អ្នកការសែតអូស្ត្រាលីពីរនាក់ត្រូវបានចាប់ឃុំខ្លួន បន្ទាប់ពីព្យាយាមសួរលោក នាយករដ្ឋមន្ត្រី ណាជីប រ៉ាស្សាក់ (Najib Razak) នៃប្រទេសម៉ាឡេស៊ីអំពីការចោទប្រកាន់រឿងអំពើពុករលួយ។
បណ្តាញព័ត៌មាន ABC អូស្ត្រាលីបានរាយការណ៍មកថា លោក Linton Besser និងអ្នកថតវីដេអូ Louie Eroglu ត្រូវគេចាប់ខ្លួនកាលពីថ្ងៃសៅរ៍ក្នុងក្រុង Kuching បន្ទាប់ពីអ្នកទាំងពីរបានជួបសួរ លោក ណាជីប ពេលលោកកំពុងចូលទៅក្នុងព្រះវិហារម៉ូស្លីម។
អ្នកការសែតទាំងពីរត្រូវកងសន្តិសុខដែលដាក់ពង្រាយនៅទីនោះហ៊ុំព័ទ្ធ ហើយ ត្រូវបានដោះលែងវិញក្រោយពីបានសួរនាំមួយរយៈពេលខ្លី។
ប៉ុន្តែអ្នកការសែតទាំងពីរត្រូវបានចាប់ខ្លួនឡើងវិញពេលពួកគេវិលត្រឡប់ទៅកាន់សណ្ឋាគារ ហើយត្រូវគេសួរចម្លើយរយៈពេល៦ម៉ោង។ អ្នកការសែតទាំងពីរត្រូវបន្តស្ថិតក្នុងប្រទេសម៉ាឡេស៊ីរង់ចាំការសម្រេចរបស់អគ្គរាជអាជ្ញា Mohamed Apandi Ali ថាជនទាំងពីរគួរត្រូវចោទប្រកាន់ពីបទរំខាន ដល់មន្ត្រីរាជការពេលបំពេញកិច្ចការ ឬយ៉ាងណា។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Julie Bishop បានបង្ហាញពីក្តីបារម្ភ ចំពោះការបង្ក្រាបលើសេរីភាពបញ្ចេញមតិតាមបែបប្រជាធិបតេយ្យជាពិសេស និងសេរីភាពអ្នកសារព័ត៌មានដែលបំពេញកិច្ចការរបស់គេ៕