ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អូស្ត្រាលី​, ស.រ.អា.​ ចោទ​ប្រកាន់​ប្រទេស​ចិនធ្វើ​ចារកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ពិភពលោក


(រូបថត​ឯកសារ​) រូបថត​មន្រ្តីយោធា​ចិន៥រូប​ដែល​ស.រ.អា.​ចោទប្រកាន់​ពីបទ​ធ្វើ​ចារកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត
(រូបថត​ឯកសារ​) រូបថត​មន្រ្តីយោធា​ចិន៥រូប​ដែល​ស.រ.អា.​ចោទប្រកាន់​ពីបទ​ធ្វើ​ចារកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

ប្រទេស​អូស្រា្តលី​ បាន​និយាយ​ថា​ក្រុមហ៊ុន​របស់ខ្លួន​ជាច្រើន​ស្ថិត​ក្នុង​ចំណោម​ជន​រងគ្រោះ​ទូទាំង​ពិភពលោក​នៃ​យុទ្ធនាការ​ការ​វាយ​ប្រហារ​ចារកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដ៏ធំ​ដែល​គេជឿ​ថា​រដ្ឋាភិបាល​ប្រទេសចិន​នៅ​ពី​ក្រោយ។​

ការបញ្ជាក់​អំពី​ព័ត៌មាន​នេះ​កើត​ឡើង​បន្ទាប់​ពីក្រសួង​យុត្តិធម៌​ស.រ.អា.​បាន​ចោទ​ប្រកាន់​ជនជាតិចិន​២រូប​ពីបទ​លួចព័ត៌​មាន​ឲ្យក្រសួង​សន្តិសុខជាតិ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​

តាមរយៈ​សេចក្តី​ថ្លែងការណ៍​ដែលមាន​ពាក្យពេចន៍​ធ្ងន់ៗ​ចេញផ្សាយ​ក្នុងខែធ្នូនេះ​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អូស្ត្រាលី​ Marise Payne ​បាន​គូសបញ្ជាក់​ពី​«ក្តីបារម្ភ​យ៉ាង​ខ្លាំង»​ អំពី​បទ​ល្មើស​លួច​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​។

លោក​ស្រី​រដ្ឋមន្រ្តី​ បាន​បន្តថា​ ឧក្រិដ្ឋ​កម្ម​លួចព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ «ធ្វើឲ្យ​អន្តរាយ​ដល់​កំណើន​សេដ្ឋកិច្ច​សកល​លោក​ សន្តិសុខ​ជាតិ​ និង​ស្ថិរភាព​អន្តរជាតិ»។

លោកស្រី​រដ្ឋមន្រ្តី​ ក៏បាន​អំពាវនាវ​ឲ្យភាគី​ចិន​ «បញ្ឈប់​ធ្វើ​ចោរកម្ម​តាមប្រព័ន្ធ​អ៊ីនធឺណិត​ផ្នែក​ប្រព័ន្ធ​កម្មសិទ្ធិ​បញ្ញា, កិច្ចការ​សម្ងាត់​ពាណិជ្ជកម្ម ​ និង​ព័ត៌មាន​ធុរកិច្ច​សម្ងាត់​ក្នុង​ចេតនា​យកឈ្នះ​លើការ​ប្រកួត​ប្រជែង»។

តាមរយៈ​ការចោទ​ប្រកាន់​ចំៗ​លើ​ប្រទេសចិន​ដែល​បានបើក​ផ្លូវឲ្យ​មានយុទ្ធនាការ​សកល​នៃ​ចោរកម្ម និង​ការ​ជ្រៀត​ជ្រែកតាម​ប្រព័ន្ធ​អ៊ីន​ធឺណិត​បែបនេះ​ រដ្ឋាភិបាល​ទីក្រុងកង់​បេរ៉ា​ កំពុង​រឹតត្បិត​ចំណង​ការ​ទូត​បន្ថែម​ជាមួយ​រដ្ឋាភិបាល​ក្រុងប៉េកាំង​ជាជាង​ពេលមុន​ៗ។​ ការឆ្លើយ​តប​របស់​អូស្ត្រាលី​លើការ​ចោទ​ប្រកាន់​អំពី​បទល្មើស​លួច​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​ ធ្វើឡើង​បន្ទាប់​ពី​អាជ្ញាធរ​ស.រ.អា.បាន​ចោទ​ប្រកាន់​ជនជាតិ​ចិន​២រូប​ ដែល​ជនទាំង​ពីរនេះ​មិន​ទាន់​ត្រូវគេ​ចាប់​ខ្លួននៅ​ឡើយ។

លោក​ Tobias Feakin ឯកអគ្គរដ្ឋ​ទូតអូស្រ្តាលី​ កាន់​កិច្ចការ​ប្រព័ន្ធ​ព័ត៌មាន​តាម​អ៊ីនធឺណិត​ បាន​និយាយ​ថា៖ «ពិតណាស់​ហើយ​ ការ​ដែលយើង​បានលើក​ឈ្មោះ​ប្រទេសចិន​ចំៗ​លើក​ដំបូង​ថាជាអ្នក​ទទួល​ខុស​ត្រូវលើ​ផ្នែកខ្លះ​នៃ​សកម្មភាព​ទាំងនេះ​ គឺជា​ការ​បង្ហាញ​ឲ្យឃើញ​ដ៏​ធ្ងន់ធ្ងរ ​ល្មម​គ្រប់គ្រាន់ដែលធ្វើ​ឲ្យយើង​យល់ឃើញ​បែបហ្នឹង ​ហើយ​រដ្ឋាភិបាល​អូស្ត្រាលី​ ក៏ដូចជា​លោកស្រី​រដ្ឋមន្រ្តី​ការបរទេស​ក៏មើល​ឃើញ​បែប​ហ្នឹងដែរ។​ យើងចាត់​ទុកថា​ វាគឺ​ជាបញ្ហា​ដ៏ធ្ងន់ធ្ងរ​ណាស់។ វា​គឺជាចោរកម្ម​លើ​កម្ម​សិទ្ធិ​បញ្ញា។​ វាមាន​ផលប៉ះពាល់​លើ​ប្រទេស​អូស្ត្រាលី»។

អាជ្ញាធរ​សន្តិសុខជាតិ​អូស្រ្តាលី​ បាននិយាយ​ថាក្រុម​អ្នកលួច​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​ត្រូវ​បាន​គេស្គាល់​ថា ​Advanced ​Persistent ​Threat ​10 កំពុង​វាយប្រហារ​លើក្រុមហ៊ុន​បច្ចេក​វិទ្យា​ព័ត៌មាន​នានា​ទូទាំង​ពិភពលោក​ដែលផ្តល់​សេវា​ធុរកិច្ច​ខ្នាតមធ្យម​និងធំ។​ មន្រ្តីម្នាក់​បាន​និយាយថា​ ចោរកម្ម​លើ​កម្មសិទ្ធិ​បញ្ញា​ និងការ​សម្ងាត់​ពាណិជ្ជកម្ម​ កើតឡើង​យ៉ាង​គឃ្លើន​និង​ទូលំ​ទូលាយ។

ជនសង្ស័យ​ ក៏ត្រូវ​ធ្លាប់​បាន​ចោទ​ប្រកាន់​ពីបទ​លួចព័ត៌មាន​ពី​បណ្តាញ​កុំព្យូទ័រ​នៃ​ក្រុម​ហ៊ុន​នានា​ និង​ស្ថាប័ន​រដ្ឋាភិបាល​នៅប្រទេស​មួយចំនួនដែរ តួយ៉ាង​ ចក្រភព​អង់គ្លេស​ កាណាដា​ អាល្លឺម៉ង់​ និង​ជប៉ុន។

ការិយា​ល័យ​សហព័ន្ធ​ស៊ើបអង្កេត​ FBI ​បាន​និយាយថា​ក្រុម​ដដែល​ហ្នឹងក៏​បាន​លបចូល​ប្រព័ន្ធ​កុំព្យូទ័រ​របស់​កងទ័ព​ជើងទឹក​ស.រ.អា.​ និងបាន​លួចយក​ទិន្នន័យ​ព័ត៌មាន​ឯកជន​នៃបុគ្គលិក​ជាង១​សែន​នាក់៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​

XS
SM
MD
LG