ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្រាវជ្រាវ​ពន្យល់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទំនាក់​រវាង​សហរដ្ឋ​អាមេរិក និង​សម្ដេច​នរោត្ដម​សីហនុ​ប្រេះឆា


គម្រប​សៀវភៅរបស់លោក William J. Rust ដែល​មាន​ចំណង​ជើង​ថា៖ «លោក​ប្រធានាធិបតី Eisenhowerនិង​កម្ពុជា៖ ការទូត សកម្មភាព​សម្ងាត់ និង​ប្រភព​នៃ​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​ពីរ» ឬ​ក៏​ជា​ភាសា​អង់គ្លេស​ថា៖ «Eisenhower and Cambodia: Diplomacy, Covert Action, and the Origins of the Second Indochina War»។ (រូបថតផ្តល់ឲ្យ​ដោយលោក William J. Rust)
គម្រប​សៀវភៅរបស់លោក William J. Rust ដែល​មាន​ចំណង​ជើង​ថា៖ «លោក​ប្រធានាធិបតី Eisenhowerនិង​កម្ពុជា៖ ការទូត សកម្មភាព​សម្ងាត់ និង​ប្រភព​នៃ​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​ពីរ» ឬ​ក៏​ជា​ភាសា​អង់គ្លេស​ថា៖ «Eisenhower and Cambodia: Diplomacy, Covert Action, and the Origins of the Second Indochina War»។ (រូបថតផ្តល់ឲ្យ​ដោយលោក William J. Rust)

នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​នា​ពេល​ថ្មីៗ​នេះ​ជាមួយ​នឹង​លោក ភី សុភាដា នៃ VOA លោក Rust បាន​ពន្យល់​ពី​មូលហេតុ​ដែល​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Eisenhower មាន​ការ​ជាប់​ពាក់ព័ន្ធ​ជា​សម្ងាត់​នៅ​ក្នុង​ផែនការ​របស់​លោក ដាប ឈួន និង​បាន​ពន្យល់​អំពី​ថា​តើ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា​នា​សម័យ​នោះ​ត្រូវ​បាន​បំផ្លាញ​យ៉ាង​ខ្ទេចខ្ទី​ដោយ​របៀប​ណា។

កំណត់និពន្ធ៖ លោក William J. Rust ជា​អ្នក​ស្រាវជ្រាវ​ល្បី​ឈ្មោះ​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្រាវជ្រាវ​ល្បីៗ​ជាច្រើន​ដែល​ជំនាញ​ខាង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ នា​ពេល​ថ្មីៗ​នេះ លោក​បាន​បោះ​ពុម្ព​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា៖ «លោក​ប្រធានាធិបតី Eisenhowerនិង​កម្ពុជា៖ ការទូត សកម្មភាព​សម្ងាត់ និង​ប្រភព​នៃ​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​ពីរ» ឬ​ក៏​ជា​ភាសា​អង់គ្លេស​ថា៖ «Eisenhower and Cambodia: Diplomacy, Covert Action, and the Origins of the Second Indochina War»។ សៀវភៅ​នេះ​រៀបរាប់​អំពី​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ពេល​លោក Dwight D. Eisenhower ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពី​ឆ្នាំ១៩៥៣ ដល់​ឆ្នាំ១៩៦១ ជា​ពិសេស​គឺ​រៀបរាប់​អំពី​ទំនាក់ទំនង​រវាង​រដ្ឋបាល​របស់​លោក Eisenhower ជាមួយ​នឹង​សម្ដេច​នរោត្ដម​សីហនុ ដែល​ជា​មេដឹកនាំ​ប្រទេស​កម្ពុជា​នា​សម័យ​នោះ។ គោល​បំណង​សំខាន់​បំផុត​របស់​សៀវភៅ​នេះ គឺ​ផ្ដោត​លើ​ការ​ជាប់​ពាក់ព័ន្ធ​ជា​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ផែនការ​សម្ងាត់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​គេ​មិន​សូវ​ស្គាល់​មួយ​របស់​មេបញ្ជាការ​យោធា​មួយ​រូប​ឈ្មោះ ដាប ឈួន ប្រឆាំង​នឹង​សម្ដេច​នរោត្តម​សីហនុ។

លោក Rust កើត​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ហើយ​ឥឡូវ​នេះ​កំពុង​រស់​នៅ​ក្នុង​ក្រុង East Otis រដ្ឋ Massachusetts។ លោក​ជា​អ្នក​និពន្ធ អ្នក​កែ​សម្រួល​អត្ថបទ និង​ជា​អ្នក​ប្រឹក្សា​ផ្នែក​ទំនាក់ទំនង​មួយ​រូប។ លោក​ធ្លាប់​ធ្វើការ​ជា​អ្នក​ស្រាវជ្រាវ​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន និង​របាយការណ៍​ពិភពលោក​នៃ​សហរដ្ឋ​អាមេរិក (US News and World Report) ដោយ​លោក​បាន​រួម​ចំណែក​បោះពុម្ព​អត្ថបទ​ជាច្រើន​អំពី​សង្គ្រាម​វៀតណាម។ កន្លង​មក លោក​បាន​បោះពុម្ព​សៀវភៅ ៤ ក្បាល ស្ដី​ពី​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ លោក​កំពុង​សរសេរ​សៀវភៅ​ទី ៥ របស់​លោក ដែល​និយាយ​អំពី​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​និង​ប្រទេស​ឥណ្ឌូណេស៊ី។

នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​នា​ពេល​ថ្មីៗ​នេះ​ជាមួយ​នឹង​លោក ភី សុភាដា នៃ VOA លោក Rust បាន​ពន្យល់​ពី​មូលហេតុ​ដែល​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Eisenhower មាន​ការ​ជាប់​ពាក់ព័ន្ធ​ជា​សម្ងាត់​នៅ​ក្នុង​ផែនការ​របស់​លោក ដាប ឈួន និង​បាន​ពន្យល់​អំពី​ថា​តើ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា​នា​សម័យ​នោះ​ត្រូវ​បាន​បំផ្លាញ​យ៉ាង​ខ្ទេចខ្ទី​ដោយ​របៀប​ណា។

តើ​សៀវភៅ «លោក​ប្រធានាធិបតី Eisenhower និង​កម្ពុជា» ផ្ដោត​ជា​ចម្បង​លើ​បញ្ហា​អ្វី?

សៀវភៅ​នេះ​ផ្ដោត​ជា​ចម្បង​លើ​ការ​តាក់តែង និង​ការ​អនុវត្ត​គោលនយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ពេល​លោក Dwight D. Eisenhower ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ ជា​ពិសេស វា​ជា​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​សម្ដេច​ព្រះ​បាទ​នរោត្តម​សីហនុ នៅ​ចន្លោះ​ឆ្នាំ ១៩៥៣ និង​ឆ្នាំ ១៩៦១។

សៀវភៅ​នេះ​ក៏​មាន​នូវ​ផ្នែក​បញ្ចប់​មួយ​ដែល​រៀបរាប់​ពី​ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ពេល​លោក John F. Kennedy ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ ក្នុង​ទសវត្សរ៍ ១៩៥០ និង​មុន​ទសវត្សរ៍ ១៩៦០ មាន​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន​ដែល​បាន​កើត​ឡើង​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដូចជា​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​របស់​សម្ដេច​សីហនុ​ក្នុង​ឆ្នាំ ១៩៥៣ សន្និសីទ​ទីក្រុង​ហ្សឺណែវ​ក្នុង​ឆ្នាំ ១៩៥៤ ការ​ប្រកាស​ពី​អព្យាក្រឹតភាព​របស់​កម្ពុជា​ក្នុង​ឆ្នាំ ១៩៥៥ និង​ទំនាក់ទំនង​រកាំរកូស​រវាង​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ប្រទេស​វៀតណាម​ខាង​ត្បូង និង​ប្រទេស​ថៃ ដែល​ជា​ប្រទេស​ជិត​ខាង​កម្ពុជា​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក ផង​ដែរ។ សៀវភៅ​នេះ​ផ្ដោត​ខ្លាំង​លើ​ផែនការ​សម្ងាត់​ប្រឆាំង​នឹង​សម្ដេច​សីហនុ និង​ការ​សម្រេច​ព្រះទ័យ​ចុងក្រោយ​របស់​ព្រះ​អង្គ​ក្នុង​ការ​បណ្ដេញ​យោធា និង​ទីប្រឹក្សា​ស៊ីវិល​របស់​សហរដ្ឋ​អាមេរិក​ចេញ​ពី​ប្រទេស​កម្ពុជា។

ក្រៅ​ពី​បញ្ហា​ដែល​លោក​បាន​រៀបរាប់​មក​នេះ តើ​មាន​បញ្ហា​សំខាន់​អ្វី​ខ្លះ​ទៀត​ដែល​លោក​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​សៀវភៅ​នេះ?

ចំណុច​ដែល​សំខាន់​នោះ​គឺ​ថា សៀវភៅ​នេះ​រៀបរាប់​ពី​បញ្ហា​អសមត្ថភាព​នៃ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Eisenhower ក្នុង​ការ​ស្វែង​រក​ចំណុច​រួម​ជាមួយ​នឹង​សម្ដេច​សីហនុ ដែល​យ៉ាង​ហោច​ណាស់ សម្ដេច​សីហនុ កាល​ពី​ដំបូង បាន​គាំទ្រ​ប្រទេស​លោក​ខាង​លិច​នៅ​ក្នុង​និន្នាការ​នយោបាយ​របស់​ព្រះ​អង្គ។ ខ្ញុំ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ទៅ​លើ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ជនជាតិ​ខ្មែរ​ដែល​មាន​ទំនោរ​ប្រឆាំង​នឹង​លទ្ធិ​កុម្មុយនិស្ត និង​ដែល​មាន​ផែនការ​សម្ងាត់​ប្រឆាំង​នឹង​សម្ដេច​សីហនុ និង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​បក្ស​ពួក​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​វៀតណាម​ខាង​ត្បូង និង​នៅ​ក្នុង​ប្រទេស​ថៃ។

នៅ​ក្នុង​ឆ្នាំ ១៩៥៩ ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​សម្ដេច​សីហនុ​មាន​ភាព​រកាំរកូស​យ៉ាង​ខ្លាំង​ ដោយ​សារ​តែ​សម្ដេច​សីហនុ​ដឹង​ថា ទីភ្នាក់ងារ CIA របស់​សហរដ្ឋ​អាមេរិក​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​លោក ដាប ឈួន និង​ផែនការ​មិន​បាន​សម្រេច​របស់​លោក ដាប ឈួន នៅ​ក្នុង​ការ​ទម្លាក់​ព្រះ​អង្គ។ ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បំផ្លាញ​យ៉ាង​ខ្ទេចខ្ទាំ​ដោយសារ​តែ​ការ​ខកខាន​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ផ្ដល់​នូវ​ការ​ពន្យល់​ណា​មួយ​ដល់​ការ​ទំនាក់ទំនង​របស់​លោក Victor Matsui ដែល​ជា​ភ្នាក់ងារ​ម្នាក់​របស់ CIA ជាមួយ​នឹង​ក្រុម​ឧទ្ទាម។

លោក William J. Rust ជា​អ្នក​ស្រាវជ្រាវ​ល្បី​ឈ្មោះ​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្រាវជ្រាវ​ល្បីៗ​ជាច្រើន​ដែល​ជំនាញ​ខាង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។
លោក William J. Rust ជា​អ្នក​ស្រាវជ្រាវ​ល្បី​ឈ្មោះ​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្រាវជ្រាវ​ល្បីៗ​ជាច្រើន​ដែល​ជំនាញ​ខាង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

តើ​ផែនការ​ប្រឆាំង​នឹង​សម្ដេច​សីហនុ​នៅ​ពេល​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​សម្ងាត់​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មែន​ទេ?

បាទ! ខ្ញុំ​ជឿ​ថា វា​ពិត​ជា​អញ្ចឹង​មែន។ ក្នុង​អំឡុង​ពេល​ភាគ​ច្រើន​នៃ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Eisenhower គោលនយោបាយ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​ជួយ​ជ្រោមជ្រែង​ដល់​ក្រុម និង​បុគ្គល​នានា​ដែល​ប្រឆាំង​នឹង​សម្ដេច​សីហនុ។ តាម​ទស្សន​វិស័យ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Eisenhower បញ្ហា​ចម្បង​ជាមួយ​នឹង​សម្ដេច​សីហនុ​គឺ​បញ្ហា​ការ​ព្រងើយ​កន្តើយ​របស់​ព្រះអង្គ​ចំពោះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​មនោគម​វិជ្ជា​ពិភពលោក​ពីរ គឺ​ប្លុក​កុម្មុយនិស្ត និង​ប្លុក​សេរី។ ប៉ុន្តែ សម្ដេច​សីហនុ​បាន​មាន​ព្រះ​រាជ​បន្ទូល​ថា ទ្រង់​សព្វ​ព្រះទ័យ​នៅ​ក្រៅ​សៃវៀន​ប្រយុទ្ធ​របស់​ប្រទេស​មហា​យក្ស​ពីរ គឺ​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត។ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ចង់​ឃើញ​ទំនាក់ទំនង​អន្តរជាតិ​របស់​បណ្ដា​ប្រទេស​ទាំង​អស់​ក្នុង​ពិភពលោក​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ ថា​តើ​គាំទ្រ​លោក​ខាង​លិច ឬ​ក៏​គាំទ្រ​ប្លុក​កុម្មុយនិស្ត។

បញ្ហា​អព្យាក្រឹតភាព​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ជា​បញ្ហា​រសើប​ខ្លាំង​បំផុត​សម្រាប់​សហរដ្ឋ​អាមេរិក។ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយបារម្ភ នៅ​ពេល​ដែល​សម្ដេច​សីហនុ​បាន​បង្កើត​ទំនាក់ទំនង​ការ​ទូត​ជាមួយ​នឹង​ប្រទេស​ចិន​នៅ​ក្នុង​ឆ្នាំ១៩៥៨។ នៅ​ទសវត្ស ១៩៥០ ការ​មិន​ទទួល​ស្គាល់​ប្រទេស​ចិន​ជា​ចំណុច​ស្នូល​ក្នុង​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​នៅ​តំបន់​ចុង​បូព៌ា។ នៅ​ពេល​ដែល​សម្ដេច​សីហនុ​នៃ​ប្រទេស​កម្ពុជា និង​ព្រះអង្គ​ម្ចាស់ Souvanna Phouma ដែល​ជា​នាយក​រដ្ឋមន្ត្រី​ឡាវ​នា​សម័យ​នោះ ព្យាយាម​បង្កើត​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​ចិន មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​ការ​អាក់អន់ចិត្ត។

នៅ​ពេល​ដែល​និយាយ​អំពី​ផែនការ​សម្ងាត់​ក្នុង​ការ​ប្រឆាំង​សម្ដេច​សីហនុ យើង​ក៏​ត្រូវ​និយាយ​អំពី​ទំនាក់ទំនង​របស់​សម្ដេច​សីហនុ​ជាមួយ​នឹង​វៀតណាម​ខាង​ត្បូង និង​ថៃ​ផង​ដែរ ដែល​ទំនាក់ទំនង​រវាង​ព្រះ​អង្គ និង​ប្រទេស​ទាំង​ពីរ​នេះ ជា​ទំនាក់ទំនង​មិន​ល្អ​ទេ​នៅ​ពេល​នោះ។ ខ្ញុំ​គិត​ថា ផ្នែក​មួយ​នៃ​បញ្ហា​គឺ​ដោយសារ​ចរិត​របស់​មេដឹកនាំ​ទាំង​នោះ ហើយ​មួយ​ផ្នែក​ទៀត​ពាក់ព័ន្ធ​នឹង​សង្គ្រាម​ក្នុង​ប្រវត្តិសាស្ត្រ​រវាង​អាណាចក្រ​ខ្មែរ សៀម និង​វៀតណាម​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

ទំនាក់ទំនង​រវាង​កម្ពុជា ថៃ និង​វៀតណាម​ខាង​ត្បូង​មាន​សភាព​កាន់​តែ​អាក្រក់​ឡើងៗ ដោយសារ​តែ​បញ្ហា​ព្រំដែន​ដែល​បាន​គូស​វាយ​ដោយ​ការ​សម្រេច​របស់​បារាំង​នៅ​ឥណ្ឌូចិន​ក្នុង​សម័យ​អាណានិគម។ សហរដ្ឋ​អាមេរិក​បាន​ផ្ដោត​ការ​យកចិត្តទុកដាក់​តិចតួច​ប៉ុណ្ណោះ​ទៅ​លើ​ជម្លោះ​របស់​ប្រទេស​ទាំង​បី​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្តែ​បាន​ផ្ដោត​ការ​យកចិត្តទុកដាក់​ស្ទើរតែ​ទាំង​ស្រុង​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​មនោគម​កុម្មុយនិស្ត។ សហរដ្ឋ​អាមេរិក​មិន​ខ្វល់​ពី​ក្ដី​បារម្ភ​របស់​សម្ដេច​សីហនុ​អំពី​ការ​គំរាម​កំហែង​របស់​ប្រទេស​ជិត​ខាង​ដែល​មាន​ទំនោរ​ប្រឆាំង​នឹង​មនោគម​កុម្មុយនិស្ត​នោះ​ទេ។

នៅ​ឆ្នាំ១៩៥៦ នៅ​ពេល​ដែល​សម្ដេច​សីហនុ​យាង​ធ្វើ​ព្រះ​រាជ​ទស្សនកិច្ច​ដំបូង​ទៅ​កាន់​ប្រទេស​ចិន និង​បាន​សម្រេច​ព្រះ​ទ័យ​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច និង​វប្បធម៌​ជាមួយ​ប្រទេស​ចិន​មក លោក ដាប ឈួន ដែល​ជា​មេបញ្ជាការ​យោធា​ប្រចាំ​តំបន់​សៀមរាប បាន​ទាក់ទង​ជាមួយ​នឹង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា និង​បាន​និយាយ​ថា លោក​នឹង​ប្រឆាំង​ជាមួយ​នឹង​គោលនយោបាយ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ប្រទេស​ចិន​របស់​សម្ដេច​សីហនុ។ លោក ដាប ឈួន ជា​អ្នក​ប្រឆាំង​នឹង​មនោគម​កុម្មុយនិស្ត ហើយ​លោក​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​បះបោរ​ប្រឆាំង​នឹង​សម្ដេច​សីហនុ។

នៅ​ពេល​នោះ ក្នុង​ឆ្នាំ១៩៥៦ សហរដ្ឋ​អាមេរិក​មិន​បាន​គាំទ្រ​លោក ដាប ឈួន នោះ​ទេ ដោយ​បាន​សន្មត​យ៉ាង​ត្រឹមត្រូវ​ថា លោក ដាប ឈួន មិន​មាន​ការ​គាំទ្រ​ផ្នែក​នយោបាយ​ច្រើន ហើយ​វា​អាច​ធ្វើ​ឲ្យ​ស្ថានករណ៍​កាន់​តែ​អាក្រក់​ឡើង ប្រសិន​បើ​លោក​ព្យាយាម​ធ្វើ​រដ្ឋប្រហារ​នោះ។

ប៉ុន្តែ ក្រោយ​មក ស្ថានការណ៍​បាន​ផ្លាស់ប្ដូរ​នៅ​ក្នុង​ទសវត្ស ១៩៥០។ នៅ​ក្នុង​ឆ្នាំ ១៩៥៨ សម្ដេច​សីហនុ​បាន​យល់ព្រម​បង្កើត​ទំនាក់ទំនង​ការ​ទូត​ជាមួយ​ប្រទេស​ចិន ដែល​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក ថៃ និង​វៀតណាម​ខាង​ត្បូង​មាន​ការ​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង។ ថៃ និង​វៀតណាម​ខាង​ត្បូង​មាន​ឆន្ទៈ​សហការ​គ្នា​ដើម្បី​ទម្លាក់​សម្ដេច​សីហនុ និង​ផ្ដល់​ការ​ផ្គត់ផ្គង់​គាំទ្រ​ដល់​ខ្មែរ​សេរី ដែល​ជា​ក្រុម​ប្រឆាំង​ប្រដាប់​ដោយ​អាវុធ​នៅ​កម្ពុជា និង​ជា​ក្រុម​ដែល​មាន​ប្រតិបត្តិការ​ចេញ​ពី​មូលដ្ឋាន​ក្នុង​ប្រទេស​ថៃ និង​វៀតណាម​ខាង​ត្បូង។ ក្រោយ​មក ក៏​មាន​បញ្ហា​ពាក់ព័ន្ធ​របស់​ទីភ្នាក់ងារ CIA ក្នុង​ផែនការ​សម្ងាត់​ប្រឆាំង​សម្ដេច​សីហនុ។

រហូត​មក​ដល់​ពេល​នេះ មាន​ការ​រៀបរាប់​ពីរ​ផ្សេង​គ្នា​អំពី​តួនាទី​របស់​ទីភ្នាក់ងារ CIA នៅ​ក្នុង​រដ្ឋប្រហារ​របស់​លោក ដាប ឈួន។ ទី​មួយ ដែល​ខ្ញុំ​ហៅ​ថា រឿង​សម្ងាត់ គឺ​ថា លោក Victor Matsui ដែល​ជា​ភ្នាក់ងារ​ប្រតិបត្តិ​របស់ CIA រាយការណ៍​តែ​អំពី​សកម្មភាព​របស់​លោក ដាប ឈួន ហើយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​បញ្ឈប់​ផែនការ​សម្ងាត់​របស់​លោក ដាប ឈួន ប្រឆាំង​នឹង​សម្ដេច​សីហនុ។

រី​ឯ​ការ​រៀបរាប់​ទី​ពីរ​វិញ ដែល​ខ្ញុំ​បាន​បង្ហាញ​ដោយ​ផ្អែក​លើ​ភស្តុតាង​នៅ​ក្នុង​សៀវភៅ​របស់​ខ្ញុំ និង​ជា​ការ​រៀបរាប់​ដែល​ខ្ញុំ​យល់​ថា មាន​លក្ខណៈ​សម​ហេតុ​សម​ផល​នោះ គឺ​ថា សហរដ្ឋ​អាមេរិក​បាន​ដើរ​តួ​យ៉ាង​សកម្ម​ក្នុង​ផែនការ​សម្ងាត់​របស់​លោក ដាប ឈួន ប៉ុន្តែ​បាន​បរាជ័យ​នៅ​ក្នុង​ការ​ព្យាយាម​រារាំង​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ក្នុង​នាទី​ចុងក្រោយ។ ភស្តុតាង​គាំទ្រ​ចំពោះ​ការ​សន្និដ្ឋាន​បែប​នេះ​រួម​មាន​ឯកសារ​ប្រមូល​បាន​មក​ពី​ប័ណ្ណសារដ្ឋាន​ជាតិ​អាមេរិក និង​របាយការណ៍ ក៏ដូចជា​សេចក្ដី​ថ្លែងការណ៍​ផ្សេងៗ​ដែល​ប្រមូល​បាន​មក​ពី​ប្រភព​ទុក​ចិត្ត​នានា​ដូចជា ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ភ្នាក់ងារ CIA ក្នុង​រាជធានី​ភ្នំពេញ និង​កិច្ច​សន្ទនា​ដែល​ត្រូវ​បាន​ថត​ទុក​រវាង​លោក​ប្រធានាធិបតី Kennedy និង​លោក​ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស Roger Hilsman។

តើ​ហេតុអ្វី​បាន​ជា​សម្ដេច​សីហនុ​បង្កើត​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​ចិន​នា​ពេល​នោះ?

ភស្តុតាង​បង្ហាញ​ថា សម្ដេច​សីហនុ​ព្យាយាម​រក្សា​តុល្យភាព​រវាង​លោក​ខាង​លិច និង​ប្លុក​កុម្មុយនិស្ត។ សម្ដេច​សីហនុ​សព្វ​ព្រះ​ទ័យ​ចង់​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដែល​ធានា​ចំពោះ​ការ​ចំណាយ​ទាំង​អស់​លើ​កងទ័ព​របស់​ទ្រង់ ហើយ​នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ ព្រះអង្គ​បាន​ឈ្វេង​យល់​ថា ព្រះអង្គ​មិន​អាច​ធ្វើ​ព្រងើយកន្តើយ​ជាមួយ​នឹង​ប្រទេស​ចិន ដែល​ជា​ប្រទេស​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​នោះ​ទេ។ ព្រះអង្គ​មិន​ចង់​ធ្វើ​ឲ្យ​ពួក​កុម្មុយនិស្ត​ចិន​មាន​ការ​អាក់អន់ចិត្ត​នោះ​ទេ។

នៅ​ក្នុង​ទសវត្ស ១៩៥០ និង​ដើម​ទសវត្ស ១៩៦០ សម្ដេច​សីហនុ​មិន​មាន​ការ​អត់ឱន​ឲ្យ​ក្រុម​កុម្មុយនិស្ត​ខ្មែរ​នៅ​ក្នុង​ប្រទេស​នោះ​ទេ ហើយ​ព្រះអង្គ​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្ក្រាប​ពួកគេ។ សហរដ្ឋ​អាមេរិក​ផ្ដោត​ការ​យកចិត្តទុកដាក់​តិចតួច​ប៉ុណ្ណោះ​លើ​ចំណុច​នេះ។ នៅ​ទី​បំផុត បន្ទាប់​ពី​បរាជ័យ​នៃ​រដ្ឋប្រហារ​របស់​លោក ដាប ឈួន មន្ត្រី​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Eisenhower បាន​សន្និដ្ឋាន​ថា មាន​ការ​ខូច​ប្រយោជន៍​ច្រើន​ក្នុង​ការ​រៀបចំ​ផែនការ​សម្ងាត់​ប្រឆាំង​នឹង​សម្ដេច​សីហនុ ហើយ​ពួកគេ​ព្យាយាម​រិះរក​វិធី​ដើម្បី​តម្រូវ​ព្រះ​ទ័យ​ព្រះ​អង្គ​ឡើង​វិញ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​គឺ​ពិត​ជា​ពិបាក​ខ្លាំង​ណាស់។

តើ​ហេតុអ្វី​បាន​ជា​សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយបារម្ភ​នៅ​ពេល​ដែល​សម្ដេច​សីហនុ​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន?

យើង​ត្រូវ​ក្រឡេក​មើល​លើ​រយៈពេល​ដំបូងៗ​នៃ​សម័យកាល​សង្គ្រាម​ត្រជាក់ ហើយ​ការ​យល់​ឃើញ​របស់​សហរដ្ឋ​អាមេរិក​លើ​បញ្ហា​នេះ។ សកម្មភាព​របស់​សហភាព​សូវៀត​នៅ​អឺរ៉ុប​ខាង​កើត​នៅ​ចុង​ទសវត្ស ១៩៤០ ដូចជា រដ្ឋប្រហារ​កុម្មុយនិស្ត​ក្នុង​ប្រទេស​ឆេកូស្លូវ៉ាគី ការ​ធ្វើ​តេស្ដ​សាកល្បង​គ្រាប់​បែក​បរមាណូ​ដោយ​ជោគជ័យ​របស់​សូវៀត ហើយ​ប្រហែល​ជា​សំខាន់​ខ្លាំង​ជាង​គេ​នោះ គឺ​ជោគជ័យ​របស់​បដិវត្តន៍​កុម្មុយនិស្ត​របស់​លោក​ម៉ៅ សេទុង នៅ​ក្នុង​ប្រទេស​ចិន ​បាន​ធ្វើ​ឲ្យ​មាន​នូវ​គោលនយោបាយ​មិន​ទទួល​ស្គាល់​ប្រទេស​ចិន។

នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​មន្ត្រី​សហរដ្ឋ​អាមេរិក​ស្ទើរតែ​ទាំង​អស់​ក្នុង​ទសវត្ស ១៩៥០ ចិន​ជា​រដ្ឋ​ខុស​ច្បាប់ ហើយ​ការ​មិន​ទទួល​ស្គាល់​ចិន​គឺ​ជា​ចំណុច​សំខាន់​សម្រាប់​គោលនយោបាយ​សហរដ្ឋ​អាមេរិក។ ទិដ្ឋភាព​មួយ​ទៀត​ដែល​ទាក់ទង​នឹង​គោលនយោបាយ​សហរដ្ឋ​អាមេរិក​គឺ​ថា ការ​សន្មត​ថា​ប្រទេស​អព្យាក្រឹត្យ​ជា​ប្រទេស​ល្ងិតល្ងង់​បំផុត និង​ងាយ​ឲ្យ​ប្រទេស​កុម្មុយនិស្ត​គ្រប់គ្រង​បាន​ដោយ​ងាយ​ស្រួល។ មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក៏​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ចំពោះ​គោលនយោបាយ​ការបរទេស​អព្យាក្រឹតភាព​របស់​សម្ដេច​សីហនុ។

ចុង​ក្រោយ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅ​ពេល​នោះ​ប្រតិកម្ម​ធ្វើ​មើល​តែ​រដ្ឋាភិបាល​នៃ​វិមាន​ក្រឹមឡាំង​នៅ​ក្នុង​ទីក្រុង​មូស្គូ សហភាព​សូវៀត ទទួល​បាន​ជោគជ័យ​លើ​ការ​អនុវត្ត​ផែនការ​សម្ងាត់​នៃ​មនោគម​កុម្មុយនិស្ត​សាកល​ជាមួយ​នឹង​ក្រុម​ពាក់ព័ន្ធ​ផ្សេងៗ​ដែល​គ្រប់គ្រង​ទាំង​ស្រុង​ដោយ​សហភាព​សូវៀត នៅ​ក្នុង​ទីក្រុង​ប៉េកាំង ទីក្រុង​ហាណូយ និង​កន្លែង​ផ្សេងៗ​ទៀត ហើយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​យក​ចិត្ត​ទុក​ដាក់​តិចតួច​ប៉ុណ្ណោះ​លើ​ភាព​ខុស​គ្នា​របស់​ប្រជាជាតិ​នីមួយៗ​ដែល​តាម​ពិត ភាព​ខុស​គ្នា​ទាំង​នេះ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​មនោគមវិជ្ជា​ទៅ​ទៀត។

កងទ័ព​ក្រហម​នៅ​អឺរ៉ុប និង​សមត្ថភាព​នុយក្លេអ៊ែរ​របស់​សូវៀត ជា​រឿង​ដែល​គួរ​ឲ្យ​ខ្លាច​ខ្លាំង​បំផុត​សម្រាប់​សហរដ្ឋ​អាមេរិក ហើយ​សំខាន់​បំផុត​នោះ គឺ​ថា រឿង​ទាំង​ពីរ​នេះ​គឺ​ជា​រឿង​ប្រយ័ត្នប្រយែង​ផ្នែក​សន្តិសុខ​ជាតិ​រយៈពេល​យូរ ដែល​សហរដ្ឋ​អាមេរិក​បាន​ឆ្លងកាត់។ អ្វី​ដែល​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ខកខាន​មិន​បាន​ទទួល​ស្គាល់​ ឬ​យ៉ាង​ហោច​ណាស់​ខកខាន​ក្នុង​ការ​ចាត់​វិធានការ​ចំពោះ​នោះ គឺ​ថា ពួក​កុម្មុយនិស្ត​នៅ​កម្ពុជា ឡាវ និង​វៀតណាម​មិន​មែន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​នោះ​ទេ គឺ​ពួកគេ​មាន​ប្រតិបត្តិការ​ដោយ​ឯករាជ្យ​ខ្លួន​ឯង​ច្រើន​គួរសម។

និយាយ​មួយ​បែប​ទៀត សហរដ្ឋ​អាមេរិក​មិន​បាន​យល់​ថា ការ​គំរាមកំហែង​ដែល​បាន​បង្ក​ឡើង​ដោយ​សហភាព​សូវៀត សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម និង​ចលនា​កុម្មុយនិស្ត​ក្នុង​ស្រុក​មួយ​ចំនួន​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ទំនាក់ទំនង​ជាមួយ​គ្នា ប៉ុន្តែ​មាន​ភាព​អស្ចារ្យ​ផ្សេង​គ្នា​នោះ​ទេ ដែល​ក្រុម​នីមួយៗ​មាន​សក្ដានុពល ចំណុច​ខ្លាំង និង​កម្រិត​ផ្សេងៗ​គ្នា​រៀងៗ​ខ្លួន។ ទស្សនៈ​វាយ​តម្លៃ​ជា​រួម​ចំពោះ​លទ្ធិ​កុម្មុយនិស្ត​នេះ បាន​ធ្វើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​សន្និដ្ឋាន​ដោយ​មិន​ច្បាស់​ថា ឧបទ្វីប​ឥណ្ឌូចិន​ជា​តំបន់​យុទ្ធសាស្ត្រ​សំខាន់​សម្រាប់​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក ដែល​ការ​សន្និដ្ឋាន​ដូច​នេះ នៅ​ទី​បំផុត​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជា​ការ​សន្និដ្ឋាន​មិន​ពិត​នោះ​ទេ។​

ប្រសិន​បើ​សម្ដេច​សីហនុ​សម្រេច​ព្រះ​ទ័យ​គាំទ្រ​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រឆាំង​វៀតណាម​ខាង​ជើង​ដែល​ជា​ប្រទេស​កុម្មុយនិស្ត​ក្នុង​ពេល​នោះ តើ​លោក​គិត​ថា នឹង​មាន​រឿង​អ្វី​កើត​ឡើង?

ខ្ញុំ​មិន​ពូកែ​ខាង​ធ្វើ​ការ​ទស្សន៍ទាយ​ប្រវត្តិសាស្ត្រ​នោះ​ទេ ដោយ​ហេតុ​ថា ការ​រៀបរាប់​អំពី​ការ​ពិត​ឲ្យ​បាន​ត្រឹមត្រូវ​ហ្នឹង គឺ​វា​ពិបាក​ណាស់​ទៅ​ហើយ។ អ្នក​ដឹង​ទេ​ថា ព្រះអង្គ​ម្ចាស់ Souvanna Phouma ដែល​ជា​មេដឹកនាំ​របស់​ឡាវ មាន​បញ្ហា​ច្រើន​ជាមួយ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទសវត្ស ១៩៥០ ហើយ​ចុង​បញ្ចប់ ព្រះអង្គ​បាន​ត្រឡប់​មក​គាំទ្រ​សហរដ្ឋ​អាមេរិក​វិញ។ ការ​ងាក​មក​គាំទ្រ​សហរដ្ឋ​អាមេរិក​វិញ​របស់​មេដឹកនាំ​ឡាវ​នេះ មិន​បាន​ធ្វើ​ឲ្យ​ប្រែប្រួល​ដល់​លទ្ធផល​នៃ​សង្គ្រាម​វៀតណាម ឬ​ក៏​លទ្ធផល​នៃ​ការ​ត្រួតត្រា​របស់​ពួក​កុម្មុយនិស្ត​ក្នុង​ប្រទេស​ឡាវ​នោះ​ទេ។

ខ្ញុំ​ចង់​កែ​សំណួរ​ហ្នឹង​បន្តិច ហើយ​ខ្ញុំ​ចង់​ស្នើ​ថា ប្រសិន​បើ​សហរដ្ឋ​អាមេរិក​មាន​ការ​យោគយល់​ឲ្យ​បាន​ច្រើន​បន្តិច​ចំពោះ​បញ្ហា​អព្យាក្រឹតភាព​របស់​កម្ពុជា និង​ឡាវ នោះ​វា​អាច​នឹង​ល្អ​ប្រសើរ​ច្រើន​សម្រាប់​គ្រប់ៗ​គ្នា។ ជា​ជាង​ការ​ព្យាយាម​ធ្វើ​ការ​រុកកួន​សម្ដេច​សីហនុ ជា​ជាង​ប្រឡូក​ពាក់ព័ន្ធ​នឹង​ផែនការ​សម្ងាត់​ប្រឆាំង​សម្ដេច​សីហនុ ជា​ជាង​ការ​ព្យាយាម​លើក​តម្កើង​អ្នក​ប្រឆាំង​កុម្មុយនិស្ត សហរដ្ឋ​អាមេរិក​គួរ​តែ​បាន​ប្រាប់​សម្ដេច​សីហនុ​ថា៖ យើង​គិត​ថា ការ​រក្សា​ប្រទេស​ឲ្យ​មាន​អព្យាក្រឹតភាព​គឺ​មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ទេ។ យើង​គិត​ថា គោលនយោបាយ​នេះ​គឺ​ជា​គោល​នយោបាយ​ល្ងឹតល្ងង់ ប៉ុន្តែ​យើង​នឹង​គាំទ្រ​គោល​នយោបាយ​អព្យាក្រឹតភាព​របស់​ព្រះ​អង្គ។

ខ្ញុំ​គិត​ថា វា​អាច​នឹង​មាន​ការ​គាំទ្រ​ពី​អន្តរជាតិ​ច្រើន​ចំពោះ​បញ្ហា​អព្យាក្រឹតភាព​ពិត​ប្រាកដ​របស់​ប្រទេស​កម្ពុជា និង​ឡាវ ប្រសិន​បើ​សហរដ្ឋ​អាមេរិក​បាន​គាំទ្រ​យ៉ាង​សកម្ម​ដល់​មេដឹកនាំ​អព្យាក្រឹត្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ឡាវ ជា​ជាង​ព្យាយាម​ទម្លាក់​ពួកគេ ដែល​ការ​ធ្វើ​ដូច្នេះ មាន​តែ​ផ្ដល់​ផល​ប្រយោជន៍​ដល់​ពួក​កុម្មុយនិស្ត​តែ​ប៉ុណ្ណោះ។​

ប្រសិន​បើ​សម្ដេច​សីហនុ​សម្រេច​ព្រះ​ទ័យ​គាំទ្រ​អាមេរិក កងទ័ព​វៀតណាម​ខាង​ជើង​នឹង​មិន​អាច​មាន​លទ្ធភាព​ឆ្លង​កាត់​ចូល​មក​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​ដើម្បី​វាយប្រហារ​វៀតណាម​ខាង​ត្បូង​នោះ​ទេ។ តើ​លោក​យល់​យ៉ាង​ណា​ដែរ ចំពោះ​ការ​លើក​ឡើង​បែប​នេះ?

ប្រសិន​បើ​សហរដ្ឋ​អាមេរិក​បាន​ចុះ​ហត្ថលេខា និង​គោរព​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ហ្សឺណែវ​ឆ្នាំ ១៩៥៤ ក្រុម​កុម្មុយនិស្ត​វៀតណាម​នឹង​នៅ​តែ​ឈ្នះ​សង្គ្រាម​ដដែល ប៉ុន្តែ​នឹង​មាន​ការ​បាត់បង់​ជីវិត​ទាហាន និង​ពលរដ្ឋ​អាមេរិកាំង រួម​ទាំង​ទាហាន និង​ពលរដ្ឋ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​ចំនួន​តិចតួច​បំផុត។

​ការ​ហាម​ឃាត់​កងទ័ព​វៀតណាម​ខាង​ជើង​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំ​ហូជីមិញ កាត់​តាម​ប្រទេស​ឡាវ និង​ប្រទេស​កម្ពុជា គឺ​ជា​រឿង​ដ៏​លំបាក​ខ្លាំង​បំផុត​សម្រាប់​សហរដ្ឋ​អាមេរិក។ ដើម្បី​ឈ្នះ​សង្គ្រាម​វៀតណាម សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ប្រើ​កងកម្លាំង​ដ៏​ច្រើន​លើសលប់ និង​ត្រួតត្រា​ទឹកដី​វៀតណាម​ឲ្យ​បាន​ស្ទើរ​តែ​ទាំង​ស្រុង។

ប្រសិន​បើ​កងទ័ព​វៀតណាម​ខាង​ជើង​មិន​មាន​លទ្ធភាព​អាច​ឆ្លងកាត់​ចូល​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​ តាម​ផ្លូវ​លំ​ហូជីមិញ ហើយ​សហរដ្ឋ​អាមេរិក​មាន​ការ​គាំទ្រ​ពី​សម្ដេច​សីហនុ តើ​សង្គ្រាម​វៀតណាម​នឹង​បញ្ចប់​ដោយ​លទ្ធផល​ផ្សេង​ពី​អ្វី​ដែល​យើង​បាន​ឃើញ​ក្នុង​ប្រវត្តិសាស្ត្រ​ទេ?

ការ​ដែល​មាន​ផ្លូវ​លំ​ហូជីមិញ​កាត់​តាម​ប្រទេស​កម្ពុជា និង​ឡាវ​ហ្នឹង គឺ​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ស្ទើរ​តែ​មិន​អាច​ឈ្នះ​សង្គ្រាម​នៅ​វៀតណាម​រួច​ទៅ​ហើយ។ ដើម្បី​បិទ​ផ្លូវ​លំ​ហូជីមិញ​ហ្នឹង​ឲ្យ​បាន យ៉ាង​ហោច​ណាស់ បើ​យោង​តាម​ទស្សនៈ​របស់​មន្ត្រី​យោធា និង​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ជាន់​ខ្ពស់​មួយ​ចំនួន សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ឈ្លានពាន​វៀតណាម​ខាង​ជើង និង​កាត់​ផ្ដាច់​ផ្លូវ​លំ​ហូជីមិញ​នេះ​តែ​ម្ដង នៅ​ដើម​ទី​ដំបូង​ដែល​វៀតណាម​ខាង​ជើង​បញ្ជូន​ទ័ព​របស់​ខ្លួន​ចេញ​មក មុន​នឹង​ចូល​មក​ក្នុង​ទឹកដី​ឡាវ និង​កម្ពុជា។ ប្រតិបត្តិការ​ដូច​នេះ​មិន​ត្រូវ​បាន​យក​ជា​ការ​បាន​នោះ​ទេ នៅ​ក្នុង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Kennedy និង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Johnson។

តើ​លោក​គិត​ថា សហរដ្ឋ​អាមេរិក​ជា​អ្នក​ទទួល​ខុសត្រូវ​មួយ​ផ្នែក​សម្រាប់​ភាព​ជោគជ័យ​របស់​ពួក​ខ្មែរ​ក្រហម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ឬ​ទេ?

ខ្ញុំ​គិត​ថា ការ​ពង្រីក​សង្គ្រាម​វៀតណាម​ចូល​មក​ដល់​ទឹកដី​កម្ពុជា​របស់​ពួក​កុម្មុយនិស្ត​វៀតណាម និង​សហរដ្ឋ​អាមេរិក​គឺ​បាន​រួម​ចំណែក​មួយ​ផ្នែក​នៃ​ការ​ធ្វើ​ឲ្យ​របប​ខ្មែរ​ក្រហម​កើត​ឡើង។ លោក ប៉ុល ពត និង​មេដឹកនាំ​ខ្មែរ​ក្រហម គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា។

ចំណាប់​អារម្មណ៍​ធំ​បំផុត​នៃ​ការ​សិក្សា​ស្រាវជ្រាវ ឬ​ក៏​ការ​រួម​ចំណែក​ធំ​បំផុត​របស់​ខ្ញុំ​នៅ​ក្នុង​សៀវភៅ​នេះ គឺ​ការ​ព្យាយាម​ស្វែងយល់​ពី​របៀប និង​មូលហេតុ​ដែល​សហរដ្ឋ​អាមេរិក​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ ដែល​ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​ហៅ​ថា សង្គ្រាម​វៀតណាម ហើយ​អ្នក​ប្រវត្តិសាស្ត្រ​ភាគ​ច្រើន​ហៅ​ថា សង្គ្រាម​ឥណ្ឌូចិន​ទី​ពីរ។ ទោះ​បី​ជា​វៀតណាម​ជា​កន្លែង​ដែល​សហរដ្ឋ​អាមេរិក​ផ្ដោត​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ក៏​ដោយ ក៏​ការ​ស្វែងយល់​ពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​ប្រទេស​ឡាវ​គឺ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​ស្វែងយល់​ឲ្យ​បាន​ពេញលេញ​ពី​សង្គ្រាម​សម័យ​នោះ៕

XS
SM
MD
LG