សាលាឧទ្ធរណ៍នៅព្រឹកនេះ បានច្រានចោលបណ្ដឹងសុំមោឃភាពនីតិវិធីរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលប្ដឹងដោយមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូប ប្រឆាំងនឹងការឃុំខ្លួនពួកគេលើសច្បាប់កំណត់។
ក្រោយបញ្ចប់ការប្រកាសសាលដីកា សាលាឧទ្ធរណ៍សម្រេចបញ្ជូនសំណុំរឿងត្រឡប់ទៅសាលាដំបូងរាជធានីដើម្បីបន្តនីតិវិធី។
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅមន្ត្រីការពារសិទ្ធិមនុស្ស លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុនី ទៅសាកសួរ បន្ទាប់ពីនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ឆ្លើយថាមន្ត្រីសិទ្ធិមនុស្សទាំងនេះ បង្គាប់ឲ្យនាងកុហកតុលាការ ទាក់ទងទំនាក់ទំនងស្នេហារបស់នាងជាមួយ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។
ក្នុងការសាកសួរនោះ អង្គភាពប្រឆាំងអំពើពុករលួយ បានសួរមន្ត្រីការពារសិទ្ធិមនុស្សនៃអង្គការអាដហុកទាំងនោះ រហូតដល់ពាក់កណ្ដាលយប់។
មេធាវីការពារក្ដីឲ្យមន្ត្រីអាដហុកទាំង៤រូបគឺ លោក ឡោ ជុនធី បានប្រាប់ VOA ថា មេធាវីបានលើកសំអាងហេតុជាច្រើនបង្ហាញថាអង្គភាពប្រឆាំងអំពើពុករលួយពិតជាបានឃាត់ និងឃុំខ្លួនកូនក្ដីរបស់លោក ខុសនីតិវិធីច្បាប់។
«កាលណាជនសង្ស័យចូលទៅដល់ស្ថាប័នដែលហៅថាស្ថាប័នមន្ត្រីនគរបាលយុត្តិធម៌ហ្នឹង គេត្រូវចាប់រាប់ម៉ោងហើយ ចុះបើយើងអត់រាប់ម៉ោងហ្នឹងសួរថាអាម៉ោងដែលបាត់ហ្នឹងយកទៅកាត់កងរបៀបម៉េច? វាអត់ច្បាស់លាស់ វាមិនសូវសមហេតុសមផល ព្រោះអ្វីដែលយើងប្ដឹងហ្នឹងគឺផលប្រយោជន៍ច្បាប់សុទ្ធសាធ។ ផលប្រយោជន៍ការអនុវត្តផ្លូវច្បាប់ ឃាត់ខ្លួនហ្នឹងវាត្រូវគោរពតាមនីតិវិធី។ បើមិនគោរព វាត្រូវមោឃភាពនីតិវិធីហ្នឹងហើយ»។
បើតាមលោកមេធាវី ឡោ ជុនធី កូនក្ដីរបស់លោកត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និងសាកសួរដល់ទៅជិត១សប្ដាហ៍។
លោក ទូច ថាវរិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ មានប្រសាសន៍ថា សភាស៊ើបសួរសាលាឧទ្ធរណ៍មិនអាចទទួលបណ្ដឹងរបស់មេធាវីមន្ត្រីអាដហុកទាំង៤មកជំនុំជម្រះបាន ដោយលោកបញ្ជាក់ថាបណ្ដឹងនោះ មិនត្រឹមត្រូវតាមច្បាប់។
ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់លម្អិតពីមូលហេតុនៃការច្រានចោលនោះទេ។
«សាលាឧទ្ធរណ៍ហ្នឹង បានច្រានចោលបណ្ដឹងការទាមទាររបស់មេធាវីជនជាប់ចោទទាំងបួនរូបហ្នឹង ក៏ប៉ុន្តែសភាស៊ើបសួរសាលាឧទ្ធរណ៍បានបង្វិលសំណុំរឿងហ្នឹងទៅឲ្យចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបន្តនីតិវិធី ដោយសារបណ្ដឹងរបស់មេធាវីតំណាងឲ្យជនជាប់ចោទហ្នឹងសភាស៊ើបសួរសាលាឧទ្ធរណ៍ មិនអាចទទួលយកមកធ្វើការជំនុំជម្រះបាន»។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូគឺ លោក អំ សំអាត បានប្រាប់អ្នកសារព័ត៌មានក្រោយការប្រកាសសាលដីកាថា ការកោះហៅមន្ត្រីអាដហុកទាំង៤រូបទៅសាកសួរនៅអង្គភាពប្រឆាំងអំពើពុករលួយ គឺជាការឃាត់ខ្លួនដើម្បីសាកសួរលើសនីតិវិធី។
លោកថា ជាធម្មតាការអនុវត្តនីតិវិធីច្បាប់ណាមួយដែលមិនមានច្បាប់ចែង ឬច្បាប់ចែងមានការខ្វះចន្លោះណាមួយ ដាច់ខាតត្រូវផ្ដល់ផលប្រយោជន៍ទៅប្រជាពលរដ្ឋ។
«ACU គាត់បកស្រាយថាទាល់តែគាត់ប្រកាសថាឃាត់ខ្លួនបានគាត់ចាប់រាប់ ប៉ុន្តែចុះបើធ្វើការសាកសួរគេនៅទីនោះមួយថ្ងៃ ឬក៏ពីរថ្ងៃ ដែលមិនទាន់ប្រកាសថាឃាត់ខ្លួន ប៉ុន្តែទៅដល់ហ្នឹងហើយ សួរថាអ្នកណាទទួលខុសត្រូវទៅលើសិទ្ធិសេរីភាពរបស់ពួកគាត់ទៅលើការបាត់បង់សេរីភាពរបស់ពួកគាត់ហ្នឹង ពីព្រោះនៅក្រមនីតិវិធីព្រហ្មទណ្ឌគេបានចង្អុលថា គេគិតចាប់ពីបុគ្គលទាំងអស់ហ្នឹង ទៅដល់ការិយាល័យនគរបាលយុត្តិធម៌ ហើយមិនត្រូវបានឲ្យត្រលប់មកវិញ គេចាត់ទុកថាជាការឃាត់ខ្លួន ប៉ុន្តែនៅ ACU មានការចន្លោះប្រហោង អានេះហើយដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ពួកគាត់។»
បុគ្គលិកទាំងបួនរូបនៃសមាគមអាដហុក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសទាក់ទងនឹងបទចោទសូកប៉ាន់សាក្សីនុងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយដោយសង្ស័យថា ជាស្រីកំណាន់របស់លោក កឹម សុខា។
ខណៈដែលត្រូវសមត្ថកិច្ចបណ្ដើរចូលបន្ទប់សវនាការដើម្បីរង់ចាំស្តាប់ការប្រកាសសាលដីកា លោក ណៃ វ៉ង់ដា មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុកម្នាក់ដែលត្រូវតុលាការឃុំខ្លួននិយាយផ្ញើសារថា៖ «កុំភ័យអីឲ្យសោះបាទ នាំគ្នាទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា។ កងកម្លាំងគេការពារយើងទេ ចុះឈ្មោះបោះឆ្នោតដើម្បីឲ្យមានផ្លាស់ប្ដូរជាវិជ្ជមាន ផ្លាស់ប្ដូរអាណត្តិក្រោយ អាហ្នឹងជារឿងសំខាន់»។
ពាក់ព័ន្ធសំណុំរឿងនេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក៏បានសម្រេចឃាត់ខ្លួនអគ្គលេខាធិការរងម្នាក់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺលោក នី ចរិយា ផងដែរ។
លោក នី ចរិយា ក៏ត្រូវបានចោទប្រកាន់ពីបទផ្សំគំនិតក្នុងអំពើសូកប៉ាន់សាក្សីក្នុងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំនេះដែរ៕