ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ថ្កោលទោស​កតិកាសញ្ញា​ការពារ​ជាតិ​ជា​ប្រវត្ដិសាស្ត្រ​រវាង​អូស្ដ្រាលី និង​ជប៉ុន


នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison (ឆ្វេង) និង​ដៃគូ​ជប៉ុនរបស់​លោក​គឺ​​​លោក Yoshihide Suga ចូលរួម​ក្នុង​ជំនួប​មួយ​នៅ​មុន​​ជំនួប​ផ្លូវការ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ​
នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison (ឆ្វេង) និង​ដៃគូ​ជប៉ុនរបស់​លោក​គឺ​​​លោក Yoshihide Suga ចូលរួម​ក្នុង​ជំនួប​មួយ​នៅ​មុន​​ជំនួប​ផ្លូវការ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ​

ប្រទេស​អូស្ត្រាលី និង​ជប៉ុនបាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​កតិកាសញ្ញា​ការពារ​ជាតិ​ជា​ប្រវត្ដិសាស្ត្រ​ ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំង​ពីរ​ពង្រឹង​ចំណង​ផ្នែក​យោធា ក្នុង​អំឡុង​ពេល​ដែល​ភាព​តាន​តឹង​កំពុង​កើន​ឡើង​ជា​មួយ​ប្រទេស​ចិន។ នេះ​ជា​កិច្ច​ព្រមព្រៀង​ដំបូង​បំផុត​របស់​ប្រទេស​ជប៉ុន ដែល​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​របស់​យោធាបរទេស​នៅ​លើទឹក​ដី​របស់​ខ្លួន ចាប់​តាំង​ពី​កិច្ច​ព្រមព្រៀង​ឆ្នាំ ១៩៦០ ដែល​បាន​អនុញ្ញាត​ឲ្យ​សហរដ្ឋអាមេរិក​ដាក់​មូលដ្ឋាន​យោធា​ យន្ត​ហោះ​ចម្បាំង និង​នាវាចម្បាំង​ នៅ​ក្នុងប្រទេស​ជប៉ុន។

កតិកាសញ្ញានេះ​អនុញ្ញាតឲ្យ​កងកម្លាំងយោធាជប៉ុន និង​អូស្ត្រាលី ធ្វើ​ដំណើរ​ទៅ​ប្រទេសទាំង​ពីរ​ ដើម្បី​ហ្វឹកហ្វាត់ និង​ធ្វើ​ប្រតិបត្តិការ​យោធា​រួម​គ្នា។ មន្ត្រី [ប្រទេស​ទាំងពីរ] បាន​ចំណាយ​ពេល​ ៦ឆ្នាំ​ចរចា​កិច្ច​ព្រមព្រៀង​នេះ។ មន្ត្រី​អូស្ត្រាលី​បាន​និយាយ​ថា នេះ​ជា​ «ពេលវេលា​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​អូស្ត្រាលី និង​ជប៉ុន»។​

កិច្ច​ព្រមព្រៀង​ជា​គោលនេះត្រូវ​បាន​ធ្វើ​ឡើង​រវាង​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga និង​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ លោក ​Scott Morrison ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​តូក្យូ។ កតិកាសញ្ញា​នេះ តម្រូវ​ឲ្យ​មានការ​អនុម័ត​ពី​រដ្ឋសភា​ជប៉ុន។

លោក​ Morrison ដែល​ជា​មេដឹកនាំ​ពិភពលោក​ទី​មួយ​ដែល​បាន​ទទួល​ស្វាគមន៍ពី​លោក​ Suga ចាប់​តាំង​ពី​ដែល​លោក Suga ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រីកាល​ពី​ខែ​កញ្ញា បាន​និយាយ​ថា ទំនាក់​ទំនង​ទ្វេភាគី​នេះ​មាន​សារ:​សំខាន់​ណាស់។ លោក​ Morrison បាន​និយាយ​ថា៖
«ប្រទេស​ជប៉ុន​មាន​ទំនាក់​យ៉ាង​ពិសេស​មួយ​ជា​មួយ​ប្រទេស​អូស្រ្ដាលី។ វា​មិន​មែន​ត្រឹម​តែ​ផ្នែក​សេដ្ឋកិច្ច​នោះ​ទេ មិន​មែន​តែ​ពាណិជ្ជកម្ម មិនមែន​តែ​វប្បធម៌ និង​សង្គម​នោះ​ទេ។​ ចំណុចសំខាន់​នោះ​ គឺ​ផ្នែក​យុទ្ធសាស្ត្រ​។ យើង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ការ​ជា​មួយ​គ្នា​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ភាគនិរតី»។​

អ្នកវិភាគមួយ​ចំនួន​បាន​និយាយ​ថា ការ​បង្កើន​ភាពគឃ្លើនរបស់​ចិន​ រួម​ទាំង​នៅ​ក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង និង​ការ​ប្រព្រឹត្តិលើក្រុម​បាតុករគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង អាច​ជា​ប្រធាន​បទសំខាន់​ក្នុង​ការ​ជជែក​គ្នា​ជា​ឯកជន​រវាង​មេដឹកនាំ​អូស្ត្រាលី​ និង​ជប៉ុន។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន បាន​រិះ​គន់កិច្ច​ព្រម​ព្រម​រវាង​អូស្ត្រាលី​ និង​ជប៉ុន​នេះ ដោយ​អះ​អាង​ថា​ ការណ៍​នេះ «ច្បាស់​ណាស់​គឺ​សំដៅ​លើ​ចិន» និង «បន្ត​ធ្វើ​ឲ្យ​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កាន់​តែ​អួអាប់»។

ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ទីក្រុង​ Canberra ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បាន​ធ្លាក់​ដុនដាប​ បន្ទាប់​ពី​ប្រទេស​អូស្ត្រាលី​បាន​ចោទ​ប្រទេស​ចិន ថា​បាន​លូក​ដៃ​ចូល​ក្នុង​នយោបាយ​ក្នុងស្រុក​របស់​ខ្លួន និងបាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​សកល​ពី​ប្រភព​នៃ​ជំងឺ​កូវីដ១៩ ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន​កាល​ពី​ជិត​មួយ​ឆ្នាំ​មុន។

ផលប៉ះពាល់​ធ្ងន់ធ្ងរមក​លើ​អូស្ត្រាលី គឺ​ចិន​បានដាក់​ទណ្ឌកម្មលើផលិត​ផល​នាំ​ចូល​ប្រទេសចិន មួយ​ចំនួន​ដែល​រួម​មាន​ស្រា ស្រូវសាលី និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត។​

ប្រទេស​ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ប្រទេស​អូស្រ្តាលី រីឯ​ប្រទេស​ជប៉ុន​គឺជា​ដៃគូ​ធំ​បំផុត​ទី​ពីរ៕

ប្រែសម្រួល​ដោយលោក សឿន វឌ្ឍនា

XS
SM
MD
LG