ប្រទេសចិនបានឆ្លើយតបទៅនឹងការព្រួយបារម្ភទាក់ទិនទៅនឹងការសម្រេចចិត្តរបស់ខ្លួន ក្នុងការដាក់គំនាបពន្ធគយលើស្រូវបាឡេរបស់អូស្ត្រាលី ដែលគេចាត់ទុកថាជាការសងសឹកផ្នែកការទូតនោះ ដោយបានបញ្ជាក់ថា ប្រទេសអូស្ត្រាលីបានធ្វើការស៊ើបអង្កេតលើខ្លួនផ្នែកពាណិជ្ជកម្មរហូតដល់ ១០០ ដងឯណោះ។
រដ្ឋមន្ត្រីពាណិជ្ជកម្មចិនលោក Zhong Shan បាននិយាយថា ការស៊ើបអង្កេតរបស់ខ្លួនលើស្រូវបាឡេអូស្ត្រាលី ដែលឈានដល់ការយកពន្ធគយចំនួន ៨០,៥% គឺស្របទៅតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។
លោក Zhong Shan បានប្រាប់អ្នកកាសែតនៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃច័ន្ទម្សិលមិញថា៖ «ចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូតរវាងចិន និងអូស្ត្រាលីមក ករណីពាក់ព័ន្ធនឹងស្រូវបាឡេអូស្ត្រាលីនេះ គឺជាការស៊ើបអង្កេតរកដំណោះស្រាយបែបពាណិជ្ជកម្មតែមួយគត់ ដែលចិនធ្វើឡើងប្រឆាំងនឹងអូស្ត្រាលី»។
លោកបានបន្ថែមថា៖ «ស្របពេលនេះដែរ អូស្ត្រាលីបានធ្វើការស៊ើបអង្កេតរកដំណោះស្រាយបែបពាណិជ្ជកម្មចំនួន ១០០ ដងប្រឆាំងនឹងប្រទេសចិន ដែលក្នុងនោះមាន ៣ ករណីបានធ្វើឡើងនៅក្នុងឆ្នាំនេះ»។
ទិន្នន័យរបស់អង្គការពាណិជ្ជកម្មពិភពលោកបានបង្ហាញថា ប្រទេសអូស្ត្រាលី និងចិន មិនដែលប្ដឹងគ្នាទៅវិញទៅមកតាមរយៈអង្គការពាណិជ្ជកម្មពិភពលោកទេ។ ប៉ុន្តែ ការស៊ើបអង្កេតជាច្រើនរបស់អូស្ត្រាលីប្រឆាំងនឹងចិន គឺធ្វើឡើងតាមរយៈគណៈកម្មការអូស្ត្រាលីប្រឆាំងនឹងទំនិញបង្ខូចថ្លៃ។
ទំនាក់ទំនងការទូតជូរចត់រវាងដៃគូពាណិជ្ជកម្មធំៗទាំងពីរនេះបានកាន់តែយ៉ាប់យ៉ឺនឡើង ដោយសារតែតួនាទីរបស់អូស្ត្រាលីនៅក្នុងការជំរុញឲ្យមានការស៊ើបអង្កេតលើការឆ្លងរាតត្បាតជាសាកលនៃវីរុសកូរ៉ូណា៕