ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសអូស្ត្រាលី​គ្រោងចាប់ផ្តើម​កិច្ចប្រឹងប្រែង​ផលិតថាមពល​កកើត​ឡើងវិញ


រូបឯកសារ៖ របង​មួយ​នៅ​ខាងក្រៅទួប៊ីន​ខ្យល់​នៃ​កសិដ្ឋាន​ Infigen Energy Capital Wind Farm ក្បែរទីក្រង់ Canberra កាលពីថ្ងៃទី​២១ កុម្ភៈ ឆ្នាំ២០១៨។
រូបឯកសារ៖ របង​មួយ​នៅ​ខាងក្រៅទួប៊ីន​ខ្យល់​នៃ​កសិដ្ឋាន​ Infigen Energy Capital Wind Farm ក្បែរទីក្រង់ Canberra កាលពីថ្ងៃទី​២១ កុម្ភៈ ឆ្នាំ២០១៨។

ប្រភព​ថាមពល​កកើត​ឡើង​វិញ​ ​ឥឡូវនេះ​មាន​ចំនួន​៣៥​ភាគរយ​នៃ​អគ្គិសនី​ក្នុង​ប្រទេស​អូស្ត្រាលី។

សេចក្តី​សង្ឃឹម​របស់​រដ្ឋាភិបាល​ថា​នឹង​បង្កើន​ចំនួន​នេះ ​ឱ្យ​កើន​ដល់​៨២​ភាគរយ​នៅ​ឆ្នាំ​២០៣០ ​នឹង​មិន​អាច​សម្រេច​បាន​ទេ។ នេះ​បើ​តាម​សម្តី​របស់​លោក Chris Bowen​ រដ្ឋមន្ត្រី​ទទួលបន្ទុក​ការប្រែប្រួល​អាកាសធាតុ​និង​ថាមពល។

លោក​បាន​ប្រាប់​អ្នកកាសែត​ក្នុង​ស្រុក ​កាលពី​សប្តាហ៍​មុន​ថា ​ការជឿនលឿន​ទៅមុខ​យឺត​ពេក​ ការគ្រប់គ្រង​ផែនការ​តឹងតែង​ពេក ​ហើយ​ថា​វិនិយោគទុនឯកជន​ក្នុង​គម្រោង​ថាមពល​បៃតង ​កំពុង​គាំង​ដំណើរការ។

ក្រុមប្រឹក្សា​ថាមពល​ស្អាត​ ដែល​តំណាង​ឱ្យ​ក្រុមហ៊ុន​ផលិត​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ និង​ក្រុមហ៊ុន​ផលិត​ថាមពល​កកើត​ឡើង​ឯទៀត​នោះ ​បាន​និយាយ​ថា​៦ខែ​ដំបូង​នៃ​ឆ្នាំ​២០២៣ ​មាន​ការចាប់ផ្តើម​យ៉ាងយឺត​បំផុត ​សម្រាប់​ភាពច្បាស់លាស់​លើ​គម្រោង​ថាមពល​បៃតង​តាំងពី​ឆ្នាំ២០១៧​មក។

ជា​ការឆ្លើយតប​ រដ្ឋាភិបាល​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ​ខ្លួន​គ្រោង​នឹង​ពង្រីក​កម្មវិធី​មួយ​ដែល​ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ដោយ​អ្នកបង់ពន្ធ ​ដើម្បី​ជួយ​ដល់​គម្រោង​ផលិត​ថាមពល​ស្អាត​ថ្មីៗ។

ធ្យូងថ្ម​និង​ឧស្ម័ន ​នៅតែ​គ្រប់​ដណ្តប់​លើ​វិស័យ​ថាមពល​នៃ​ប្រទេស​អូស្ត្រាលី ​សម្រាប់​ផលិតអគ្គិសនី​ភាគច្រើន។ ក៏ប៉ុន្តែ​គ្រា​ដែល​ប្រទេស​នេះ​ងាកចេញ​ពី​ប្រេងឥន្ទនៈ​ផូស៊ីល (fossil) ​មាន​ការបារម្ភ​អំពី​អស្ថិរភាព​នៅក្នុង​ប្រព័ន្ធ​ថាមពល ​ក្នុង​អំឡុងពេល​ផ្លាស់ប្តូរ​ទៅប្រើ​ថាមពលកកើត​ឡើង​វិញ។

លោក​ Bowen ​បាន​ប្រាប់​ស្ថានីយ​ទូរទស្សន៍​ ABC ​របស់​អូស្ត្រាលី ​កាលពី​សប្តាហ៍​មុន​ថា ​លោក​គ្រោង​ធ្វើឱ្យ​ការតាំងចិត្ត​ផលិត​ថាមពល​បៃតង​របស់​ប្រទេស​ជាតិ ​មាន​ដំណើរការ​ដូច​ការគ្រោងទុក​ឡើង​វិញ។

លោក​បាន​បន្ថែម​ថា៖

«ក្នុង​រោងចក្រ​ផលិតថាមពល​ដែល​ប្រើប្រាស់​ធ្យូងថ្ម ​ពួក​អ្នកធ្វើការ​កំពុង​បំពេញ​ការងារ​យ៉ាងល្អ​ប្រសើរ ​ដើម្បី​ធ្វើឱ្យ​រោងចក្រ​ទាំងនោះ ​មាន​ដំណើរការ ​ក៏​ប៉ុន្តែ​រោងចក្រ​ទាំងនោះ​កាន់តែ​ចាស់​ទៅ ហើយ​យើង​មាន​ការវិនិយោគទុន​យ៉ាងច្រើន​សន្ធឹក​ លើ​វិស័យ​ថាមពល​កកើតឡើង​វិញ​ នៅក្នុង​ប្រទេស​អូស្ត្រាលី ​ប៉ុន្តែ​យើង​ចង់​សម្រេច​ឲ្យ​បានដើម្បី​វិនិយោគទុនបោះ​ជំហាន​ទៅដល់​ទីបញ្ចប់​ ឱ្យ​បាន​ឆាប់រហ័ស​ជាង​នេះ ​ហើយ​យើង​ចង់​ឱ្យ​បោះ​ជំហាន​ទៅមុខ​ ក្នុង​ការរៀបចំ​ផែនការ​ឱ្យ​បាន​ឆាប់​រហ័ស»។

ប្រទេស​អូស្ត្រាលី​បានធ្វើ​សេចក្តីព្រៀង​ច្បាប់​កំណត់​យក​ឆ្នាំ២០៣០ ​ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូន ​ឱ្យ​បាន​៤៣​ភាគរយ​ធៀប​នឹង​កម្រិត​ឆ្នាំ២០០៥ ​ហើយ​សម្រេច​លុបបំបាត់​ឱ្យ​អស់​រលីង នៅ​ឆ្នាំ២០៥០។

គោលដៅ​ផ្តល់​សេចក្តី​ត្រូវការ​ថាមពល​ ៨២​ភាគរយ ​ដែល​ចេញពី​ប្រភព​ថាមពល​កកើតឡើងវិញ​ នៅ​ឆ្នាំ​២០៣០​នោះ ​មិនមែន​ជា​ការតម្រូវ​តាម​ច្បាប់​ទេ។

លោក Bowen ​ត្រូវគេ​រំពឹង​ថា​នឹង​តំណាងឱ្យ​ប្រទេស​អូស្ត្រាលី​ នៅឯ​កិច្ចប្រជុំ​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​អាកាសធាតុ ​នៅក្នុង​ទីក្រុង Dubai ​ដែល​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ។

មុន​លោក​ Bowen ​ចាកចេញ​ទៅ​ចូលរួម​ក្នុង​សន្និសីទ​កំពូល​នេះ ​លោក​មាន​គម្រោងផ្តល់​សេចក្តី​ថ្លែងការណ៍​មួយ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ប្រចាំ​ឆ្នាំ ​ទៅឱ្យ​សភា​សហព័ន្ធ ​ក្នុង​ទីក្រុង Canberra នៅ​សប្តាហ៍​ក្រោយ។

ប្រទេស​អូស្ត្រាលី​បញ្ចេញ​ឧស្ម័ន​ពី​ការប្រើប្រាស់​ធ្យូងថ្ម ​ក្នុង​ឆ្នាំ២០២២ ​លើស​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក ​ដល់​ទៅ​៤ដង ​បើគិត​តាម​ចំនួន​មនុស្ស។ នេះ​បើ​តាម​អង្គការ​ស្រាវជ្រាវ​ថាមពល​ស្អាត​ មួយ​របស់​ចក្រភព​អង់គ្លេស៕

XS
SM
MD
LG