រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីអ្នកស្រី Penny Wong បានកោះហៅឱ្យរដ្ឋាភិបាលចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ អ្នកស្រី Wong បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា បន្ទាប់ពីកិច្ចជំនួបជាមួយនឹងរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ក្នុងជំនួបក្រៅផ្លូវការមួយអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិក្នុងក្រុងNew York។
អ្នកស្រី Wong បាននិយាយថា អ្នកស្រីបានចូលរួមក្នុងកិច្ចប្រជុំ «ប្រកបដោយលក្ខណៈស្ថាបនា» មួយជាមួយនឹងរដ្ឋមន្រ្តីការបរទេសចិន។
អូស្រ្តាលីចង់ឱ្យចិនប្រើប្រាស់តំណែងរបស់ខ្លួនជាសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិ ដើម្បីជំរុញឱ្យរដ្ឋាភិបាលក្រុងមូស្គូបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន។
រដ្ឋាភិបាលអូស្រ្តាលីសន្យានឹងបន្តផ្តល់ជំនួយផ្នែកយោធាទៅឱ្យអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើឱ្យជម្លោះនេះកាន់តែតានតឹង តាមរយៈការគំរាមប្រើប្រាស់គ្រប់សព្វាវុធ និងការបញ្ជាឱ្យមានការកេណ្ឌទ័ពបម្រុងទ្រង់ទ្រាយធំ ដែលជាការកេណ្ឌទ័ពលើកដំបូងចាប់តាំងពីសង្រ្គាមលោកលើកទីពីរមក។
រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីអ្នកស្រី Penny Wong បានថ្កោលទោសភាពគឃ្លើនរបស់រុស្ស៊ីនៅក្នុងសុន្ទរកថារបស់អ្នកស្រី កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញាកន្លងទៅនេះ។
អ្នកស្រីថ្លែងថា៖ «ការគំរាមកំហែងទាំងនេះជារឿងមិននឹកស្មានដល់ និងជារឿងខ្វះភាពទទួលខុសត្រូវ។ ការអះអាងរបស់លោក [Putin] ក្នុងការការពារបូរណភាពទឹកដីរបស់លោកគឺ មិនពិតនោះទេ។ គ្មានការធ្វើប្រជាមតិបោកបញ្ឆោតណាមួយនឹងធ្វើឱ្យការអះអាងនេះពិតនោះទេ។ រុស្ស៊ីតែមួយគត់គឺត្រូវទទួលខុសត្រូវចំពោះសង្រ្គាមខុសច្បាប់ និងខុសក្រមសីលធម៌នេះ ហើយសន្តិភាពគឺមាននៅពេលដែលរុស្ស៊ីដកទ័ពពីទឹកដីអ៊ុយក្រែន»។
អូស្រ្តាលីគឺជាប្រទេសដែលមិនមែនជាសមាជិកអង្គការអូតង់ ដែលចូលរួមចំណែកច្រើនជាងគេបង្អស់ផ្នែកជំនួយយោធាទៅកាន់អ៊ុយក្រែន។ ប្រទេសនេះបានបញ្ជូនគ្រាប់មីស៊ីល និងរថពាសដែក ក៏ដូចជាជំនួយមនុស្សធម៌ និងបានដាក់ទណ្ឌកម្មលើអ្នកនយោបាយ មេបញ្ជាការយោធា និងអ្នកជំនួញរុស្ស៊ីរាប់រយនាក់។
មកទល់នឹងពេលនេះ រដ្ឋាភិបាលអូស្ត្រាលីបានចំណាយទឹកប្រាក់ប្រមាណ ២៤០លានដុល្លារដើម្បីផ្តល់ការគាំទ្រផ្នែកសព្វាវុធនិងយោធាទៅដល់អ៊ុយក្រែន។ ហើយចាប់តាំងពីខែកុម្ភៈមក អូស្រ្តាលីបានផ្តល់ទិដ្ឋាការឱ្យជនភៀសខ្លួនអ៊ុយក្រែនជិត ៩.០០០នាក់។
សមាជិកសភាគណបក្សប្រឆាំងនៅអូស្ត្រាលីចង់ឱ្យអូស្ត្រាលីធ្វើតាមសហរដ្ឋអាមេរិក និងបង្កើនជំនួយទៅកាន់អ៊ុយក្រែន។
មន្រ្តីបក្សប្រឆាំងទទួលបន្ទុកលើផ្នែកកិច្ចការការបរទេសនៅអូស្រ្តាលីលោក Simon Birmingham បាននិយាយថា ពិភពលោកត្រូវបន្តដាក់សម្ពាធឱ្យបានខ្លាំងបំផុតទៅលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្រ្តីអង់គ្លេសអ្នកស្រី Liz Truss ក៏បានព្រមព្រៀងក្នុងការបន្តគាំទ្រផ្នែកសេដ្ឋកិច្ចនិងយោធាចំពោះអ៊ុយក្រែនផងដែរ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា
ទីក្រុង Sydney ប្រទេសអូស្ត្រាលី —