ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី


រូបឯកសារ៖ នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Anthony Albanese ចូលរួម​ក្នុង​កិច្ចប្រជុំ​ Quad នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Anthony Albanese ចូលរួម​ក្នុង​កិច្ចប្រជុំ​ Quad នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២។

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese បាន​អញ្ជើញ​ទៅ​ដល់​រដ្ឋធានី​ហ្សាការតា​ ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញដើម្បី​បំពេញ​ទស្សនកិច្ចនៅ​ក្នុង​ប្រទេស​នេះ​ បន្ទាប់ពី​បាន​សន្យា​បង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង២។ នេះ​បើ​តាម​សេចក្តីរាយ ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ទស្សនកិច្ចនេះ​ជា​ដំណើរ​ទស្សនកិច្ច​ទ្វេភាគី​លើក​ទី១របស់​លោក​ចាប់តាំង​ពី​ត្រូវ​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លើក​ទី៣១​កាលពី​ថ្ងៃ​ទី២៣ ខែ​ឧសភា​កន្លង​មក។

លោក Albanese ត្រូវ​បាន​អម​ដំណើរ​ដោយ​សមាជិក​គណៈរដ្ឋមន្ត្រី​ជា​ច្រើន​រូប រួមទាំង​លោក​ស្រី​រដ្ឋមន្ត្រី​ការបរទេស Penny Wong ដែល​ត្រូវ​មាន​គម្រោង​ជួប​លោក​ប្រធានាធិបតី Joko Widodo នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក Albanese បាន​បញ្ជាក់​នៅ​ក្នុង​ការចេញផ្សាយ​សារព័ត៌មាន​មុន​ដំណើរ​ទស្សនកិច្ច​ថា «ឥណ្ឌូណេស៊ី​ជា​ប្រទេស​ជិត​ខាង​ដ៏​ជិតស្និទ្ធ​បំផុត​មួយ​របស់​យើង ​ដែល​ហេតុដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​តាំងចិត្ត​បំពេញ​ទស្សនកិច្ច​ឱ្យ​បាន​ឆាប់​រហ័ស​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន»។

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា«ខ្ញុំសង្ឃឹម​នឹង​ស្ថាបនា​ចំណង​ទាក់ទង​បន្ថែម​ទៀត រួមទាំងការ ស្តារ​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​របស់​យើង ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ចសហប្រតិបត្តិការ​អាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធ​និង​ថាមពល​ផង​ដែរ»។

លោក​ស្រី​រដ្ឋមន្ត្រី​ការបរទេស Wong កាលពី​ពេល​មុន​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​អូស្ត្រាលី​ផ្តល់​អាទិភាព​កាន់តែ​ធំឡើង​ដល់​តំបន់​អាស៊ី​អាគ្នេយ៍ ​ហើយ​ជា​ពិសេសប្រទេស​ឥណ្ឌូណេស៊ី។

លោក Scott Morrison ជា​នាយករដ្ឋ​មន្ត្រី​អូស្ត្រាលី​ចុង​ក្រោយ​ដែល​បាន​បំពេញ​ទស្សនកិច្ចនៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​កាល​ពីឆ្នាំ២០១៩។

ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ប្រធាន​នាយកដ្ឋាន​តំបន់​អាស៊ី​ខាង​កើត​និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​របស់​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​ថា វា​បាន​ក្លាយ​ជា​ប្រពៃណី​មួយ​សម្រាប់​នាយក​រដ្ឋមន្ត្រី​ជាប់​ឆ្នោត​ថ្មី​របស់​អូស្ត្រាលី​ជ្រើសរើស​ប្រទេស​ឥណ្ឌូណេស៊ី​ ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ជា​ប្រទេស​ទី១ សម្រាប់​ដំណើរបំពេញ​ទស្សនកិច្ច​នោះ។

ក្នុង​ឆ្នាំ២០១៨និង២០១៩ ពាណិជ្ជកម្ម​សរុប​រវាង​អូស្ត្រាលី​និង​ឥណ្ឌូណេស៊ី​មាន​តម្លៃ១២ពាន់ ៣រយ​លាន​ដុល្លារ៕

XS
SM
MD
LG