ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អូស្ត្រាលី​កំពុង​ប្រយុទ្ធ​ជាមួយ​នឹង​ការផ្ទុះ​ឡើង​ជា​ថ្មី​ទៀត​នៃ​ជំងឺ​កូវីដ១៩


មនុស្សម្នា​ស្ថិត​នៅ​ខាង​ក្រៅ​នៃ​ស្ថានីយ​រថភ្លើង Flinders Street ក្នុង​ពេល​បិទ​សកម្មភាព​សង្គម ដើម្បី​ឆ្លើយតប​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង Melbourne កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។
មនុស្សម្នា​ស្ថិត​នៅ​ខាង​ក្រៅ​នៃ​ស្ថានីយ​រថភ្លើង Flinders Street ក្នុង​ពេល​បិទ​សកម្មភាព​សង្គម ដើម្បី​ឆ្លើយតប​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង Melbourne កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

ទីក្រុង Melbourne ក្នុង​ប្រទេស​អូស្ត្រាលី​ដែល​ត្រូវ​បាន​បិទ​សកម្មភាព​សង្គម កំពុង​ប្រឈម​មុខ​នឹង​ការ​រឹតត្បិត​កាន់តែ​ខ្លាំង​ឡើង នៅ​ពេល​ដែល​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​តែ​បន្ត​កើនឡើង។ ប្រជាពលរដ្ឋ​បាន​ត្រឡប់​ទៅ​ស្ថានភាព​ដែល​សកម្មភាព​សង្គម​ត្រូវ​បាន​បិទ កាលពី​ដើម​ខែ​នេះ ហើយ​អាជ្ញាធរ​បាន​ព្រមាន​ថា ការរាតត្បាត​នេះ នឹង​នៅ​តែ​បន្ត​កើតឡើង ក្នុង​រយៈពេល​យូរ​ទៀត។ ប្រទេស​អូស្ត្រាលី មាន​កំណត់ត្រា​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជាង​១១.០០០នាក់ ហើយ​មនុស្ស​១១៦នាក់​ បាន​ស្លាប់។

ការផ្ទុះ​ឡើង​ថ្មីមួយ​ទៀត​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង Melbourne ដែល​មាន​មនុស្ស​៥លាន​នាក់​រស់នៅ​នោះ បាន​ប៉ះពាល់​ដល់​ជោគជ័យ​កាលពី​ដំបូង​របស់​អូស្ត្រាលី ក្នុង​ការ​ដោះស្រាយ​បញ្ហា​កូវីដ​១៩​នេះ។ ការ​ឆ្លង​រាប់​រយ​ករណី ត្រូវ​បាន​គេ​រាយការណ៍​ជា​រៀងរាល់​ថ្ងៃ។ មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៤២៨​នៅ​ថ្ងៃ​ទី១៧ ខែកក្កដា ដែល​នេះ​ជា​ចំនួន​ប្រចាំ​ថ្ងៃ​ខ្ពស់​ជាង​គេ ចាប់​តាំង​ពី​ការ​រាតត្បាត​បាន​ចាប់​ផ្តើម​ឡើង ហើយ​ករណី​ថ្មី​ចំនួន​២១៧ ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃទី១៨ ខែកក្កដា។ ករណី​ភាគច្រើន គឺ​ជា​ការ​ឆ្លង​នៅ​ក្នុង​តំបន់​ដែល​ស្ថិត​ក្នុង​ការបិទ​សកម្មភាព​សង្គម ដូចជា​ទីកន្លែង​ដែល​បណ្តុំ​ដោយ​មនុស្ស​ច្រើន ដូចជា​នៅ​សាលារៀន និង​ផ្ទះ​ថៃទាំ​ជន​ចាស់​ជរា​ជាដើម​នោះ។

លោក​សាស្ត្រាចារ្យ Brett Sutton គឺ​ជា​ប្រធាន​មន្ត្រី​សុខាភិបាល​ក្នុង​រដ្ឋVictoria។ លោក Brett Sutton បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«វា​ជារឿង​ដ៏​សោកសង្រេង ព្រោះ​ថា នឹង​មាន​មនុស្ស ដែល​ត្រូវការ​ការថែទាំ​យ៉ាង​ដិតដល់ ហើយ​នឹង​មាន​មនុស្ស​ជាច្រើន​នាក់ នឹង​ស្លាប់។ វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ឥរិយាបថ និង​ការ​ប្រែប្រួល​យ៉ាងខ្លាំង បើ​ប្រៀបធៀប​ទៅនឹង​ពេលមុន​នេះ។ តែថ្វីបើ​វា​ដូច្នេះ​ក៏ដោយ ក៏​យើង​មាន​សង្ឃឹម​ថា ចំនួន​នេះ នឹង​នៅ​ថេរ​នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ»។

អភិបាល​រដ្ឋ Victoria លោកDaniel Andrews និយាយ​ថា ប្រសិន​បើ​ចំនួន​ឆ្លង​មិន​នៅ​ថេរទេ​នោះ រដ្ឋ​នឹង​មាន​វិធានការ​បិទ​សកម្មភាព​សង្គម​កាន់​តែ​តឹងរ៉ឹង​ជាង​នេះ​ទៀត។

លោក Daniel Andrews បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«ប្រសិន​បើ​ទិន្ន័យ​បង្ហាញ​ថា យុទ្ធសាស្ត្រ​នេះ​មិន​មាន​ប្រសិទ្ធភាព​លឿន​ដូច​អ្វី​ដែល​យើង​ចង់​បាន​ទេ​នោះ នោះ​យើង​ប្រហែល​ត្រូវ​ប្រើប្រាស់​វិធានការ ​ថ្មី​ហើយ។ វិធានការ ​ថ្មី គឺ​ដើម្បី​ការពារ​លោក​អ្នក។ វិធានការ ​នេះ នឹង​បម្រើ​ផលប្រយោជន៍​យើង​ទាំង​អស់​គ្នា»។

រលក​នៃ​ការ​ឆ្លង​ថ្មី គឺ​បង្ក​ឡើង​ដោយ​ការបំពាន​ផ្នែក​សន្តិសុខ​នៅ​ក្នុង​ប្រព័ន្ធ​ដាក់​មនុស្ស​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​សណ្ឋាគារ​សម្រាប់​អ្នក​ដំណើរ​ដែល​ត្រឡប់​មក​ប្រទេស​អូស្ត្រាលី​វិញ និង​ការប្រមូលផ្តុំ​គ្រួសារ​ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​វិធាន​អនាម័យ និង​ការ​រក្សា​គម្លាត​មិន​ត្រូវ​បាន​គេ​គោរព​តាម។

ករណី​ឆ្លង​រាប់រយ​ត្រូវ​បាន​រកឃើញ​នៅ​បណ្តុំ​អគារ​ស្នាក់​នៅ​រួម នៅ​ក្នុង​តំបន់​ក្រីក្រ​ខ្លាំង​ក្នុង​ក្រុង Melbourne ដែល​នៅ​ទីនោះ អ្នក​ស្រុក​បាន​ត្អូញត្អែរ​ថា ពួកគេ​ត្រូវ​បាន​គេ ចាត់ទុក​ដូចជា​សត្វធាតុ។

ខណៈ​ដែល​វិបត្តិ​នេះ​នៅ​តែ​បន្ត ការ​ធ្វើ​ដំណើរ​រវាង​រដ្ឋ Victoria និង​ផ្នែក​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ​កំពុង​ត្រូវ​បាន​រឹតត្បិត​ខ្លាំង ហើយ​ការ​គ្រប់គ្រង​ព្រំដែន​ដ៏​តឹងរ៉ឹង​ត្រូវ​បាន​គេ​អនុវត្ត។

ការ​ប្រជុំ​សភា​សហព័ន្ធ​បន្ទាប់ ទំនង​នឹង​ត្រូវ​បាន​លុបចោល ដោយសារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នេះ។ អ្នក​តាក់តែង​ច្បាប់ ត្រូវ​បាន​កំណត់​ឱ្យ​ចូលរួម​ប្រជុំ​នៅ​ក្នុង​ទីក្រុង Canberra នៅ​ក្នុង​ខែសីហា​ខាង​មុខនេះ៕

XS
SM
MD
LG