាំង។ ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ធានា​សេរីភាព​សារព័ត៌មាន ​ហើយ​ប្រទេស​នេះ​កន្លង​មក​ធ្លាប់​បាន​គោរព​សេរីភាពនេះក្នុង​កម្រិត​មួយ ​ប៉ុន្តែ​ឥឡូវ​នេះ​កំពុង​ឈាន​ទៅ​រក​របប​ផ្តាច់ការ»។​

វិទ្យុ​អាស៊ីសេរីជា​សារ​ព័ត៌មាន​ទទួល​ការ​ឧបត្ថម្ភ​ពី​សហ​រដ្ឋ​អាមេរិក​ ​និង​ផ្សាយ​ចេញ​ពី​សហ​រដ្ឋ​អាមេរិក​ ក្នុងគោល​ការណ៍​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​សិទ្ធិ​មនុស្ស​ ​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពល​រដ្ឋ​ខ្មែរ។​ ​វិទ្យុ​នេះ​ភាគ​ច្រើន​រាយ​ការណ៍​ព័ត៌មាន​ក្នុង​ស្រុក​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ ​នយោបាយ​ ​សេដ្ឋកិច្ច​ ​បញ្ហា​សង្គម​ ​បញ្ហា​ដីធ្លី​ជា​ដើម។​

លោក​ ​ស៊ឹង សែនករុណា​ ​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លើក​ឡើង​ថា ​ការ​ប្រកាស​មិន​ឲ្យ​ក្រុម​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​បន្ត​ការងារ​នៅ​កម្ពុជានេះ​ ​ជា​ការ​រឹតត្បិត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីព​របស់​អ្នក​សារ​ព័ត៌មាន​ ហើយ​វា​ ​បង្ហាញ​ថា ​សេរី​ភាពសារ​ព័ត៌មាន​នៅ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ប្រៀបធៀប​ទៅ​នឹង​កាលមុន​គឺសេរីភាព​នេះ​ ដូចជា​មាន​ភាព​ទូលំ​ទូលាយ ​ដូចជា​មិន​ដែលមាន​ការ​រឹត​ត្បិត​ទេ ឬ​មិន​មាន​ការ​តាម​ដាន​ទៅលើ​ការ​ប្រកប​របរវិជ្ជាជីវៈ​នេះ​ទេ។ ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ ​យើង​ឃើញ​ថា​ មាន​ការ​តាមដាន​ឃ្លាំមើល ​ហើយ​រឹតត្បិតក្នុង​ការ​ធ្វើ​កិច្ចការ​អាជីព​របស់​ខ្លួន​ហ្នឹង​ កាន់​តែ​មាន​ភាព​ចង្អៀត​ទៅៗ»។​

លោក​ ​ស៊ឹង សែនករុណា​ ​បន្ថែម​ថា​ ​ការ​ប្រកាស​នេះ​អាច​បណ្តាល​មកពីរដ្ឋាភិបាល​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ពី​ភាព​លេច​ធ្លោ​របស់​វិទ្យុអាស៊ី​សេរី​ ​ដែល​តែង​ផ្សព្វផ្សាយ​ព័ត៌​មាន​បង្ហាញ​ពី​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល។​

សារ​ព័ត៌មាន​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ស្ថិត​ក្នុង​ការ​រឹតត្បិត​នា​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយនេះ​ ដោយ​សារ​ការ​ប្រើ​ច្បាប់​ពន្ធដារ។ ​ស្ថាប័ន​ ​និង​អង្គការ​ជាតិ​ ​អន្តរជាតិ​មួយ​ចំនួន​ ​ដែល​ការពារ​សេរីភាព​ព័ត៌មាន​ ​និង​សិទ្ធិ​មនុស្ស​នៅ​ជុំវិញ​ពិភព​លោក​ ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឲ្យ​ស្ថាន​ភាព​សេរីភាព​ព័ត៌មាន​ ​និង​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​ត្រឡប់​ទៅ​រក​ស្ថានភាព​ដូច​ដើម​វិញ​ ​ក្រោយ​ពី​មាន​ការ​បង្ក្រាប​ភ្លាមៗ​ ​និង​ជា​បន្ត​បន្ទាប់​ទៅ​លើ​ស្ថាប័ន​ផ្សាយ​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន។​

ស្ថាប័ន​ ​និង​អង្គការ​ជាតិ​ ​អន្តរជាតិ​ទាំង​នោះ​រួម​មាន​ ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​Human Rights Watch​ ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក ​សហ​រដ្ឋ​អាមេរិក​ ​គណៈ​កម្មការ​ដើម្បី​ការពារ​អ្នក​កាសែត​ ​(CPJ)​ ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​(OHCHR)​ ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​(CCHR)​ ​អង្គការ​លីកាដូ​ ​(LICADHO)​ ​និង​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ​(ADHOC) ​ជា​ដើម៕

XS
SM
MD
LG