ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​កើន​ឡើង​ខ្ពស់​


បុគ្គលិក​សុខាភិបាល​​កត់​ព័ត៌មាន​និង​យក​សំណាក​នៅ​ឯ​កន្លែង​ធ្វើ​តេស្ត​រក​កូវីដ១៩​មួយ​កន្លែង​ក្នុង​ទី​ក្រុង Melbourne ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១។
បុគ្គលិក​សុខាភិបាល​​កត់​ព័ត៌មាន​និង​យក​សំណាក​នៅ​ឯ​កន្លែង​ធ្វើ​តេស្ត​រក​កូវីដ១៩​មួយ​កន្លែង​ក្នុង​ទី​ក្រុង Melbourne ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១។

ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រាយ​ការណ៍​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ឡើង​ខ្ពស់​នៅ​ក្នុង​រដ្ឋ​ចំនួន​២​ដែល​មាន​ប្រជា​ពលរដ្ឋ​ច្រើន​បំផុត​ដែលនេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​បិទ​សកម្មភាព​សង្គម​ជា​ថ្មី។

New South Wales ​ដែល​ជា​រដ្ឋ​មាន​ប្រជា​ពលរដ្ឋ​ច្រើន​បំផុត​បាន​រាយ​ការណ៍ការ​ឆ្លង​ចំនួន​៦៨១​ករណី​ក្នុង​ពេល​២៤​ម៉ោង។ ​រដ្ឋ​ Victoria​ បាន​រាយ​ការណ៍ការឆ្លង​ថ្មី​ចំនួន​៥៧​ករណី​នៅ​ក្នុង​ទីក្រុង​Melbourne។​ ទីក្រុង​នេះ​បិទ​សកម្មភាព​សង្គមលើកទី​៦​ដោយសារ​ជំងឺរាតត្បាត​នេះខណៈ​ប្រទេស​អូស្ត្រាលី​ប្រយុទ្ធប្រឆាំង​កំណើន​ថ្មី​នៃ​វីរុស​ប្រភេទ​ដែលតា​(Delta)។​ កាលពី​ថ្ងៃ​ពុធ​អាជ្ញាធរបាន​រក​ឃើញ​ការឆ្លង​ថ្មី​ចំនួន​៧៤៧​ករណី​ដែល​ជា​កំណត់ត្រា​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​នេះ។​

ពលរដ្ឋ​អូស្ត្រាលី​ប្រហែល​២២​ភាគរយ​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ប្រឆាំង​វីរុស​កូរ៉ូណា។​ នេះ​បើ​តាម​សាកល​វិទ្យាល័យ​ Johns Hopkins។​

ខណៈប្រទេស​ជាច្រើន​ខិតខំ​ឲ្យ​បាន​ចាក់​វ៉ាក់សាំង​មួយ​ដូស​ដល់​ពលរដ្ឋ​របស់​ខ្លួន​នោះប្រទេស​ផ្សេង​ទៀត​បាន​ប្រកាស​កម្មវិធីចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ដល់​ប្រជា​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​បំផុត។​

ប្រទេស​អ៊ីស្រាអែល​ដែល​បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ដល់​អ្នក​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើងកាលពី​ខែ​កក្កដា​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​គ្រូ​បង្រៀន​ទាំង​អស់​និង​អ្នក​ដែល​មាន​អាយុ​ចាប់ពី​៤០​ឆ្នាំ​ឡើង​នឹង​អាចចាក់​វ៉ាក់សាំង​ដូស​ជំរុញ។​

ការ​ប្រកាស​នេះ​កើត​មាន​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា​ខ្លួន​នឹង​ចាប់​ផ្តើមចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ដល់ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​នៅ​ខែ​ក្រោយ។​

ការ​ប្រកាស​នេះ​បាន​ប្រឆាំងការ​អំពាវនាវ​របស់​អង្គការ​សុខភាព​ពិភពលោក​ឲ្យ​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​រហូត​ដល់​ប្រជា​ពលរដ្ឋ​លើ​សាកលលោក​កាន់តែ​ច្រើន​ឡើង​បាន​ចាក់​វ៉ាក់សាំង​ដូស​ដំបូង៕​

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មានThe Associated Press, Agence France-Presse និង Reuters)

វីដេអូថ្មីៗបំផុត

XS
SM
MD
LG