ភរិយានិងកូនប្រាំនាក់របស់លោក កែម ឡី អតីតអ្នកវិភាគនយោបាយ ទទួលបានសិទ្ធិជ្រកកោននៅប្រទេសអូស្រ្តាលីបន្ទាប់ពីរត់ភៀសខ្លួនទៅប្រទេសថៃ។
អ្នកស្រី ប៊ូ រចនា និងកូនៗទាំង៥នាក់បានទៅដល់ទីក្រុងមែលប៊ន (Melbourne) ប្រទេសអូស្ត្រាលីកាលពីថ្ងៃសៅរ៍ បន្ទាប់ពីរស់នៅក្រោមការការពាររបស់អង្គការសហប្រជាជាតិនៅប្រទេសថៃអស់រយៈពេលជិត១៨ខែ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ហុង លីម សមាជិកសភានៃរដ្ឋ Victoria។
លោកបានបន្ថែមថា៖
«គាត់បានអញ្ជើញមកដល់កាលពីថ្ងៃសៅរ៍ប្រកបដោយសុវត្ថិភាព ប៉ុន្តែមុនអញ្ជើញមកដល់មានការរអាក់រអួលច្រើន ដោយសារភ័យបារម្ភខ្លាំងព្រោះនៅជាប់គាំងចរាចរណ៍នៅវាលយន្តហោះ គឺពួកយើងភ័យសម្បើមណាស់ព្រោះស្ថានទូតតម្រូវឱ្យយើងចេញឱ្យបានឆាប់ព្រោះគេអាចដឹងរឿងអ្វីប្រកបដោយគ្រោះថ្នាក់ចំពោះពួកគាត់»។
ការណ៍នេះដោយសារតែអាជ្ញាធរថៃធ្លាប់បញ្ជូនអតីតសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៅកម្ពុជាវិញ បើទោះបីជាមានការការពារពីអង្គការសហប្រជាជាតិក៏ដោយ។
លោក ហុង លីម បន្ថែមថា៖
«យើងអរណាស់ដែលគាត់បានអញ្ជើញមក ហើយគាត់ក៏បានសប្បាយរីករាយណាស់។ គាត់ឥឡូវនេះកំពុងស្នាក់នៅផ្ទះជាមួយខ្ញុំសិន»។
លោកស្រី ប៊ូ រចនា បាននាំកូនប្រុសបួននាក់រត់ភៀសខ្លួនចេញពីប្រទេសកម្ពុជាទាំងនៅក្នុងពោះមានទម្ងន់កូនទីប្រាំ។ លោកស្រីបានមកដល់ប្រទេសថៃកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦គឺមានរយៈពេលជាងមួយខែក្រោយពីលោក កែម ឡី ត្រូវគេធ្វើឃាតទាំងកណ្តាលថ្ងៃ។ កូនទីប្រាំបានកើតក្នុងប្រទេសថៃ។
សហគមន៍ខ្មែរនៅអូស្ត្រាលីនឹងរៀបចំពិធីស្វាគមន៍លោកស្រីនិងកូនៗនៅថ្ងៃសៅរ៍ទី២៤ ខែកុម្ភៈនៅវត្តពុទ្ធរង្ស៊ី។
លោក ហុង លីម បញ្ជាក់បន្ថែមថា៖
«អ្នកទាំងអស់គ្នាបានចំណាយខាងផ្លូវចិត្ត ខាងផ្លូវថវិកាគ្រប់បែបយ៉ាងទាំងអស់ហើយចង់ជួបគាត់»។
លោក កែម ឡី គឺជាអ្នករិះគន់ខ្លាំងៗចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ពេលកំពុងតែហូបកាហ្វេនៅហាងតូចមួយក្នុងស្ថានីយប្រេងសាំងកាល់តិច។
លោក ហុង លីម នៅតែនឹកសរសើរដល់ស្នាដៃរបស់លោក កែម ឡី៖
«ក្នុងករណីរបស់គ្រួសារលោក កែម ឡី យើងខិតខំប្រឹងប្រែងលើសពីធម្មតា ដោយសារគាត់ជាវីរជន ជាវីរបុរសរបស់ខ្មែរយើងដែលយើងដឹងថាយើងត្រូវមានតួនាទីទទួលបន្ទុកជួយសម្រាលសុវត្ថិភាពរបស់គាត់ជីវិតរបស់គាត់ទៅអនាគតទាំងអស់ជាពិសេសក្មេងៗ។ ឥឡូវនេះយើងបានសម្រេចហើយខ្ញុំជឿថា បងប្អូនខ្មែរទាំងអស់នៅទូទាំងពិភពលោកមានការសប្បាយរីករាយដូចគ្នាទាំងអស់»។
រហូតមកដល់ពេលនេះមានជនតែម្នាក់គត់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ សំណុំរឿងនេះរងការរិះគន់ជាខ្លាំងថា ជាការកាត់ទោសបង្គ្រប់កិច្ច។
លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបញ្ជាក់ថា លោក«សប្បាយរីករាយដែលមានប្រទេសសេរីមួយជួយទទួលយកជនរងគ្រោះចូលក្នុងប្រទេសរបស់គេហើយថែរក្សា»។ លោក គឹមទឹង បញ្ជាក់ថា សកម្មជនសិទ្ធិមនុស្សជាច្រើនទៀតក្នុងប្រទេសកម្ពុជាកំពុងតែរងការគាបសង្កត់ឱ្យបញ្ឈប់សកម្មភាពប៉ុន្តែពួកគេមិនត្រូវអស់សង្ឃឹមទេ ហើយត្រូវតែបន្តតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ៕