ប្រទេសអូស្ត្រាលីនិងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃទី ៧ ខែធ្នូកន្លងទៅនេះដើម្បីឱ្យអូស្ត្រាលីជួយបណ្ដុះបណ្ដាលមន្ត្រីប៉ូលិសថ្មីរាប់ពាន់នាក់នៅក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។ កិច្ចព្រមព្រៀងទ្វេភាគីនេះត្រូវបានគេហៅជាផ្លូវការថាជាក្របខ័ណ្ឌសម្រាប់ទំនាក់ទំនងសន្តិសុខជិតស្និទ្ធជាងមុន (Framework for Closer Security Relations)។
ប្រទេសតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងពីរនេះស្ថិតនៅឆ្ងាយពីគ្នាតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះដោយខណ្ឌចែកពីគ្នាដោយសារច្រកសមុទ្រ Torres ប៉ុន្តែកិច្ចព្រមព្រៀងសន្តិសុខទូលំទូលាយនេះបានធ្វើឱ្យប្រទេសទាំងពីរមានភាពជិតស្និទ្ធជាមួយគ្នាផ្នែកនយោបាយ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese និងនាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេលោក James Marape នៅក្នុងទីក្រុងកង់បេរ៉ានៃប្រទេសអូស្ត្រាលី ហើយត្រូវបានលោក Albanese ហៅថាជាកិច្ចព្រមព្រៀង «ដ៏ទូលំទូលាយនិងជាប្រវត្តិសាស្ត្រ» នៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអូស្ត្រាលី។
នៅក្រោមកិច្ចព្រមព្រៀងនេះ អូស្ត្រាលីនិងជួយផ្ដល់ថវិកាដល់ការជ្រើសរើសមន្ត្រីប៉ូលិសរាប់ពាន់នាក់បន្ថែមទៀតនៅក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេនិងជួយពង្រឹងសេវាតុលាការនិងពន្ធនាគាររបស់ប្រទេសនេះ។
កិច្ចព្រមព្រៀងនេះរួមមាននូវខមួយដែលចែងថាប្រសិនបើប្រទេសណាមួយក្នុងចំណោមប្រទេសទាំងពីរជឿថាខ្លួនកំពុងប្រឈមនឹងការគំរាមកំហែងផ្នែកសន្តិសុខនៅក្នុងតំបន់ នោះភាគីទាំងពីរនឹងប្រឹក្សាយោបល់និងសម្របសម្រួលធ្វើការឆ្លើយតបចំពោះរឿងនេះ។ កិច្ចព្រមព្រៀងនេះមិនបានរារាំងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេមិនឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសផ្សេងទៀតនោះទេ។
កិច្ចព្រមព្រៀងនេះធ្វើឡើងនៅចំពេលដែលមានការប្រជែងគ្នាកើនឡើងដើម្បីជះឥទ្ធិពលនៅទូទាំងតំបន់ប៉ាស៊ីហ្វិក។
កាលពីឆ្នាំមុន ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយជាមួយនឹងប្រទេស Solomon Islands ដែលជាប្រទេសប្រជុំកោះយុទ្ធសាស្ត្រនៅភាគឦសានប្រទេសអូស្ត្រាលី។ អាជ្ញាធរចិនបានអញ្ជើញមន្ត្រីប៉ូលិសជាន់ខ្ពស់មកពីទូទាំងតំបន់ប៉ាស៊ីហ្វិកឱ្យទៅចូលរួមប្រជុំនៅក្នុងប្រទេសចិនកាលពីថ្ងៃទី ៨ ខែធ្នូ ស្របពេលដែលចិនមានបំណងពង្រីកទំនាក់ទំនងផ្នែកពង្រឹងច្បាប់នៅទូទាំងតំបន់ប៉ាស៊ីហ្វិក។
លោក Henry Ivarature ព្រឹទ្ធបុរសរងមហាវិទ្យាល័យសន្តិសុខប៉ាស៊ីហ្វិកនៃសាកលវិទ្យាល័យជាតិអូស្ត្រាលី (Australian National University) បានប្រាប់បណ្ដាញព័ត៌មាន ABC របស់អូស្ត្រាលីកាលពីថ្ងៃទី ៨ ខែធ្នូថា កិច្ចព្រមព្រៀងរវាងប៉ាពូអាស៊ីនូវែលហ្គីណេនិងអូស្ត្រាលីនេះអាចបង្កើនចំណាប់អារម្មណ៍របស់ចិននៅក្នុងតំបន់។
លោកថ្លែងដូច្នេះថា៖ «ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺពិតជាបង្កឱ្យមានការប្រជែងគ្នាផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងតំបន់។ ចិនប្រហែលជាអាចព្យាយាមបង្កើនសកម្មភាពរបស់ខ្លួននៅក្នុងតំបន់។ ជាឧទាហរណ៍ [អាជ្ញាធរ] ចិនបានអញ្ជើញមន្ត្រីប៉ូលិសជាន់ខ្ពស់នានាទៅកាន់ប្រទេសចិន។ យើងនឹងឃើញមានការប្រជែងគ្នាដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់បណ្ដាមេដឹកនាំនៃប្រទេសដីកោះប៉ាស៊ីហ្វិកនានា»។
គេឃើញមានភាពតានតឹងរវាងអូស្ត្រាលីនិងចិនទាក់ទិននឹងបញ្ហាភូមិសាស្ត្រនយោបាយនានាដូចជាលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុងនិងមហិច្ឆតារបស់ចិននៅសមុទ្រចិនខាងត្បូងនិងតំបន់ប៉ាស៊ីហ្វិកជាដើម។
ទំនាក់ទំនងទ្វេភាគីរវាងអូស្ត្រាលីនិងចិនមានភាពប្រសើរឡើងតាំងពីពេលដែលរដ្ឋាភិបាលឆ្វេងនិយមនៅក្នុងប្រទេសអូស្ត្រាលីបានឡើងកាន់អំណាចនៅខែឧសភាឆ្នាំ ២០២២ មក។ រដ្ឋាភិបាលអូស្ត្រាលីនេះមានបំណងចង់ធ្វើឱ្យទំនាក់ទំនងជាមួយនឹងចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបង្អស់របស់អូស្ត្រាលីមានស្ថិរភាពឡើងវិញ។
កាលពីខែឧសភា ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយជាមួយនឹងសហរដ្ឋអាមេរិក ដែលក្នុងនោះរួមមានទាំងការធ្វើវិសិដ្ឋកម្មមូលដ្ឋានយោធាដែលមានតម្លៃប្រហែល ១០ លានដុល្លារផងដែរ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ