លោក Scott Morrison នាយករដ្ឋមន្រ្តីនៃប្រទេសអូស្រ្តាលីកំពុងជំរុញឱ្យចិនធ្វើការសន្ទនាអំពីបញ្ហាបុរសជនជាតិអូស្រ្តាលីម្នាក់ដែលត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសចិនចំពោះការជួយដូរថ្នាំញៀន។
លោកនាយករដ្ឋមន្រ្តី Morrison បានមានប្រសាសន៍កាលពីថ្ងៃចន្ទនៅក្នុងសភាថា លោក និងរដ្ឋាភិបាលរបស់លោកមានទុក្ខព្រួយ និងក្តីកង្វល់អំពីការកាត់ទោសព្យួរកលោក Karm Gillespie កាលពីសប្តាហ៍មុនដែលជាសិល្បករក្លាយជាទីប្រឹក្សាពាណិជ្ជកម្ម។
បណ្តាញព័ត៌មានចិនបានរាយការណ៍ថា លោក Gillespie បានត្រូវចាប់ខ្លួននៅអាកាសដ្ឋានអន្តរជាតិ Baiyun ខេត្ត Guangzhou កាលពីខែធ្នូ ឆ្នាំ២០១៣ ដោយមានយួរថ្នាំញៀន Methanphetamin ៧គីឡូក្រាមកន្លះនៅក្នុងវ៉ាលីដាក់ឥវ៉ាន់របស់លោក។
លោកនាយករដ្ឋមន្រ្តី Morrison បានមានប្រសាសន៍ថា ការជំទាស់ប្រឆាំងរបស់ប្រទេសលោកដល់ទោសប្រហារជីវិតជាគោលការណ៍គណបក្សទាំង២ ពហុបក្ស និងប្រកបដោយគោលការណ៍។លោកនាយករដ្ឋមន្រ្តីនិយាយបន្តទៀតថា ពួកអ្នកការទូតអូស្រ្តាលីនឹងផ្តល់កិច្ចការពិគ្រោះយោបល់ដល់លោក Gillespie និងធ្វើការទាក់ទងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងស្តីពីបញ្ហានេះ។
ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបង្អស់របស់អូស្រ្តាលី ហើយបានបញ្ជូននិស្សិត និងទេសចរណ៍ដ៏ច្រើនទៅប្រទេសអូស្រ្តាលី។ ក៏ប៉ុន្តែទំនាក់ទំនងមានភាពយ៉ាប់យ៉ឺនក្នុងប៉ុន្មានខែថ្មីៗនេះអំពីការអំពាវនាវកាលពីពេលថ្មីៗនេះរបស់អូស្រ្តាលីឱ្យមានការស៊ើបអង្កេតជាអន្តរជាតិអំពីប្រភពនៃការរាតត្បាតនៃមេរោគកូរ៉ូណា ដែលត្រូវបានគេតាមដានឃើញមុនដំបូងនៅចុងឆ្នាំទៅនៅក្នុងទីក្រុងវូហានភាគកណ្តាលនៃប្រទេសចិន។
រដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើការហាមឃាត់ និងយកពន្ធគយមួយចំនួនលើផលិតផលកសិកម្មអូស្រ្តាលី ហើយបានជំរុញឱ្យនិស្សិតចិនពិចារណាឡើងវិញពីការធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលីដោយការភ័យខ្លាចថា ពួកគេអាចរងការប្រកាន់ពូជសាសន៍៕