រដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធនេះ បានដាក់ចេញផែនការ៥ឆ្នាំក្នុងការប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ដែលក្នុងនោះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានជំរុញឲ្យអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិត(ISP)បង្កើតគោលនយោបាយការពារកុមារ និងរៀបចំឧបករណ៍ហាមឃាត់ការប្រើប្រាស់វេបសាយអាសអាភាសកុមារផងដែរ។
«ផែនការសកម្មភាព ដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥» ត្រូវបានរៀបចំដោយក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ដោយសហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងមហាផ្ទៃ ដោយមានជំនួយពីអង្គការយូនីសេហ្វ(UNICEF)។
នៅក្នុងពិធីប្រកាសផ្លូវការអំពីផែនការសកម្មភាពនេះ ហើយដែលធ្វើតាមប្រព័ន្ធអនឡាញ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថាផែនការនេះបានដាក់«សកម្មភាពជាក់លាក់» ដើម្បីប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ។ លោកជំរុញឲ្យគ្រប់ក្រសួងស្ថាប័នរបស់រដ្ឋាភិបាលទាំងអស់«ចាំបាច់»បញ្ចូលផែនការការពារកុមារតាមប្រព័ន្ធអនឡាញ ទៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់អង្គភាពសាមី។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានស្នើឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ធ្វើការជាមួយអ្នកផ្គត់ផ្គត់សេវាអ៊ីនធឺណិតទាំងអស់ ដើម្បីចូលរួមក្នុងកិច្ចការនេះ ក្នុងនោះមានការកំណត់បទដ្ឋានដែលអាចជួយរក្សាកំណត់ត្រានៃការកេងប្រវ័ញ្ចផ្លូវភេទកុមារ និងជាពិសេសបង្កើតគោលនយោបាយការពារកុមារ។
លោកបន្ថែមថា៖ «ជំរុញនិងលើកទឹកចិត្តឲ្យក្រុមហ៊ុនឯកជនដែលផ្តល់សេវាអ៊ីនធឺណិតណែនាំឲ្យអ្នកប្រើប្រាស់ឧបករណ៍ចែកចាយអ៊ីនធឺណិតដែលមានសុវត្ថិភាពចំពោះកុមារ។ ក្នុងនោះដែរ លើកទឹកចិត្តឲ្យពិនិត្យលទ្ធភាពដាក់ឧបករណ៍ ដើម្បីគ្រប់គ្រង និងផ្តល់សញ្ញាហាមឃាត់ និងប្រើប្រាស់វេបសាយអាសអាភាសកុមារ»។
លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានថ្លែងក្នុងពិធីនោះដែរថាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ «ជាក្តីបារម្ភថ្មីទៀត» ខណៈល្បិចកលនៃការឆបោក«កាន់តែមានភាពស្មុគស្មាញ និងអាក្រក់ទៅ»។
សេចក្តីថ្លែងការណ៍រួមគ្នារបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងអង្គការយូនីសេហ្វ (UNICEF)ឲ្យដឹងថាកម្ពុជាមិនទាន់មានទិន្នន័យផ្លូវការជាក់លាក់បញ្ជាក់ពីទំហំនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញនៅឡើយទេ ប៉ុន្តែតាមរយៈការរាយការណ៍ពីសាធារណជនមកកាន់សមត្ថកិច្ច និងបណ្តាញរាយការណ៍តាមអ៊ីនធឺណិត ជាមធ្យម មានចំនួនរាយការណ៍ជាង១៥០ករណី ក្នុងមួយឆ្នាំៗ ដែលជាករណីសង្ស័យទាក់ទងនឹងការលួងលោមកុមារតាមអនឡាញ ការផលិត និងចែកចាយរូបភាព សម្ភារអាសអាភាសកុមារ និងការគំរាមខាងផ្លូវភេទជាដើម។
យោងតាមការសិក្សាស្រាវជ្រាវស្តីពីការវិភាគស្ថានភាពដំបូងនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញនៅកម្ពុជា ឆ្នាំ២០២០ ដែលក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានដឹកនាំនិងសម្របសម្រួល ប្រមាណ៦០%នៃកុមារកម្ពុជាដែលបានចូលរួមក្នុងដំណើរការអង្កេតត្រូវបានរាយការណ៍ថាធ្លាប់បានជួបប្រទះហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ នៅពេលពួកគេប្រើប្រាស់អ៊ីនធឺណិត ដូចជាការលួងលោមក្នុងគោលបំណងផ្លូវភេទនិងការបង្ខំផ្ញើរូបអាក្រាតរបស់កុមារជាដើម។
ផែនការសកម្មភាពដែលត្រូវបានប្រកាសនៅថ្ងៃពុធនេះ កំណត់នូវគោលដៅយុទ្ធសាស្រ្តសំខាន់ៗ រួមមានការពង្រឹងប្រសិទ្ធភាពការអនុវត្តន៍គោលនយោបាយ និងអភិបាលកិច្ចលើកកម្ពស់យុត្តិធម៌ព្រហ្មទណ្ឌ លើកកម្ពស់វិធានការបង្ការ ទប់ស្កាត់ និងស្តារនីតិសម្បទាជនរងគ្រោះដោយអំពើកេងប្រវ័ញ្ចផ្លូវតាមប្រព័ន្ធអនឡាញ ពង្រឹងសុវត្ថិភាពសហគមន៍ពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ពង្រឹងលក្ខន្តិកៈសម្រាប់ការផ្តល់សេវាអ៊ីនធឺណិត បង្កើនការផ្សព្វផ្សាយ និងការយល់ដឹងត្រឹមត្រូវអំពីបញ្ហាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។
លោក ចាទ្បាក់ អាប់ឌុលវ៉ាហាប់ (Jalaa Abdelwahab) នាយកស្តីទីអង្គការយូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍រួមថាអង្គការយូនីសេហ្វជឿជាក់យ៉ាងមុតមាំទៅលើសារសំខាន់នៃកិច្ចសហការគ្នា ដើម្បីបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារ និងការកេងប្រវ័ញ្ចនិងសហការជាមួយដៃគូពាក់ព័ន្ធ«ដើម្បីធានាថាគ្មានកុមារណាម្នាក់ ត្រូវចម្រើនវ័យជាមួយនឹងការរំលោភបំពាន និងភាពភ័យខ្លាចទ្បើយ ទោះនៅលើប្រព័ន្ធអនទ្បាញ ឬក្រៅប្រព័ន្ធនេះក៏ដោយ»។
ចំនួនថវិកាប៉ាន់ស្មានសម្រាប់អនុវត្តផែនការសកម្មភាពនេះ គឺប្រមាណជាង៣,៨លានដុល្លារអាមេរិកសម្រាប់រយៈពេលជាង៥ឆ្នាំ។ ថវិកាចំនួន៣៦%ផ្តល់ដោយរដ្ឋាភិបាល និងថវិកា៦៤%ទៀត គឺជាការចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍នានា។ នេះបើតាមសេចក្តីសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។
អ្នកជំនាញបានលើកឡើងថានៅពេលមានវិបត្តិជំងឺកូវីដ១៩ ក្មេងៗកាន់តែច្រើនបានចំណាយពេលកាន់តែច្រើនលើប្រព័ន្ធសង្គម ដែលជាហានិភ័យបន្ថែមទៀត។
អ្នកស្រី មាស សាអ៊ីម អនុប្រធានផ្នែកស្រ្តីនិងកុមារនៃសមាគមអាដហុក បានថ្លែងថាចំណេះដឹងរបស់អាណាព្យាបាលនៅមានកម្រិត និងមិនដឹងអំពីវិធីនៃការបិទបាំងរូបភាពអាសអាភាសផ្សេងៗ ដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធសង្គម ហើយកុមារងាយនឹងឃើញរូបទាំងអស់នោះ ហើយងាយនឹងចាញ់បោកគេ។
អ្នកស្រីប្រាប់វីអូអេថា៖ «ក្មេងៗគាត់យកទៅប្រើហើយ គាត់មើលអ្វីដែលមានលើប្រព័ន្ធទូរស័ព្ទដែលក្មេងវ័យប្រហែលគាត់ហ្នឹង មិនគួរមើល មិនគួរដឹង មិនគួរឃើញរូបភាពទាំងអស់ហ្នឹង។ វាលើសពីវ័យរបស់គាត់ ដែលគាត់ត្រូវទទួលយក»។
អ្នកស្រីបញ្ជាក់ថាការរៀបចំផែនការសកម្មភាពប្រឆាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ជារឿងល្អ ប៉ុន្តែអ្នកស្រីស្នើឲ្យមានការអនុវត្តន៍ឲ្យបានពេញលេញ ដោយមានថវិកា ធនធាន និងបច្ចេកទេសគ្រប់គ្រាន់ក្នុងការអនុវត្តន៍ផងដែរ។
គួរបញ្ជាក់ថាទិន្នន័យរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បង្ហាញថាកម្ពុជាមានមនុស្សជាង១០លាននាក់ ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។ ក្រុមហ៊ុនហ្វេសប៊ុកក៏បានដាក់គោលនយោបាយ ដោយមិនអនុញ្ញាតឲ្យក្មេងអាយុក្រោម១៣ឆ្នាំ បង្កើតគណនីហ្វេសប៊ុកនោះទេ ហើយក៏អនុញ្ញាតឲ្យមានការរាយការណ៍ពីសាធារណជន នៅពេលដឹងថាមានក្មេងអាយុក្រោម១៣ឆ្នាំ មានគណនីហ្វេសប៊ុក៕